(ញូវដែលី)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ទីក្រុងញូវដែលីបានប្រកាសឱ្យដឹងថា ឥណ្ឌានិងបារាំងបានព្រមព្រៀងធ្វើការជាមួយគ្នា ស្តីពីការផលិតសម្ភារការពារជាតិរួមគ្នា ដែលមានទាំងឧទ្ធម្ភាគចក្រនិងនាវាមុជទឹកផងដែរ សម្រាប់កងកម្លាំងប្រដាប់អាវុធឥណ្ឌាផ្ទាល់ និងសម្រាប់នាំចេញទៅកាន់ប្រទេសជាមិត្តដទៃទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០២៧។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលទីក្រុងញូវដែលី បានបន្តថា កិច្ចព្រមព្រៀងខាងលើត្រូវសម្រេចបាន អំលុងការបំពេញទស្សនកិច្ចរបស់ ប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលបានជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi និងបានចូលរួមពិធីលាងសាយភោជន៍ ដែលរៀបចំដោយប្រធានាធិបតីឥណ្ឌា លោកស្រី Draupadi Murmu។
សេចក្តីថ្លែងការណ៍ដដែល បានបន្ថែមថា លោក Macron និង លោក Modi បានឯកភាពគ្នាពង្រីកចំណងទាក់ទងទ្វេភាគី ក្នុងវិស័យដូចជា ការផលិតសម្ភារការពារជាតិ ថាមពលនុយក្លេអ៊ែរ ការស្រាវជ្រាវផ្នែកអវកាស និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) សម្រាប់សេវាសាធារណៈ ដូចជាការប្រែប្រួលអាកាសធាតុ សុខាភិបាល និងកសិកម្ម ជាដើម។ យ៉ាងណាមិញ ពុំមានការបញ្ជាក់អំពីទំហំទឹកប្រាក់ នៃកិច្ចព្រមព្រៀងណាមួយឡើយ។
គួរបញ្ជាក់ថា បន្ទាប់ពីរុស្ស៉ី បារាំងគឺជាអ្នកផ្គត់ផ្គង់សព្វាវុធធំជាងគេឱ្យឥណ្ឌា ខណៈទីក្រុងញូវដែលី បានពឹងផ្អែកលើយន្តហោះចម្បាំងរបស់បារាំង អស់រយៈពេលប្រមាណ៤ទសវត្សរ៍មកហើយ។ កិច្ចប្រជុំកំពូលទ្វេភាគីខាងលើ អំលុងទស្សនកិច្ចដែលមានរយៈពេល៤០ម៉ោង របស់លោកប្រធានាធិបតីបារាំង គឺជាជំនួបលើកទី៥ហើយ រវាងលោក Macron និងលោក Modi គិតចាប់តាំងតែពីខែឧសភា ឆ្នាំ២០២៣៕
រូបភាពពី Reuters