(យូអិន)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានប្តេជ្ញានៅថ្ងៃអាទិត្យនេះថានឹងទទួលខុសត្រូវ ក្នុងករណីដែលបុគ្គលិករបស់ UN ណាមួយមានជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្ម ប៉ុន្តែទទូចដល់រដ្ឋាភិបាលនានាឲ្យបន្តគាំទ្រទីភ្នាក់ងារជនភៀសខ្លួន UN ប្រចាំដែនដីប៉ាឡេស្ទីន (UNRWA) ដដែល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៨ ឆ្នាំ២០២៤។

ការទទូចរបស់ប្រមុខ UN នាពេលនេះធ្វើឡើងបន្ទាប់ពីប្រទេសចំនួន ៩បានផ្អាកការផ្តល់មូលនិធិសម្រាប់ទីភ្នាក់ងារមួយនេះ ក្រោយលេចលឺដំណឹងថាមានបុគ្គលិកមួយចំនួនជាប់ពាក់ព័ន្ធក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ទៅលើអ៉ីស្រាអែល។

លោក Guterres បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា «បុគ្គលិក UN ណាក៏ដោយដែលពាក់ព័ន្ធនឹងអំពើភេរវកម្ម គឺត្រូវទទួលខុសត្រូវ រួមទាំងតាមរយៈការកាត់ទោសព្រហ្មទណ្ឌផងដែរ។ លេខាធិការដ្ឋានត្រៀមរួចជាស្រេចក្នុងការសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដោយអាចកាត់ទោសបុគ្គលទាំងនោះស្របតាមនីតិវិធីទូទៅរបស់ខ្លួន»

តែព្រមពេលជាមួយគ្នានេះ លោក Guterres បន្ថែមថា «មានបុរស និងស្ត្រីរាប់ម៉ឺននាក់ ធ្វើការឲ្យ UNRWA ដែលភាគច្រើនគឺនៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់បំផុតក្នុងនាមជាបុគ្គលិកមនុស្សធម៌ ហើយមិនគួររងពិន័យទាំងអស់នោះទេ។ តម្រូវការដ៏ចាំបាច់សម្រាប់ប្រជាជនដែលកំពុងអស់សង្ឃឹម និងត្រូវការពួកគេ គួរតែនៅបំពេញដដែល»។

គួរបញ្ជាក់ថា នៅក្នុងការអត្ថាធិប្បាយដោយផ្ទាល់ជុំវិញបញ្ហានេះ លោក Guterres បានផ្តល់ព័ត៌មានលម្អិតអំពីបុគ្គលិករបស់ UNRWA ដែលជាប់ពាក់ព័ន្ធនៅក្នុងទង្វើដែលគួរឲ្យស្អប់ខ្ពើមនេះថា ​ក្នុង​ចំណោម​អ្នក​ជាប់​ពាក់ព័ន្ធ​ ១២នាក់​ នោះ ៩នាក់ត្រូវបញ្ឈប់ពីការងារ ម្នាក់​ត្រូវ​បា​នបញ្ជាក់ថាស្លាប់ ហើយអត្តសញ្ញាណ​របស់​បុគ្គលិក ២នាក់​ទៀត​កំពុង​ផ្ទៀងផ្ទាត់៕

រូបភាពពី Reuters