(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានបញ្ជូនអាវុធ នៃប្រព័ន្ធការពារអាកាសទៅកាន់មូលដ្ឋាន Al-Tanf ឬ Tower 22 ក្នុងទឹកដីស៊ីរី បន្ទាប់ពីមានទាហានអាមេរិក៣រូបបានបាត់បង់ជីវិត និងប្រមាណជាង៤០នាក់ បានរងរបួសដោយសារដ្រូនរបស់សត្រូវ។ ខណៈដែលសហរដ្ឋអាមេរិកកំពុងត្រៀមធ្វើការវាយ ប្រហារសងសឹកទៅវិញនេះ ក្រុមប្រដាប់អាវុធអ៊ីស្លាមមួយក្រុមដែលគេជឿថា ជាប់ពាក់ព័ន្ធនឹង ការវាយប្រហារលើមូលដ្ឋាន Tower 22 នោះ ស្រាប់តែប្រកាសការបញ្ឈប់សកម្មភាពបណ្តោះ អាសន្ន លែងវាយប្រហារដាក់លើកងកម្លាំងសហរដ្ឋអាមេរិកក្នុងតំបន់មជ្ឈិមបូព៌ា។

គួរបញ្ជាក់ថាមុននេះសេចក្តីរាយការណ៍បានបង្ហាញថា ចំនួនទាហានរងរបួសមាន៣៤នាក់ ប៉ុន្តែសេចក្តីរាយការណ៍បន្ថែមចុងក្រោយបាន បញ្ជាក់ថា ចំនួនអ្នករងរបួសបានកើនដល់ជាង៤០នាក់ហើយ។
មូលដ្ឋានAl-Tanf ឬ Tower 22 នោះ កាលពីព្រឹកថ្ងៃអាទិត្យបានរងការវាយប្រហារដោយដ្រូន របស់ ក្រុមសកម្មជនប្រយុទ្ធអ៊ីស្លាមដែលអ៊ីរ៉ង់គាំទ្រ ដែលការវាយប្រហារនោះ បាននាំឱ្យមានការ ដាក់សំណួរលើប្រព័ន្ធអាវុធការពារដែនអាកាស ដែលទុកបណ្តោយឱ្យដ្រូនរបស់សត្រូវ អាចវាយប្រហារដាក់លើមូលដ្ឋានកងទ័ពអាមេរិកកាលពីថ្ងៃអាទិត្យកន្លងមកនេះ។

ស្ត្រីនាំពាក្យ ក្រសួងការពារជាតិអាមេរិកលោកស្រី Sabrina Singh បានថ្លែងថាគេកំពុងពិនិត្យតាមដាន ដើម្បីចង់ដឹងថា តើហេតុអ្វីបានជាដ្រូនរបស់សត្រូវអាចហោះចូលមកទាំងពេលព្រឹក ព្រលឹមថ្ងៃអាទិត្យនោះ ដោយបង្កការស្លាប់និងរ​បួសដល់ទាហានអាមេរិកជាច្រើននេះ។
សេចក្តីរាយការណ៍ខ្លះបាននិយាយថា កងកម្លាំងសហរដ្ឋអាមេរិកប្រហែលជានឹងអាចច្រឡំ ដ្រូនរបស់សត្រូវថា ជាដ្រូនប្រតិបត្តិការអាមេរិកដែលទើបនឹងវិលត្រឡប់មកពីប្រតិបត្តិការវិញ ទើបបានបណ្តោយឱ្យដ្រូនរបស់សត្រូវហោះចូលមកក្នុងមូលដ្ឋានទីដាច់ស្រយាល…ខណៈ មានសេចក្តីរាយការណ៍ខ្លះទៀតបាននិយាយថា ដ្រូនរបស់សត្រូវបានហោះក្នុងកម្ពស់ទាប ហើយស្របពេលដែលមានដ្រូនប្រតិបត្តិការរបស់អាមេរិកបានហោះវិលត្រឡប់មកវិញក្នុង ពេលនោះផងទៀត។​
ក្នុងសំណួរមួយដែលចង់ដឹងថា តើការមិនបាញ់ទម្លាក់ដ្រូនរបស់សត្រូវនោះគឺជាកំហុសរបស់​ទាហានអាមេរិកមែនដែរទេ? ស្ត្រីនាំពាក្យក្រសួងការពារជាតិអាមេរិកលោកស្រី Sabrina Singh បានថ្លែងថា បញ្ជាការដ្ឋានកណ្តាលរបស់សហអាមេរិកកំពុងតែពិនិត្យមើលលើបញ្ហានោះហើយ។
ទោះជាយ៉ាងណាក៏ដោយសេចក្តីរាយការណ៍បានបង្ហាញថាប្រព័ន្ធអាវុធការពារដែនអាកាស ក្នុងមូលដ្ឋាន Tower 22 ដែលមានទាហានពិសេសប្រចាំការប្រមាណ៣៥០នាក់នៅទីនោះ មិនមានភាពខ្លាំងក្លាដូចជាប្រព័ន្ធការពារអាកាសដាក់ពង្រាយក្នុងមូលដ្ឋានអាមេរិកនៅ អ៊ីរ៉ាក់និងស៊ីរីឡើយ។ ។ ប្រព័ន្ធការពារដែនអាកាសទាន់សម័យ ពេលនេះកំពុងត្រូវបានបញ្ជួន ទៅកាន់មូលដ្ឋាន Tower 22 នោះហើយ ដើម្បីសម្រាប់ការបាញ់ស្ទាក់អាវុធរបស់សត្រូវ។

