(ញូវដែលី)៖ នាថ្ងៃអង្គារនេះ កងទ័ពជើងទឹកឥណ្ឌាបានឱ្យដឹងថា ខ្លួនបានរំដោះទូកនេសាទអ៉ីរ៉ង់១គ្រឿង ដែលត្រូវចោរសមុទ្រសូម៉ាលីប្លន់ ខណៈវាគឺជាទូកនេសាទអ៉ីរ៉ង់ទី២ ដែលត្រូវបានកងទ័ពជើងទឹកឥណ្ឌាជួយរំដោះ ពីកណ្តាប់ដៃក្រុមចោរសមុទ្រសូម៉ាលី ក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងពីគ្នា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០២៤។
អ្នកនាំពាក្យកងទ័ពជើងទឹកឥណ្ឌា បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា នាវាចម្បាំងឥណ្ឌា INS Sumitra បានបង្ខំឱ្យមានការដោះលែងដោយសុវត្ថិភាព នៃទូកនេសាទអ៉ីរ៉ង់ឈ្មោះ Al Naeemi ព្រមទាំងជនជាតិប៉ាគីស្ថាន១៩នាក់ ដែលជាសមាជិកក្រុមការងារលើទូកនោះ។ ប្រតិបត្តិការជួយសង្រ្គោះ បានប្រព្រឹត្តទៅ កាលពីចន្លោះវេលាយប់ថ្ងៃចន្ទរំលងចូលថ្ងៃអង្គារនេះ នៅចម្ងាយប្រហែលជាង១,៥០០គីឡូម៉ែត្រ ភាគខាងលិចទីក្រុងឥណ្ឌា Kochi។ ក្រុមចោរសមុទ្រសូម៉ាលីសរុប១១នាក់ បានធ្វើសកម្មភាពប្លន់ទូកនេសាទនោះ ហើយចាប់ក្រុមការងារទូក ធ្វើជាចំណាប់ខ្មាំង។ ក្រោយប្រតិបត្តិការជួយសង្រ្គោះ ក្រុមចោរសមុទ្រទាំងនោះ ក៏ត្រូវបានឃាត់ខ្លួន ដោយកងកម្លាំងពិសេសឥណ្ឌា។
គួរបញ្ជាក់ថា ការជួយសង្រ្គោះខាងលើបានកើតឡើង ក្នុងរយៈពេលត្រឹមតែ៣៦ម៉ោងប៉ុណ្ណោះ បន្ទាប់ពីឥណ្ឌាបាននិយាយថា កងកម្លាំងរបស់ខ្លួន បានរំដោះសមាជិកទាំង១៧នាក់ នៃទូកនេសាទអ៉ីរ៉ង់១គ្រឿងផ្សេងទៀត ដែលត្រូវបានក្រុមចោរសមុទ្រសូម៉ាលីប្លន់ដូចគ្នា។ សកម្មភាពវាយប្រហាររបស់ចោរសមុទ្រ នៅក្បែរឆ្នេរប្រទេសសូម៉ាលី បានឈានដល់កម្រិតខ្លាំងក្លាបំផុតកាលពីឆ្នាំ២០១១ ដោយក្រុមខ្មាន់កាំភ្លើង បានហ៊ានបើកការវាយប្រហារចម្ងាយឆ្ងាយៗខ្លាំង រហូតដល់៣,៦៥៥គីឡូម៉ែត្រពីឆ្នេរសូម៉ាលី នៅក្នុងតំបន់មហាសមុទ្រឥណ្ឌា មុនពេលថមថយយ៉ាងគំហុកទៅវិញ បន្ទាប់ពីកងទ័ពជើងទឹកអន្តរជាតិ បានដាកពង្រាយនាវាចម្បាំង ហើយកប៉ាល់ពាណិជ្ជកម្ម ចាប់ផ្តើមប្រើឆ្មាំការពារប្រដាប់ដោយអាវុធ៕
រូបភាពពី AFP