(ហ្សេរុយសាឡឹម)៖ ប្រទេសអ៊ីរ៉ង់បានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា ខ្លួនបានបាញ់បង្ហោះផ្កាយរណបចំនួនបីទៅកាន់ទីអវកាសដោយជោគជ័យ ដែលជាការអភិវឌ្ឍន៍ចុងក្រោយបង្អស់ នៅក្នុងអ្វីដែលលោកខាងលិចបាននិយាយថា ជាការធ្វើឱ្យប្រសើរឡើងដល់កម្មវិធីមីស៊ីលផ្លោងអន្តរទ្វីប របស់ទីក្រុងតេអេរ៉ង់។

ទីភ្នាក់ងារសារព័ត៌មានសាធារណៈរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ IRNA បានគូសបញ្ជាក់ថា ការបាញ់បង្ហោះក៏បានប្រើប្រាស់ដោយជោគជ័យនូវរ៉ុក្កែត Simorgh របស់អ៊ីរ៉ង់ ដែលបានបរាជ័យជាច្រើនលើកកន្លងមកផងដែរ។

គួរបញ្ជាក់ថា កន្លងមកសហរដ្ឋអាមេរិកធ្លាប់បាននិយាយថា ការបាញ់បង្ហោះផ្កាយរណបរបស់អ៊ីរ៉ង់ បានរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយបានអំពាវនាវឱ្យទីក្រុងតេអេរ៉ង់ កុំធ្វើសកម្មភាពពាក់ព័ន្ធនឹងមីស៊ីលផ្លោង ដែលមានសមត្ថភាពបញ្ជូនអាវុធនុយក្លេអ៊ែរ។ ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើកម្មវិធីមីស៊ីលផ្លោងរបស់អ៊ីរ៉ង់ បានផុតកំណត់កាលពីខែតុលា ឆ្នាំមុន។

ការវាយតម្លៃការគំរាមកំហែងសកលឆ្នាំ ២០២៣ របស់សហគមន៍ស៊ើបការណ៍សម្ងាត់អាមេរិកបាននិយាយថា ការអភិវឌ្ឍន៍យានបាញ់បង្ហោះផ្កាយរណប «បានកាត់បន្ថយពេលវេលាសម្រាប់អ៊ីរ៉ង់ ក្នុងការអភិវឌ្ឍមីស៊ីលផ្លោងអន្តរទ្វីប» ព្រោះវាប្រើប្រាស់បច្ចេកវិទ្យាស្រដៀងគ្នា៕

រូបភាពពី Reuters