គិតចាប់តាំងពីថ្ងៃទី១៧តុលាឆ្នាំ២០២៣នោះមក, អំពើវាយប្រហាររបស់ក្រុមយុទ្ធជនឥស្លាម មានចំនួនជាង១៧០លើកហើយដែលកំណត់គោលដៅលើកងកម្លាំងអាមេរិកក្នុងអ៊ីរ៉ាក់និងស៊ិរី និងវេលាចុង ក្រោយនេះទៀតដាក់មកលើមូលដ្ឋាន Tower 22 ក្នុងទឹកដីនៃប្រទេសស៊ីរី។
ទាហានអាមេរិកទាំងបីដែលបានបាត់បង់ជីវិត ក្រោយមកត្រូវបានគេបញ្ចេញអត្តសញ្ញាណ រួមមានលោកពលបាល William Jerome Rivers អាយុ៤៦ឆ្នាំនៃរដ្ឋGeorgia, នាយទាហាន Specialist អាយុ២៤ឆ្នាំលោក Kennedy Ladon Sanders នៃរដ្ឋGeorgia និង នាយទាហាន Specialist ម្នាក់ទៀតអាយុ២៣ឆ្នាំឈ្មោះ Breonna Alexsondria Moffet នៃរដ្ឋGeorgia ដដែល នេះផងទៀត។ ទាហានអាមេរិកទាំងបីរូបនេះ ត្រូវបានចូលបំរើក្នុងកងអនុសេនាធំវិស្វកម្ម លេខ៧១៨ នៃកងវរសេនាតូចលេខ៩២៦កងពលវិស្វកម្មនៃមូលដ្ឋាន Fort Moore ក្នុងរដ្ឋ Georgia របស់សហរដ្ឋអាមេរិក។

ការវាយប្រហារដោយដ្រូនរបស់សត្រូវដាក់មកលើមូលដ្ឋាន Tower 22 ត្រូវគេចាត់ទុកថាជា ដ្រូនរបស់ក្រុមសកម្មជនប្រយុទ្ធឥស្លាមដែលអ៊ីរ៉ង់គាំទ្រ​ ខណៈដែលក្រុមក្រុមសកម្មជនប្រយុទ្ធឥស្លាមក្នុងប្រទេសអ៊ីរ៉ាក់ បានប្រកាសការទទួលខុសត្រូវ…ប៉ុន្តែរដ្ឋបាលលោក ចូ បៃដិន ដែលធ្លាប់តែ មានប្រតិកម្មលឿនសងសឹក ក្នុងការវាយប្រហារតបតទៅវិញដាក់លើសត្រូវនោះ ស្រាប់តែ បង្ហាញនូវភាពរារែកក្នុងចិត្ត ជុំវិញថាតើការវាយប្រហារសងសឹកនោះ នឹងត្រូវធ្វើទៅកាន់ទីណា, និងក្រុមណា បើទោះបីជាបានប្រាកដក្នុងចិត្តថាវាជាទង្វើដែលមានប្រទេសអ៊ីរ៉ង់គាំទ្រក៏ដោយ។

