(កៀវ)៖ មន្រ្តីក្នុងតំបន់បាននិយាយថា មីស៉ីលរបស់រុស្ស៉ីបានវាយប្រហារចំទីតាំងឧស្សាហកម្មមួយនៅកណ្តាលទីក្រុង Kremenchuk របស់អ៊ុយក្រែន កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ បង្កឲ្យមានអគ្គីភ័យ។ នេះបយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០២៤។

លោក Filip Pronin អភិបាលតំបន់ Poltava បានឲ្យដឹងតាមបណ្តាញតេឡេក្រាមថា មីស៉ីលផ្លោងរបស់រុស្ស៉ីចំនួន២គ្រាប់បានបាញ់ចំគោលដៅនៅក្នុងទីក្រុង ប៉ុន្តែមិន​មាន​មនុស្សរងរបួសនោះទេ។ នៅឯភាគអាគ្នេយ៍នៃតំបន់ Zaporizhzhia មន្រ្តីក្នុងតំបន់ក៏បានឲ្យដឹងផងដែរថា ទីតាំងឧស្សហកម្មមួយបានរងការវាយប្រហារដោយយន្តហោះដ្រូន។ ក្រោយមកក្រុមសង្គ្រោះបន្ទាន់បានទៅដល់កន្លែងកើតហេតុ ប៉ុន្តែមិនមានការផ្តល់ព័ត៌មានអំពីការខូចខាត ឬជនរងគ្រោះនោះទេ។

គួរបញ្ជាក់ថា បើតាមរូបភាព​ចែកចាយលើបណ្តាញសង្គម ​ក្រុម​សង្គ្រោះ​បន្ទាន់​កំពុង​ប្រយុទ្ធ​នឹងអគ្គិភ័យដែលឆាបឆេះក្នុងតំបន់៕