(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានសន្យាថាសហរដ្ឋអាមេរិកនឹងចាត់វិធានការ សកម្មភាពឆ្លើយតបចាំបាច់នានា ដើម្បីការពារកងទ័ពរបស់ខ្លួន ក្រោយទាហានអាមេរិក ៣នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយយន្ដហោះដ្រូន នៅក្នុង ប្រទេសហ្ស៊កដានី បើទោះជារដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន សង្កត់ធ្ងន់ថាមិនចង់មានសង្រ្គាមជាមួយអ៉ីរ៉ង់ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០២៤។

ថ្លែងនៅឯសន្និសីទសារព័ត៌មានមួយនៅមន្ទីរបញ្ចកោណ លោក Lloyd Austin ដែលទើបតែចូលធ្វើការវិញក្រោយទទួលការវះកាត់ជំងឺមហារីក បានគូសបញ្ជាក់ថា លោកប្រធានាធិបតី ចូ បៃដិន និងរូបលោក នឹងមិនអត់ឱនឱ្យជាដាច់ខាតចំពោះការវាយប្រហារលើកងកម្លាំងអាមេរិក ហើយថាអាមេរិកនឹងចាត់វិធានការសកម្មភាព ចំាបាច់នានា ដើម្បីការពារកងទ័ពអាមេរិក។ តែទោះជាយ៉ាងណាក៏ដោយ ក្រុមមន្ត្រីរបស់រដ្ឋបាលលោក បៃដិន បានបញ្ជាក់ថាសហរដ្ឋអាមេរិកមិនមែនកំពុងចង់ធ្វើ សង្រ្គាមជាមួយអ៉ីរ៉ង់នោះទេ រីឯខាងមន្ទីរបញ្ចកោណក៏បានអះអាងដែរថាអ៉ីរ៉ង់ ក៏មិនចង់ធ្វើសង្រ្គាមជាមួយសហរដ្ឋអាមេរិកនោះដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ទាហានអាមេរិក ៣នាក់ត្រូវបានសម្លាប់ និងជាង៤០នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារដោយ យន្ដហោះដ្រូន ដែលលោក បៃដិន អះអាងថាជាស្នាដៃរបស់ក្រុមប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់។ នេះគឺជាការវាយប្រហារដែលបានសម្លាប់ទាហានអាមេរិកដំបូងបំផុត ចាប់តាំងពីសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសផ្ទុះឡើងកាលពីខែតុលា ឆ្នាំ២០២៣មក។ ប៉ុន្តែ អ៉ីរ៉ង់បានបដិសេធថាខ្លួនមិនមានជាប់ពាក់ព័ន្ធនឹង ការវាយប្រហារនេះឡើយ៕

រូបភាពពី Reuters