រដ្ឋាភិបាលក្រុងតេហេរ៉ង់ បានបដិសេធភាពមិនជាប់ពាក់ព័ន្ធឡើយ ខណៈមន្ត្រីសេតវិមាន លោក John Kirby បានបញ្ជាក់ថាសហរដ្ឋអាមេរិកមិនចង់ស្វែងរកការធ្វើសង្គ្រាមជាមួយនឹង ប្រទេសអ៊ីរ៉ង់ឡើយ បើទោះបីជាបញ្ជាក់ការប្តេជ្ញាសងសឹកតបតទៅវិញយ៉ាងណាក៏ដោយ។ លោក John Kirby ដែលត្រូវបានសួរសំណួរចង់ដឹងថាតើសហរដ្ឋអាមេរិកនឹងត្រូវឆ្លើយតបយ៉ាងណានោះ, លោកបានបញ្ជាក់មកវិញនៅថ្ងៃអង្គារ៍ថា «វាមិនមែនជាចម្លើយងាយស្រួល ដែលត្រូវនិយាយបានភ្លាមនាពេលនេះទេ។ លោកថាប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានជួបប្រជុំជាមួយក្រុមមន្ត្រីសន្តិសុខជាតិដើម្បីថ្លឹងថ្លែងថា រកការសម្រេចចិត្តដ៏ត្រឹមត្រូវ។

សហរដ្ឋអាមេរិកបានស្ថិតក្នុងភាពដែលត្រូវជ្រើសរើសថាការត្រូវវាយបំបាក់ឱ្យសត្រូវខ្លបខ្លាច និងក្តីបារម្ភខ្លាចក្រែងអំពើរាលដាលសង្គ្រាមកាន់តែកើនឡើងនៅក្នុងតំបន់មជ្ឈិមបូព៌ា។
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងថា លោកមិនចង់ឱ្យភាពតានតឹងកើនឡើងក្នុង ឆ្នាំ២០២៤ ដែលកំពុងមានការរៀបចំបោះឆ្នោតប្រធានាធិបតីអាមេរិកឡើយ ប៉ុន្តែលោកក៏មិន ចង់ឱ្យគេចោទដល់រូបលោកថា មានជំហរទន់ចំពោះសត្រូវរបស់អាមេរិកនោះផងដែរជា ពិសេសគឺប្រទេសអ៊ីរ៉ង់តែម្តង។

ប៉ុន្តែភាពបរាជ័យមិនធ្វើសកម្មណាមួយដើម្បីតបតចំពោះការសងសឹកនេះ ត្រូវគេចាត់ទុកថាវា ហាក់ដូចជាការបញ្ជួន សារមួយបង្ហាញភាពទន់ខ្សោយដែលដូចជាកំពុងជម្រុញអំពើវាយប្រ ហារដដែលនេះ កាន់តែកើនឡើងថែមទៀត។ ប៉ុន្តែបើសិនជាធ្វើសកម្មភាពវាយប្រហារខ្លាំងក្លា វាហាក់ដូចជាការឆ្លើយ តបមួយដោយការបញ្ឆេះឱ្យអ៊ីរ៉ង់ និងក្រុមបក្ខពួករបស់គេលោតចូល ក្នុងសង្គ្រាមដែលនឹងកាន់តែរាលដាលធំក្នុងពិភពលោក។

ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារ៍ទី៣០មករាឆ្នាំ២០២៤, លោក ចូ បៃដិន បានបញ្ជាក់ ជុំវិញការសម្រេចចិត្តរបស់លោក ក្នុងការត្រូវតបតទៅវិញចំពោះអំពើវាយប្រហារដោយដ្រូន របស់សត្រូវនោះរបៀបណា។
លោកបានឆ្លើយថា Yes ។ ក្រោយមកទៀត លោក ចូ បៃដិន បានឆ្លើយបន្តមកថា «ខ្ញុំពិតជានឹងឱ្យពួកគេត្រូវទទួលខុសត្រូវក្នុងន័យថា គេបានជួយផ្គត់ផ្គង់អាវុធដល់ក្រុមដែលបានធ្វើសកម្មភាពនេះ»
ប្រទេសអ៊ីរ៉ង់បានបដិសេធថា មិនបានជាប់ពាក់ព័ន្ធនឹងអំពើវាយប្រហារលើមូលដ្ឋាន Tower 22 ឡើយ និងចាត់ទុកថា ការបន្ទោសរបស់សហរដ្ឋអាមេរិកដាក់មកលើអ៊ីរ៉ង់នោះ គឺជារឿងនយោបាយតែប៉ុណ្ណោះ។
ជម្រើសនៃការវាយប្រហារដាក់លើប្រទេសអ៊ីរ៉ង់នេះ ត្រូវក្រុមអ្នកវិភាគបានថ្លែងថាគឺជាការ ជំរុញឱ្យតំបន់និងពិភពលោកកាន់តែឈានទៅរកគ្រោះថ្នាក់កាន់តែខ្លាំង ដែលនឹងអាចធ្វើឱ្យ សង្គ្រាមកាន់តែរាលដាលធំ និងក៏​មិន​មែន​ជា​អ្វី​ដែល​សហរដ្ឋ​អាមេរិកត្រូវការនិងចង់បាននោះឡើយ។

បើសិនជាមានការវាយប្រហារដាក់លើទឹកដីអ៊ីរ៉ង់នេះ គឺជាការជម្រុញឱ្យរដ្ឋាភិបាល សហរដ្ឋអាមេរិកនិងរដ្ឋាភិបាលក្រុងតេហេរ៉ង់លោតចូលក្នុងសង្គ្រាមជាមិនខានឡើយ ខណៈ ដែលសហរដ្ឋអាមេរិកកំពុងជាប់ដៃក្នុងការធ្វើសង្គ្រាម២រួចមកហើយ គឺសង្គ្រាមនៅអ៊ុយក្រែន និងនៅអ៊ីស្រាអែល។
ក្រុមអ្នកវិភាគបាននិយាយថា ទាំងសហរដ្ឋអាមេរិកនិងប្រទេសអ៊ីរ៉ង់សុទ្ធតែបានបង្ហាញការមិនចង់លោតចូលក្នុងសង្គ្រាម ពេញទំហឹងរវាងគ្នាផងនោះទេ។ ម្យ៉ាងទៀតបើសិនជាសង្គ្រាមនេះ នឹងអូសឱ្យអ៊ីរ៉ង់លោតចូលជាបន្ថែមទៀត នោះច្រកសេដ្ឋកិច្ចតាមផ្លូវទឹកដ៏សំខាន់មួយឈ្មោះ Hormuz ដែលជាច្រកដឹកជញ្ជួនប្រេងនិង ឧស្ម័ន្ធធម្មជាតិប្រមាណ២០ភាគរយរបស់ពិភព លោកនឹងត្រូវបិទទៀតជាមិនខានឡើយ។ ប្រការនេះនឹងធ្វើឱ្យប៉ះទង្គិចខ្លាំងណាស់ដល់សេដ្ឋ កិច្ចពិភពលោក, បង្កឱ្យទំនិញនានាកាន់តែឡើងថ្លៃ និងវាកាន់តែបំផ្លាញនូវឱកាសស្វែងរក ជាប់ឆ្នោតសាជាថ្មីរបស់ លោក ចូ បៃដិន នៅសហរដ្ឋអាមេរិកក្នុងខែវិច្ឆិកានោះថែមទៀត។

