(មូស្គូ)៖ វិមានក្រឹមឡាំងកាលពីថ្ងៃសុក្រសប្តាហ៍នេះ បានចេញមុខច្រានចោល សេចក្តីរាយការណ៍មួយរបស់សារព័ត៌មាន Bloomberg ដែលបាននិយាយថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ព្យាយាមទាក់ទងទៅកាន់សហរដ្ឋអាមេរិក ដើម្បីបង្កើតលទ្ធភាពពិភាក្សាគ្នា សំដៅស្វែងរកទីបញ្ចប់ សម្រាប់សង្រ្គាមអូសបន្លាយនៅអ៊ុយក្រែន ហើយលោកអាចនឹងពិចារណាទម្លាក់ចោល ការទាមទារសំខាន់ៗស្តីពី​ស្ថានភាពសន្តិសុខរបស់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០២៤។

សេចក្តីរាយការណ៍របស់ Bloomberg បានអះអាងថា លោក ពូទីន បានព្យាយាមស្ទាបស្ទង់មើលថា តើទីក្រុងវ៉ាស៉ីនតោន ដែលជាអ្នក​គាំទ្រធំជាងគេបង្អស់របស់អ៊ុយក្រែន ត្រៀមលក្ខណៈហើយឬនៅដើម្បីចរចាគ្នា ហើយលោកប្រធានាធិបតីរុស្ស៉ី បានទាក់ទងទៅអាមេរិក តាមច្រកមិនដោយផ្ទាល់។ បន្ថែមពីនេះ ដោយផ្អែកលើប្រភពជិតស្និទ្ធនឹងវិមានក្រឹមឡាំង សារព័ត៌មាន Bloomberg បានរាយការណ៍ទៀតថា លោក ពូទីន ក៏ប្រហែលមានឆន្ទៈពិចាណារទម្លាក់ចោល នូវការទាមទារសំខាន់ៗរបស់ខ្លួនផងដែរ ដូចជាការទទូចឱ្យអ៊ុយក្រែនរក្សាស្ថានភាព​សន្តិសុខអព្យាក្រឹត និងការប្រឆាំងមិនឱ្យអង្គការ NATO ទទួលអ៊ុយក្រែនចូលជាសមាជិក។

នៅពេលត្រូវបានសាកសួរអំពីសេចក្តីរាយការណ៍ខាងលើ ជាពិសេសពាក់ព័ន្ធការបោះបង់ការទាមទាររបស់ទីក្រុងមូស្គូ ជុំវិញបញ្ហាអព្យាក្រឹតភាព និងសមាជិកភាព NATO អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឆ្លើយថា វាមិនដូច្នោះទេ ពោលគឺវាគឺជាសេចក្តីរាយការណ៍មិនត្រឹមត្រូវ ដែលខុសស្រឡះពីការពិតទាំងស្រុង។

គួរបញ្ជាក់ថា សង្រ្គាមនៅអ៊ុយក្រែនបានផ្ទុះឡើង នៅពេលលោក ពូទីន បានបញ្ជាឱ្យកងទ័ពរុស្ស៉ី ចូលឈ្លានពានលើអ៊ុយក្រែន ដែលជា​ប្រទេសជិតខាងភាគខាងលិចរបស់ខ្លួន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈនៅសល់តែមួយខែទៀតប៉ុណ្ណោះ សង្រ្គាមនេះនឹង​អូសបន្លាយដល់ឆ្នាំទី៣ហើយ​ ស្របពេលដែលស្ថានការណ៍នៅតាមសមរភូមិជួរមុខ គឺកំពុងស្ថិតក្នុងសភាពជាប់គាំង៕

រូបភាពពី Reuters