(ប៉េកាំង)៖ "លើពិភពលោកនេះមានចិនតែមួយគត់ បើនិយាយចំពោះខ្ញុំ គោលការណ៍ចិនតែមួយត្រូវបានទទួលស្គាល់ជាទូទៅ ។" "ទេសភាពសមុទ្ររបស់ប្រទេស Nauru គឺ ស្រស់ស្អាតខ្លាំងណាស់ សូមស្វាគមន៍ភ្ញៀវទេសចរចិនឱ្យទស្សនាលេងកម្សាន្ត "។ល។ ប៉ុន្មានថ្ងៃកន្លងទៅនេះ ប្រជាជន Nauru ដែលជាប្រទេសកោះប៉ាស៊ីហ្វិកបាននាំគ្នាសម្តែងការស្វាគមន៍ចំពោះប្រទេសចិននិងប្រទេស Nauru ដែលបានស្តារទំនាក់ទំនងការទូតឡើងវិញ។ នៅពេលមុននេះ សភា Nauru បានអនុម័តដោយសំឡេងឆ្នោតគាំទ្រទាំងស្រុង លើសេចក្តីសម្រេចចិត្តហើយសមាជិកសភាទាំងអស់ បានក្រោកឈរឡើងដើម្បីគាំទ្រប្រទេសខ្លួន "ផ្តាច់ទំនាក់ទំនងការទូត" ជាមួយតំបន់តៃវ៉ាន់ និងស្តារទំនាក់ទំនងការទូតជាមួយប្រទេសចិនឡើងវិញ។ ប្រការទាំងនេះសុទ្ធតែបង្ហាញឱ្យឃើញថា សេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាល Nauru បានបង្ហាញពីគោលបំណងរបស់ប្រជាជនប្រទេសខ្លួន ដែលសមស្របនឹងផលប្រយោជន៍ជាតិ របស់ប្រទេស Nauru ក៏ដូចជាសម្របទៅតាមនិន្នាការប្រវត្តិសាស្ត្រ។

ប្រទេស Nauru បានស្តារទំនាក់ទំនងការទូតជាមួយប្រទេសចិនឡើងវិញ ដោយគ្មានលក្ខខណ្ឌគឺជាការសម្រេចចិត្ត ខាងការទូតដោយឯករាជ្យម្ចាស់ការ ដែលបានបញ្ជាក់ម្តងទៀតថា គោលការណ៍ចិនតែមួយជាគំនិតឯកភាពរួមជាទូទៅ នៃសហគមន៍អន្តរជាតិ។ បន្ទាប់ពីប្រទេសទាំងពីរ ចិននិង Nauru បានចុះហត្ថលេខាលើសេចក្តីប្រកាសរួមស្តីពីការស្តារ ទំនាក់ទំនងការទូតឡើងវិញកាលពីថ្ងៃទី ២៤ ខែមករា នៅលើពិភពលោក មានប្រទេសចំនួន ១៨៣ បានបង្កើតទំនាក់ទំនងការទូត ជាមួយប្រទេសចិន។ ផ្ទុយទៅវិញ អ្វីដែលហៅថា "ប្រទេសសម្ព័ន្ធមិត្ត"របស់អាជ្ញាធរតៃវ៉ាន់សល់ត្រឹមតែ ១២ ប៉ុណ្ណោះ ។ ១៨៣ ធៀបនឹង ១២ នេះគឺជាការគាំទ្រពីប្រជាជននិងជានិន្នាការទូទៅ។

