(មូស្គូ)៖ កាលពីថ្ងៃសុក្រ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា យន្តហោះយោធារុស្ស៉ី១គ្រឿងដែលបានធ្លាក់ នៅក្បែរតំបន់ព្រំប្រទល់ជាប់អ៊ុយក្រែន កាលពីថ្ងៃពុធសប្តាហ៍នេះ គឺពិតជាត្រូវបានបាញ់ទម្លាក់ ដោយកងកម្លាំងរបស់អ៊ុយក្រែនប្រាកដមែន ប៉ុន្តែវាមិនទាន់ច្បាស់ត្រង់ថា ការបាញ់នោះធ្វើឡើងដោយមានចេតនា ឬក៏ដោយសារកំហុស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០២៤។
ទីក្រុងមូស្គូចោទទីក្រុងកៀវថា បានបាញ់ទម្លាក់យន្តហោះយោធារុស្ស៉ីធុន Ilyshin IL-76 នៅឯតំបន់ Belgorod ភាគខាងលិចប្រទេសរុស្ស៉ី ជាហេតុបណ្តាលឱ្យបាត់បង់ជីវិតមនុស្ស ទាំង៧៤នាក់នៅលើនោះ រួមមានទាំង ឈ្លើយសឹកជាទាហានអ៊ុយក្រែន រហូតដល់៦៥នាក់ផងដែរ ដែលត្រូវបានដឹកជញ្ជូន ដើម្បីត្រៀមយកទៅដោះដូរជាមួយឈ្លើយសឹករុស្ស៉ី។ យ៉ាងណាមិញ រុស្ស៉ីមិនទាន់បានបង្ហាញភស្តុតាងជាក់ស្តែង នៅឡើយទេ។
ចំណែកអ៊ុយក្រែនវិញ គឺមិនបានទទួលស្គាល់ឬបដិសេធ ការចោទប្រកាន់របស់រុស្ស៉ីឡើយ ប៉ុន្តែបានតវ៉ាចំពោះការអះអាងរបស់រុស្ស៉ី ជុំវិញអត្តសញ្ញាណអ្នកដែលជិះលើយន្តហោះនោះ និងហេតុការណ៍ដែលបានកើតឡើង។ ទីក្រុងកៀវបានទទួលស្គាល់ថា កាលពីថ្ងៃពុធគឺគ្រោងនឹងមានការដោះដូរឈ្លើយសឹកមែន ប៉ុន្តែរុស្ស៉ីមិនបានជូនដំណឹងដល់ខ្លួនជាមុន ថានឹងមានការដឹកជញ្ជូនឈ្លើយសឹកតាមយន្តហោះ ដូចដែលបានធ្វើពីមុនៗមកឡើយ ខណៈទីក្រុងមូស្គូបាននិយាយថា ខ្លួនបានផ្តល់ដំណឹងឱ្យអ៊ុយក្រែនជាមុន។
ក្នុងការអត្ថាធិប្បាយជាលើកដំបូង ពាក់ព័ន្ធនឹងហេតុការណ៍ខាងលើ លោក ពូទីន បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំមិនទាន់ដឹងច្បាស់ទេ ថាតើពួកគេ (អ៊ុយក្រែន) បានធ្វើរឿងនោះ (បាញ់ទម្លាក់យន្តហោះ) ដោយចេតនា ឬក៏ដោយការភ័ន្តច្រឡំ ប៉ុន្តែអ្វីដែលច្បាស់គឺ ពួកគេជាអ្នកប្រព្រឹត្តរឿងនោះ។ ទោះជាយ៉ាងណាក៏ដោយ វាគឺជាឧក្រិដ្ឋកម្មមួយ មិនថាដោយសារធ្វេសប្រហែស ឬក៏ដោយចេតនាទេ»។
គួរបញ្ជាក់ថា ទាំងអ៊ុយក្រែននិងរុស្ស៉ី សុទ្ធតែកំពុងបើកការស៉ើបអង្កេត ជុំវិញករណីធ្លាក់យន្តហោះនេះដូចគ្នា ខណៈប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវចង់ឱ្យមានការស៉ើបអង្កេតលក្ខណៈអន្តរជាតិមួយ៕
រូបភាពពី Reuters