(ព្យុងយ៉ាង)៖ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា កូរ៉េខាងជើងនិងចិន បានឯកភាពគ្នាបន្តពង្រឹង​កិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្ត ហើយការពារផលប្រយោជន៍រួម ក្នុងឱកាសជំនួបពិភាក្សារវាង រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son Hui និងអនុរដ្ឋមន្រ្តីការបរទេសចិន លោក Sun Weidong។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០២៤។

ចំណែកកាលពីថ្ងៃសុក្រ ចិនបានឱ្យដឹងថា ប្រទេសទាំងពីរបានប្តេជ្ញាពង្រឹងទំនាក់ទំនងយុទ្ធសាស្រ្ត នៅគ្រប់កម្រិតទាំងអស់ ហើយបានធានាជាថ្មីនូវគោលជំហរឥតងាករេ លើកិច្ចប្រឹងប្រែងធ្វើឱ្យចំណងទាក់ទងទ្វេភាគី កាន់តែស៉ីជម្រៅខ្លាំងបន្ថែមទៀត ស្របពេលដែលលោក Sun ជួប​សមភាគីកូរ៉េខាងជើងរបស់លោក គឺលោក Pak Myong Ho នៅទីក្រុងព្យុងយ៉ាង។ លោក Sun បានធ្វើដណើរទៅដល់ទីក្រុងព្យុងយ៉ាង កាលពីថ្ងៃព្រហស្បតិ៍។ វាគឺជាការធ្វើប្រាស្រ័យទាក់ទងថ្មីចុងក្រោយ របស់កូរ៉េខាងជើងជាមួយចិននិងរុស្ស៉ី ខណៈខ្លួនកំពុងបង្កើនការប្រឈមមុខ ​ជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។

គួរបញ្ជាក់ថា កូរ៉េខាងជើងបានប្រឹងប្រែងដំឡើង កម្រិតទំនាក់ទំនងជាខ្លាំងជាមួយប្រទេសទាំងពីរ ដែលសុទ្ធតែជាសមាជិកអចិន្រ្តៃយ៍ ​នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាសម្ព័ន្ធមិត្តនឹងគ្នាយូរអង្វែងមកហើយ ខណៈទីក្រុងព្យុងយ៉ាងកំពុងពន្លឿនការអភិវឌ្ឍអាវុធតាក់ទិច និងយុទ្ធសាស្រ្តជាច្រើនប្រភេទ។ ចាប់តាំងតែពីឆ្នាំ២០១៧មក ចិននិងរុស្ស៉ីបានឈប់ចូលរួមតទៅទៀត ក្នុងការដាក់ទណ្ឌកម្មបន្ថែមរបស់ UN ទៅលើកូរ៉េខាងជើង ដោយបានគាំទ្រគោលជំហររបស់កូរ៉េខាងជើង ដែលថាការអភិវឌ្ឍសព្វាវុធទាំងនោះ គឺជាការអនុវត្តសិទ្ធិស្វ័យការពារ៕

រូបភាពពី Reuters