(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃទី២៨ ខែមករា បានឱ្យដឹងថាទាហានអាមេរិក ៣នាក់ត្រូវបានសម្លាប់ និង៣៤នាក់ផ្សេងទៀត រងរបួសនៅក្នុងការវាយប្រហារដោយយន្ដហោះដ្រូនមួយ លើកងកម្លាំងអាមេរិកឈរជើងនៅភាគឦសាននៃប្រទេសហ្ស៊កដានី ក្បែរព្រំដែនប្រទេសស៊ីរី។ បើតាម មន្ត្រីអាមេរិក ការវាយប្រហារនេះមានគោលដៅលើមូលដ្ឋានទ័ពឈ្មោះ Tower 22 សិ្ថតនៅតំបន់ព្រំដែនរវាងស៊ីរី និងហ្ស៊កដានី ហើយមូលដ្ឋាននេះដែរគឺជា បណ្ដាញមួយដែលជួយគាំទ្រដល់បេសកកម្មអាមេរិកនៅឯមូលដ្ឋានទ័ព Al-Tanf នៅក្នុងប្រទេសស៊ីរី។

លោក បៃដិន បានចោទប្រកាន់ត្រង់ៗថាក្រុមប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ជាអ្នកនៅពីក្រោយការវាយប្រហារនេះ ហើយលោកក៏បានគំរាមសងសឹកវិញផងដែរ។ ប៉ុន្តែ ខាងអ៉ីរ៉ង់ឯណោះវិញបានបដិសេធថាខ្លួនមិនមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារនេះនោះទេ។ នេះជាការវាយប្រហារដំបូងបំផុតដែលបានសម្លាប់ ទាហានអាមេរិក គិតចាប់តាំងពីសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសផ្ទុះឡើង កាលពីខែតុលា ឆ្នាំ២០២៣មក និងកំពុងបង្កើនភាពភ័យខ្លាចពីហានិភ័យនៃ ការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់។

ចាប់តាំងពីសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសផ្ទុះឡើង រដ្ឋបាលលោក ចូ បៃដិន បានប្រកាន់ជំហរប្រយ័ត្នប្រយែងយ៉ាងខ្លាំង ដើម្បីព្យាយាមទប់ស្កាត់កុំឱ្យ សង្រ្គាមក្នុងតំបន់ហ្កាហ្សាផ្ទុះទៅជាសង្រ្គាមក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល។ មិនតែប៉ុណ្ណោះ ក្រុមមន្ត្រីអាមេរិកបាននិយាយជាសាធារណៈថា ពួកគេមិនជឿនោះទេ ថាអ៉ីរ៉ង់ចង់ធ្វើសង្រ្គាមដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក ហើយការវាយប្រហារកាលពីថ្ងៃអាទិត្យ ក៏មិនបានកែប្រែការយល់ឃើញបែបនេះរបស់ពួកគេ នោះដែរ។ ក៏ប៉ុន្តែ ការវាយប្រហារដែលបណ្ដាលឱ្យទាហានអាមេរិក ៣នាក់ស្លាប់ បានធ្វើឱ្យលោក បៃដិន រងសម្ពាធកាន់តែខ្លាំង ប្រឈមមុខនឹងការអំពាវនាវ ពីសំណាក់អ្នកនយោបាយមកពីគណបក្សសាធារណៈរដ្ឋ ឱ្យរដ្ឋបាលរបស់លោកបើកការវាយប្រហារលើអ៉ីរ៉ង់ដោយផ្ទាល់តែម្ដង។

