(ឡុងដ៏)៖ ប្រទេសចំនួន ៦នៅអឺរ៉ុបានផ្អាកការផ្តល់មូលនិធិសម្រាប់ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ប្រចាំដែនដីប៉ាឡេស្ទីន (UNRWA) ក្រោយពីមានការចោទប្រកាន់ថាបុគ្គលិកមួយចំនួននៃទីភ្នាក់ងារនេះ ជាប់ពាក់ព័ន្ធក្នុងការវាយប្រហាររបស់ក្រុមហាម៉ាសនៅថ្ងៃទី៧ ខែតុលា ទៅលើអ៉ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០២៤។

កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ អង់គ្លេស អាល្លឺម៉ង់ អ៉ីតាលី ហូឡង់ ស្វីស និងហ្វាំងឡង់ បានចូលរួមជាមួយសហរដ្ឋអាមេរិក អូស្រ្តាលី និងកាណាដា ក្នុងការផ្អាកផ្តល់មូលនិធិដល់ UNRWA ដែលជាប្រភពដ៏សំខាន់សម្រាប់ប្រជាជននៅតំបន់ហ្គាហ្សា។ អគ្គស្នងការរបស់ UNRWA លោក Philippe Lazzarini បានបង្ហោះសារនៅលើបណ្តាញសង្គម X យ៉ាងដូច្នេះថា «ប្រជាជននៅក្នុងតំបន់ហ្គាហ្សា មិនត្រូវការការដាក់ទោសរួមគ្នាបន្ថែមបែបនេះទេ។ ការធ្វើបែបនេះ វាប៉ះពាល់ដល់មនុស្សគ្រប់គ្នានៅទីនេះតែម្តង»

គួរបញ្ជាក់ថា UNRWA បានប្រកាសកាលពីថ្ងៃសុក្រអំពីការបើកការស៉ើបអង្កេតទៅលើបុគ្គលិកជាច្រើននាក់ ជុំវិញភាជាប់ពាក់ព័ន្ធនឹងការវាយប្រហាររបស់ក្រុមហាម៉ាស លើអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ហើយថែមទាំងបានផ្តាច់ទំនាក់ទំនងជាមួយបុគ្គលិកទាំងនោះថែមទៀត។

UNRWA ត្រូវបានបង្កើតឡើងដើម្បីជួយដល់ជនភៀសខ្លួនក្នុងសង្រ្គាមឆ្នាំ ១៩៤៨ដែលបង្កើតបានប្រទេសអ៉ីស្រាអែលនៅពេលនោះ ជាមួយនិងការផ្តល់សេវាអប់រំ សុខភាព រួមទាំងជួយដល់ប្រជាជនប៉ាឡេស្ទីននៅហ្គាហ្សា តំបន់ West Bank ហ៊្សកដានី ស៉ីរី និងលីបង់។ ទីភ្នាក់ងារនេះ បានជួយប្រហែលពីរភាគបីនៃចំនួនប្រជាជន ២.៣លាននាក់នៅហ្គាហ្សា ហើយដើរតួនាទីយ៉ាងសំខាន់អំឡុងសង្រ្គាមអ៉ីស្រាអែល-ហាម៉ាសចាប់តាំងពីថ្ងៃទី៧ ខែតុលាមក៕

រូបភាពពី Reuters