(ម៉ានីល)៖ សារព័ត៌មាន CNN Philippines នៅឯប្រទេសហ្វីលីពីន នឹងបញ្ឈប់ប្រតិបត្តិការរបស់ខ្លួន ចាប់ពីថ្ងៃទី៣១ ខែមករានេះតទៅ ដោយសារ «ការខាតបង់ហិរញ្ញវត្ថុ»។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤។

បណ្តាញសារព័ត៌មានខាងលើ ដែលផ្សព្វផ្សាយព័ត៌មានជាចម្បងជាភាសាអង់គ្លេស បានចាប់ផ្តើមធ្វើប្រតិបត្តិការនៅក្នុងប្រទេសហ្វីលីពីន កាលពីឆ្នាំ២០១៥ ក្នុងនាមជា franchise របស់ CNN ដែលជាសារព័ត៌មានដ៏ធំមួយ មានមូលដ្ឋាននៅឯសហរដ្ឋអាមេរិក។ បុគ្គលិករបស់ CNN Philippines ត្រូវបានជូនដំណឹងនាថ្ងៃចន្ទនេះ អំពីការសម្រេចចិត្តបញ្ឈប់ប្រតិបត្តិការផ្សាយនិងផលិតព័ត៌មាន នៅគ្រប់ platform ទាំងអស់។

គួរបញ្ជាក់ថា បើតាមក្រុមហ៊ុន Nine Media Corporation ដែលជាម្ចាស់ CNN Philippines ការសម្រេចចិត្តយ៉ាងដូច្នោះ គឺក្រោយ​ប្រឈមការខាតបង់ហិរញ្ញវត្ថុជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីជាបានខិតខំប្រឹងប្រែងបត់បែន​ក៏ដូចជា​បង្កើតគំនិតច្នៃប្រឌិតថ្មីៗ នៅក្នុងវិស័យសារព័ត៌មាន ដែលកំពុងវិវត្តប្រែប្រួលឆាប់រហ័ស និងមានការប្រកួតប្រជែងខ្លាំង​ យ៉ាងណាក៏ដោយ។ ប្រភពពីបុគ្គលិក CNN Philippines បានបង្ហើបឱ្យដឹងថា ការបិទទ្វារនេះ នឹងប៉ះពាល់ដល់បុគ្គលិកសរុបប្រហែល​៣០០នាក់៕

រូបភាពពី AFP