(ប៊ែរឡាំង)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានលើកឡើងពីគ្រោះថ្នាក់ដែលសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែនអាចនឹងផ្ទុះរាលដាលទៅជា សង្រ្គាមលោកលើកទី៣ ខណៈរូបលោកបន្តទទូចឱ្យបណ្ដាប្រទេសលោកខាងលិចបន្តផ្ដល់ជំនួយយោធាសម្រាប់ទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤។

លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ ARD កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «សម្រាប់ខ្ញុំ លោកអធិការបតី (Olaf Scholz) បានដឹងយ៉ាងច្បាស់ពីហានិភ័យនេះ នោះគឺប្រសិនបើរុស្ស៉ីវាយប្រហារលើប្រទេសជាសមាជិក ណាតូណាមួយ វានឹងក្លាយជាការចាប់ផ្ដើមនៃសង្រ្គាមលោកលើកទី៣»

គួរបញ្ជាក់ថា នៅពេលត្រូវបានសាកសួរពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍ដែរថាអាលឺ្លម៉ង់ មិនមានផែនការផ្គត់ផ្គង់មីស៊ីលគ្រូស Taurus សម្រាប់អ៊ុយក្រែន លោក ហ្សេលេនស្គី បាននិយាយថាលោកបានត្រឹមតែសោកស្ដាយប៉ុណ្ណោះ។ ដោយឡែក នៅពេលត្រូវបានសាកសួរផងដែរថាតើការត្រឡប់មកកាន់តំណែងជា ប្រធានាធិបតីអាមេរិកសាជាថ្មីរបស់លោក ដូណាល់ ត្រាំ អាចនឹងធ្វើឱ្យប៉ះពាល់ដល់ការគាំទ្រសម្រាប់អ៊ុយក្រែនដែរឬក៏យ៉ាងណា លោក ហ្សេលេនស្គីឆ្លើយថា គោលនយោបាយរបស់សហរដ្ឋអាមេរិក មិនមែនអាស្រ័យលើតែមនុស្សម្នាក់នោះទេ៕

រូបភាពពី Reuters