រដ្ឋមន្ត្រីការបរទេសអ៊ិរ៉ង់លោកHossein Amir-Abdollahian បានថ្លែងកាលពីថ្ងៃអង្គារ៍ថាការចង់ រកដំណោះស្រាយចំពោះវិបត្តិដោយការទម្លាក់កំហុសមកប្រទេសអ៊ីរ៉ង់ គឺជារឿងនយោបាយតែប៉ុណ្ណោះ។ លោកបានថ្លែងថា «ការទូតកំពុងតែធ្វើកិច្ចការយ៉ាងសកម្មលើបញ្ហានេះ»
ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគនយោបាយអ៊ីរ៉ង់លោក Ahmad Zeidabadi បានថ្លែង ថា លទ្ធភាពដែលសហរដ្ឋអាមេរិកនឹងវាយប្រហារដាក់លើគោលដៅរបស់អ៊ីរ៉ង់មិនអាចមើល រំលងបានឡើយ។ ប៉ុន្តែអ្នកវិភាគជាតិអ៊ីរ៉ង់រូបនេះបាននិយាយថា ការវាយប្រហារសងសឹក របស់សហរដ្ឋអាមេរិកនោះ ទំនងនឹងអាចធ្វើដាក់លើមូលដ្ឋានកងកម្លាំងរបស់អ៊ិរ៉ង់លើទឹក ដី នៃប្រទេសផ្សេងៗនោះទៅវិញ ។
នៅក្នុងប្រទេសអ៊ីរ៉ង់នោះវិញ គ្រាន់តែមានសេចក្តីរាយការណ៍បារម្ភខ្លាចក្រែងសហរដ្ឋអាមេរិកវាយ ប្រហារដាក់លើប្រទេសអ៊ិរ៉ង់នោះ លុយ Rial របស់អ៊ិរ៉ង់ស្រាប់តែបានធ្លាក់ចុះថែមទៀត គឺ លុយមួយដុល្លារដែលធ្លាប់ដូរបានតម្លៃ៥៨ម៉ឺន Rial លុយអ៊ីរ៉ង់ បានធ្លាក់ដល់៦០ម៉ឺន Rial នៅតាមតម្លៃទីផ្សារងងឹត។

នៅក្នុងសកម្មភាពដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៀត ខណៈដែលសហរដ្ឋអាមេរិកកំពុងតែត្រៀម រៀបចំធ្វើការវាយប្រហារសងសឹកនោះ, ក្រុមជីវពលឥស្លាមគាំទ្រដោយអ៊ីរ៉ង់និងជាក្រុមដែល មានឥទ្ធិពលបំផុតនៅក្នុងប្រទេសអ៊ីរ៉ាក់ គឺក្រុម Kataib Hezbollah បានប្រកាសកាលពីថ្ងៃ អង្គារផ្អាកប្រតិបត្តិការយោធារបស់ខ្លួន ប្រឆាំងនឹងកងកម្លាំងអាមេរិកនៅក្នុងតំបន់។ ការប្រកាសនេះ បានធ្វើនៅ២ថ្ងៃក្រោយមានហេតុការណ៍វាយប្រហារដ្រូននៅមូលដ្ឋាន Tower 22 នោះមក។
ក្រុម Kataib Hezbollah បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងសួមប្រកាសពី ការផ្អាកប្រតិបត្តិការយោធានិងសន្តិសុខប្រឆាំងនឹងកងកម្លាំងអាមេរិក ដើម្បីការពារភាពអា ម៉ាស់ដល់រដ្ឋាភិបាលអ៊ីរ៉ាក់"»។ មិនមានសេចក្តីរាយការណ៍បញ្ជាក់ច្បាស់ថាតើអ្វីជាភាពអា ម៉ាសរបស់រដ្ឋាភិបាលអ៊ីរ៉ាក់នោះឡើយ។

សេចក្តីប្រកាសដដែលបានបន្តថា «យើងនឹងបន្តការពារប្រជាជនរបស់យើងនៅហ្គាហ្សា តាម វិធីផ្សេងទៀត ហើយយើងសូមណែនាំដល់ក្រុម Mujahideen ដ៏ក្លាហាននៃកងពលតូច ហេស បូឡាហ៍សេរី Free Hezbollah Brigade ត្រូវបន្តការទប់ទល់ការពារខ្លួនប្រសិនបើសកម្មភាព អមិត្តរបស់អាមេរិកបានកើតឡើងចំពោះពួកគេនោះ»

