(សេអ៊ូល)៖ នៅថ្ងៃអាទិត្យនេះ កូរ៉េខាងជើងបានបាញ់មីស៉ីលគ្រូសជាច្រើនគ្រាប់ ដោយយោធាកូរ៉េខាងត្បូងនិយាយថា វាជាសកម្មភាពភាពថ្មីទៀតដែលបង្កឲ្យមានភាពតានតឹងពីសំណាក់រដ្ឋនុយក្លេអ៊ែរមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០២៤។
ការបាញ់នេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបាញ់មីស៉ីលគ្រូសប៉ុន្មានគ្រាប់ ឆ្ពោះទៅកាន់សមុទ្រលឿង ហើយអះអាងថាជាការសាកល្បងលើកដំបូងនៃមីស៉ីលគ្រូសជំនាន់ថ្មីរបស់ខ្លួន។
អគ្គសេនាធិការចម្រុះ បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា យោធារបស់យើងបានរកឃើញមីស៉ីលគ្រូសមិនស្គាល់អត្តសញ្ញាណជាច្រើន ដែលត្រូវបានបាញ់នៅជិតដែនទឹកជុំវិញតំបន់ Sinpo របស់កូរ៉េខាងជើងនៅម៉ោង ៨ព្រឹកថ្ងៃនេះ (ពេលវេលាក្នុងតំបន់)។ ការបាញ់បង្ហោះនេះស្ថិតក្រោមការវិភាគដោយអាជ្ញាធរចារកម្មកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ហើយខ្លួនកំពុងតាមដានយ៉ាងដិតដល់នូវសកម្មភាពបន្ថែមរបស់កូរ៉េខាងជើង។
គួរបញ្ជាក់ថា ខុសពីមីស៉ីលបាលីស្ទីក ការបាញ់សាកល្បងមីស៉ីលគ្រូសមិនត្រូវបានហាមឃាត់ ក្រោមទណ្ឌកម្មបច្ចុប្បន្នរបស់អង្គការសហប្រជាជាតិប្រឆាំងនឹងទីក្រុងព្យុងយ៉ាងនោះទេ៕
រូបភាពពី AFP