ការស្តារទំនាក់ទំនងការទូតឡើងវិញរវាងប្រទេសចិន និងប្រទេស Nauru បានបំភ្លឺម្តងទៀតនូវសំឡេងរំខានដែលសំដៅចំពោះ សេចក្ដីសម្រេចចិត្តលេខ ២៧៥៨ នៃអង្គការសហប្រជាជាតិ។ មួយរយៈពេលកន្លងមកនេះ អ្នកនយោបាយអាមេរិកមួយចំនួន មានចេតនាអាក្រក់មួលបង្កាច់សេចក្ដីសម្រេចចិត្តនេះ ហើយអះអាងថា វាមិនពាក់ព័ន្ធដល់បញ្ហាសិទ្ធិតំណាងរបស់តំបន់តៃវ៉ាន់ នៅអង្គការសហប្រជាជាតិនោះទេ ដើម្បីបង្កជាលេសសម្រាប់អាជ្ញាធរតៃវ៉ាន់ ក្នុងការពង្រីកនូវអ្វីដែលហៅថា "លំហអន្តរជាតិ" ។ តាមពិតទៅ សេចក្ដីសម្រេចចិត្តលេខ ២៧៥៨ នៃអង្គការសហប្រជាជាតិ បានកំណត់យ៉ាងច្បាស់លាស់ថា នឹងរៀបចំឡើងវិញនូវសិទ្ធិ និងផលប្រយោជន៍ទាំងអស់របស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងអង្គការសហប្រជាជាតិ ហើយតំណាងខុសច្បាប់របស់តំបន់តៃវ៉ាន់ នឹងត្រូវបណ្តេញចេញភ្លាមៗ។ អាចនិយាយបានថា មិនថា លើវិស័យនយោបាយ ផ្លូវច្បាប់ឬក៏របៀបវារៈក៏ដោយ ក៏សេចក្តីសម្រេចចិត្តនេះសុទ្ធតែបានដោះស្រាយទាំងស្រុង នូវបញ្ហាសិទ្ធិតំណាងនៅអង្គការសហប្រជាជាតិរបស់ ប្រទេសចិនដែលបូករួមទាំងតៃវ៉ាន់ផងដែរ។

រដ្ឋាភិបាល Nauru បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា យោងតាមសេចក្តីសម្រេចចិត្តលេខ ២៧៥៨ នៃអង្គការសហប្រជាជាតិ Nauru បានទទួលស្គាល់ថា រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ ដែលតំណាងឱ្យប្រទេសចិន ទាំងមូល តៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ចិនដែលមិនអាចកាត់ផ្តាច់បាន ។ ប្រការនេះបង្ហាញយ៉ាងពេញលេញថា សេចក្ដីសម្រេចចិត្តលេខ ២៧៥៨ នៃអង្គការសហប្រជាជាតិដែលបញ្ជាក់ពី គោលការណ៍ចិនតែមួយគឺជាច្បាប់អន្តរជាតិ ដែលគ្មានកន្លែងសម្រាប់បកស្រាយ ពង្វាងអត្ថន័យនិងការយល់ច្រឡំទេ។

លើសពីនេះទៅទៀត ការស្តារទំនាក់ទំនងការទូតឡើងវិញរវាងប្រទេសចិននិងប្រទេស Nauru បានធ្វើឱ្យពិភពលោកឃើញច្បាស់ ថែមមួយកម្រិតទៀតថា "តៃវ៉ាន់ឯករាជ្យ"គឺ មានតែផ្លូវទ័ល។ ចាប់តាំងពីអាជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យរបស់តៃវ៉ាន់ បានឡើងកាន់អំណាចកាលពីឆ្នាំ ២០១៦ មក មានប្រទេសចំនួន ១០ បានប្រកាស "ផ្តាច់ទំនាក់ទំនងការទូត" ជាមួយតំបន់តៃវ៉ាន់ជាបន្តបន្ទាប់។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ប្រទេស Tuvalu បានលើកឡើងក្នុងពេលផ្តល់បទសម្ភាសន៍ ជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters នាពេលថ្មីៗនេះ ថា តាមការប៉ាន់ប្រមាណ ប្រទេស Tuvalu នឹងគិតពិចារណាឡើងវិញនូវអ្វីដែលហៅថា "ទំនាក់ទំនងការទូត" ជាមួយតំបន់តៃវ៉ាន់។

ការប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ គឺជានិន្នាការទូទៅនិងជាភាពចាំបាច់នៃការអភិវឌ្ឍប្រវត្តិសាស្ត្រ។ អាចប៉ាន់ប្រមាណថា "ប្រទេសសម្ព័ន្ធមិត្ត" របស់អាជ្ញាធរតៃវ៉ាន់មួយចំនួនតូចទាំងនោះ ក៏មុខជានឹងធ្វើការជ្រើសរើសដ៏ត្រឹមត្រូវដែលសម្របទៅតាម ចរន្តប្រវត្តិសាស្រ្ត ក៏ដូចជាសមស្របនឹងផលប្រយោជន៍ផ្ទាល់ខ្លួន ជាក់ជាមិនខាន៕

វិទ្យុមិត្តភាពកម្ពុជាចិន