ជាការពិតណាស់ អ្វីដែលគេអាចរំពឹងបាន នោះគឺសហរដ្ឋអាមេរិកនឹងមិនបណ្ដោយឱ្យទាហានរបស់ខ្លួនស្លាប់ទៅដោយទទេៗ មិនមានការសងសឹកវិញនោះទេ។ តែរឿងកាន់តែសំខាន់​ គឺនៅត្រង់ថាតើអ្វីទៅជាការសងសឹករបស់សហរដ្ឋអាមេរិក? លោក Brian Katulis ជាអ្នកវិភាគជាន់ខ្ពស់ម្នាក់មកពីវិទ្យាស្ថាន Middle East Institute បាននិយាយថាលោក បៃដិន កំពុងប្រឈមមុខនឹងជម្រើស «ថាតើលោកចង់ត្រឹមតែបញ្ចេញប្រតិកម្មតបតទៅនឹងព្រឹត្តិការណ៍មួយនៅក្នុងតំបន់ ឬក៏លោកចង់បញ្ជូនសារយ៉ាងសម្បើមមួយទៅកាន់អ៉ីរ៉ង់»? អ្នកវិភាគរូបនេះបន្ថែមថាសហរដ្ឋអាមេរិកអាចនឹងបើកការវាយប្រហារមួយមិនធ្ងន់ធ្ងរជ្រុលពេកដែល នាំឱ្យសង្គ្រាមតំបន់ទាំងមូលផ្ទុះឡើង តែក៏មិនស្រាលពេកដែលនាំឱ្យអ៉ីរ៉ង់ និងបក្ខពួកបានចិត្តនោះដែរ។

នៅត្រង់នេះ សហរដ្ឋអាមេរិកអាចនឹងបើកការវាយប្រហារសងសឹកលើគោលដៅ ឬមូលដ្ឋានរបស់ក្រុមប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់នៅក្នុងប្រទេសស៊ីរី និងអ៉ីរ៉ាក់ ដើម្បីកាត់បន្ថយសមត្ថភាព និងកំញើញកុំឱ្យមានការវាយប្រហារសាជាថ្មីលើកងទ័ពអាមេរិក នៅក្នុងតំបន់។ ការវាយប្រហាររបស់អាមេរិកទៀតសោត ទំនងជានឹង មានគោលដៅលើហេដ្ឋារចនាសម្ព័ន្ធ និងឃ្លាំងស្ដុកអាវុធ ជាពិសេសយន្ដហោះដ្រូនទាំងនៅក្នុងប្រទេសស៊ីរី និងអ៉ីរ៉ាក់។ ក្នុងសេណារីយ៉ូដ៏គ្រោះថ្នាក់មួយទៀត សហរដ្ឋអាមេរិក អាចនឹងវាយប្រហារក្នុងលក្ខណៈទ្រង់ទ្រាយធំមួយ ដើម្បីកំញើញ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ រួមទាំងសមត្ថភាពរបស់ក្រុមប្រដាប់អាវុធគាំទ្រ ដោយអ៉ីរ៉ង់ នៅក្នុងប្រទេសស៊ីរី ឬនៅអ៉ីរ៉ាក់ ឬក៏អាចនៅក្នុងប្រទេសទាំង២នេះតែម្ដង។ ការវាយប្រហារទ្រង់ទ្រាយធំនេះនឹងមិនមានពាក់ព័ន្ធនឹងការបង្កើនចំនួន កងទ័ពអាមេរិកទេ តែគេអាចនឹងបានឃើញថាយន្ដហោះចម្បាំងអាមេរិកនឹងបង្កើនការប្រតិបត្តិការញឹកញាប់ជាងមុន ហើយអាចនឹងមានការបន្ធូរបន្ថយ ការរឹតត្បិតច្រើនជាងមុន ជុំវិញការអនុញ្ញាតក្នុងការវាយប្រហារតាមផ្លូវអាកាសលើគោលដៅ ឬមូលដ្ឋានមានជាប់ទាក់ទងនឹងអ៉ីរ៉ង់។