ក្រុម Kataib Hezbollah គឺជាក្រុមដែលគេបានចាត់ទុកថាមានឥទ្ធិពលខ្លាំងក្លាក្នុងកងកម្លាំង Islamic Resistance ក្នុងប្រទេសអ៊ីរ៉ាក់ ហើយក្រុមនេះ ក៏ស្ថិតក្នុងការសង្ស័យជាប់ពាក់ព័ន្ធ បំផុតក្នុងអំពើវាយប្រហារដាក់លើមូលដ្ឋាន Tower 22 កាលពីថ្ងៃអាទិត្យនោះ។
មន្ត្រីនាំពាក្យយោធានៃក្រសួងការពារជាតិអាមេរិក លោកឧត្តមសេនីយ៍ Pat Ryder ក្នុង ចម្លើយតបចំពោះសំណួរជុំវិញសេចក្តីថ្លែងការណ៍របស់ក្រុម Kataib Hezbollah នោះ លោកបានថ្លែងថា “យើងបានឃើញរបាយការណ៍ទាំងនោះ ប៉ុន្តែខ្ញុំ​មិន​មាន​មតិ​ជាក់លាក់​ដើម្បី​ផ្តល់​ឱ្យ​ក្រៅ​ពី​សកម្មភាពដែល​និយាយ​ខ្លាំង​ជាង​ពាក្យ​សម្ដី​នោះ​ទេ»។
លោកឧត្តមសេនីយ៍ Pat Ryder បានថ្លែងថា “ខ្ញុំ​មិន​គិត​ថា​យើងអាច​យល់ច្បាស់នូវរឿងនេះ ជាងអ្វីដែលយើងបាន​អំពាវនាវ​ឲ្យ​ក្រុម​ធ្វើតំណាងប្រទេសអ៊ីរ៉ង់នោះត្រូវបញ្ឈប់ការវាយប្រហារ ដាក់លើកងកម្លាំងសហរដ្ឋអាមេរិកឡើយ…ប៉ុន្តែពួកគេមិនបានបញ្ឈប់ឡើយ…ដូច្នេះហើយ យើងនឹងឆ្លើយតបក្នុងពេលណាមួយតាមការជ្រើសរើសរបស់យើង»

ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅតំបន់ហ្គាហ្សានោះមក, សហរដ្ឋអាមេរិកបានធ្វើការ វាយប្រហារជាបន្តបន្ទាប់របស់ខ្លួនទាំងនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី សំដៅទៅលើក្រុម Kataib Hezbollah និងក្រុមផ្សេងទៀតក្នុងការឆ្លើយតបចំពោះអ្វីដែលក្រុមទាំងនេះ បានវាយប្រហារ ដាក់មកលើទីតាំងនិងផលប្រយោជន៍របស់សហរដ្ឋអាមេរិកក្នុងតំបន់។ ប៉ុន្តែទោះជាមានការ វាយប្រហារខ្លាំងក្លាយ៉ាងណាក៏ដោយ ទីតាំងនិងមូលដ្ឋានរបស់សហរដ្ឋអាមេរិកក្នុងតំបន់ នៅ តែរងការវាយប្រហារដោយកងកម្លាំង Islamic Resistance ក្នុងប្រទេសអ៊ីរ៉ាក់នោះជាដដែល។ លោកឧត្តមសេនីយ៍ Ryder បានថ្លែងកត់សម្គាល់ទៀតថា មានអំពើវាយប្រហារថ្មីៗចំនួន៣ លើកថែមទៀត បន្ទាប់ពីមានព្រឹត្តិការណ៍វាយប្រហារដ្រូនដាក់លើមូលដ្ឋាន Tower 22 ក្នុងទឹក ស៊ិរីនិងហ្សកដង់នោះមក៕