(ប៉េកាំង)៖ ដើម្បីអបអរសាទរខួបទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងបារាំង អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន រួមជាមួយស្ថានីយទូរទស្សន៍សេដ្ឋកិច្ច BFM របស់បារាំងដោយបានដាក់ចេញ «កម្មវិធីពិសេសស្តីពីកិច្ចសន្ទនាជាន់ខ្ពស់ ដើម្បីអបអរសាទរខួបទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងបារាំង» នៅថ្ងៃទី ២៧ ខែមករា។
ថ្លែងក្នុងសុន្ទរកថា លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានលើកឡើងថា ថ្ងៃនេះ (ថ្ងៃទី ២៧ ខែមករា ) គឺជាទិវារំលឹកខួបទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងបារាំង។ លោកប្រធានរដ្ឋចិន Xi Jinping និងលោក Emmanuel Macron ប្រធានាធិបតីបារាំងបានថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូដោយឡែកពីគ្នាចំពោះខួបទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងបារាំងព្រមទាំងសកម្មភាពពាក់ព័ន្ធ។ ក្រោមការដឹកនាំរបស់ប្រមុខរដ្ឋ នៃប្រទេសទាំងពីរចិននិងបារាំង ភាគីទាំងពីរនឹងធ្វើការផ្លាស់ប្តូរយ៉ាងទូលំទូលាយ និងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន ដូចជា ភាពយន្តនិងកម្មវិធីទូរទស្សន៍ កីឡា អប់រំ ទេសចរណ៍និងបេតិកភណ្ឌវប្បធម៌អរូបី ជាដើមនៅឆ្នាំនេះ។
លើសពីនេះទៅទៀត ឆ្នាំ ២០២៤ នេះ នឹងអបអរទទួលព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកក្រុងប៉ារីស អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នឹងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅ ជាមួយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងគណៈកម្មាធិការរៀបចំ ការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីស ដើម្បីរួមគ្នាកត់ត្រានិងផ្សព្វផ្សាយឱ្យបានល្អនូវការប្រកួតកីឡាដ៏អស្ចារ្យ នៃការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីស៕
ដោយវិទ្យុមិត្តភាពកម្ពុជាចិន