យ៉ាងណាក៏ដោយ ប្រសិនបើជ្រើសរើសយកការវាយប្រហារទ្រង់ទ្រាយធំណាមួយ រដ្ឋបាលលោក បៃដិន អាចនឹងប្រឈមមុខនឹងការរិះគន់នៅក្នុងសភាជាតិ និងសាធារណៈមតិនៅក្នុងស្រុក។ ដ្បិតការធ្វើប្រតិបត្តិការយោធាស៊ីជម្រៅពេករបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសស៊ីរី និងអ៉ីរ៉ាក់ នៅតែជាទង្វើមិនទទួលបាន ការគាំទ្រភាគច្រើន ហើយក៏អាចបង្កើនហានិភ័យនៃការប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយអ៉ីរ៉ង់ផងដែរ ជាពិសេសក្នុងបរិបទសព្វថ្ងៃដែលអាមេរិក កំពុងបើក យុទ្ធនាការវាយប្រហារតាមផ្លូវអាកាសលើក្រុមឧទ្ទាមហ៊ូទី នៅក្នុងប្រទេសយេម៉ែន។ ម្យ៉ាង រដ្ឋបាលលោក បៃដិន មិនចង់ឱ្យសហរដ្ឋអាមេរិកត្រូវជាប់ផុងក្នុង វិបត្តិមួយនៅក្រៅប្រទេស អំឡុងសល់ពេលជិតមួយឆ្នាំទៀត ការបោះឆ្នោតប្រធានាធិបតីអាមេរិកចូលមកដល់នោះទេ។

លើសពីនេះទៅទៀត ការធ្វើយុទ្ធនាការយោធានៅក្នុងប្រទេសអ៉ីរ៉ាក់ អាចនឹងដុតបញ្ឆេះកំហឹងខឹងស្អប់សហរដ្ឋអាមេរិក នៅក្នុងចំណោមអ្នកនយោបាយជាតិ និយមអ៉ីរ៉ាក់ និងអ្នកមាននិន្នាការគាំទ្រអ៉ីរ៉ង់ ក៏ដូចជាកាន់តែលើកទឹកចិត្តដល់អ្នកនយោបាយទាំងនេះក្នុងការសើរើឡើងវិញនូវភាពជាដៃគូយុទ្ធសាស្ត្ររវាង អាមេរិក និងអ៉ីរ៉ាក់។ ការវាយប្រហាររបស់អាមេរិកនៅអ៉ីរ៉ាក់ថែមទាំងអាចបង្កទៅជាបាតុកម្មប្រឆាំងអាមេរិក ដែលងាយនឹងផ្ទុះទៅជាអំពើហិង្សាប្រឆាំងនឹងអាមេរិក ឬក្រុមហ៊ុនរបស់បណ្ដាប្រទេសលោកខាងលិចទៀតផង។

គួរបញ្ជាក់ថា ស៊ីរី និងអ៉ីរ៉ាក់បានក្លាយជាទីលានវាយប្រហារសងសឹកដាក់គ្នារវាងសហរដ្ឋអាមេរិក និងក្រុមប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ជាយូរណាស់មកហើយ ខណៈអ៉ីស្រាអែលវិញក៏តែងតែវាយប្រហារជារឿយៗលើមូលដ្ឋានរបស់កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ នៅក្នុងប្រទេសស៊ីរីដែរ។ ការវាយប្រហាររបស់អ៉ីស្រាអែល ម្ដងម្កាលបានសម្លាប់ និងធ្វើឱ្យសមាជិកកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់រងរបួស តែមិនដែលបង្កទៅជាសង្រ្គាមរវាងអ៉ីស្រាអែល និងអ៉ីរ៉ង់នោះទេ។

ការវាយប្រហារសងសឹកណាមួយរបស់សហរដ្ឋអាមេរិកទំនងជាមិនអាចកំញើញក្រុមប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ ឬក៏អ៉ីរ៉ង់បានទាំងស្រុងទេ។ ពោលគឺ ពួកគេ អាចនឹងបន្តបើកការវាយប្រហារលើកងទ័ពអាមេរិក តួយ៉ាងដូចជានៅក្នុងប្រទេសអ៉ីរ៉ាក់ ដែលនេះអាចនឹងបង្កើតបានជាការវាយប្រហារដាក់គ្នាទៅវិញទៅមក វិលជុំយូរអង្វែងរវាងភាគីទាំងសងខាង។ ម្លោះហើយ ប្រសិនបើការវាយប្រហារតាមផ្លូវអាកាសត្រូវបានធ្វើឡើងមែន នោះបន្ទាប់ពីនេះ កងកម្លាំងអាមេរិកអាចនឹង ត្រឡប់ទៅរកជំហរការពារវិញ ហើយរង់ចាំទប់ទល់នឹងការវាយប្រហារណាមួយនៅពេលអនាគត៕