(តេហេរ៉ង់)៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanani បាននិយាយនៅថ្ងៃអាទិត្យនេះថា អ្វីដែលបានកើតឡើងនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប វាបានលាតត្រដាងលក្ខណៈ «លាក់ពុត» របស់ក្រុមអ្នកការពារសិទ្ធិមនុស្សមួយចំនួន រួមទាំងរដ្ឋាភិបាលសហរដ្ឋអាមេរិកផងដែរ»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។
លើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X លោក Kanani បានចង្អុលបង្ហាញថា «ជាមួយនឹងការវិវឌ្ឍន៍ស្ថានភាពនៅហ្គាហ្សា មុខមាត់លាក់ពុតរបស់អ្នកតស៊ូមតិសិទ្ធិមនុស្ស រួមទាំងរដ្ឋាភិបាលសហរដ្ឋអាមេរិក ត្រូវបានលាតត្រដាងនៅចំពោះមុខពិភពលោកទាំងមូល»។
អ្នកនាំពាក្យរូបនេះបាននិយាយទៀតថា «ក្នុងចំណោមប្រជាជន ២.២ លាននាក់នៅតំបន់ហ្គាហ្សា មានមនុស្សរហូតដល់ជាង ១.៩ លាននាក់ត្រូវបានផ្លាស់ទីលំនៅ និងគ្មានផ្ទះសម្បែង ហើយជាងមនុស្ស ២៦,០០០ នាក់ត្រូវបានសម្លាប់ ក្នុងនោះមានស្ត្រី និងកុមារប្រហែល ១៨,០០០ នាក់...ដូច្នេះអ្នកគាំទ្រអ៊ីស្រាអែលគួរតែខ្មាសអៀន ចំពោះការធ្លាក់ចុះផ្នែកសីលធម៌ដ៏ខ្លាំងរបស់ពួកគេ ទាក់ទងនឹងជោគវាសនារបស់អ្នកស្រុកហ្គាហ្សា»។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានធ្វើសង្រ្គាមជាមួយក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ បន្ទាប់ពីក្រុមនេះបានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅភាគខាងត្បូងអ៊ីស្រាអែល ដែលបានសម្លាប់មនុស្សប្រហែល ១,២០០ នាក់។ ក្រសួងសុខាភិបាលរបស់ក្រុមហាម៉ាសបាននិយាយនៅថ្ងៃអាទិត្យនេះថា ចំនួនអ្នកស្លាប់ប៉ាឡេស្ទីន ដោយការវាយប្រហាររបស់អ៊ីស្រាអែលដែលកំពុងបន្តលើតំបន់ហ្គាហ្សា បានកើនឡើងដល់ ២៦,៤២២ នាក់៕
រូបភាពពី CGTN