(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា យន្តហោះយោធាចិនសរុបជាង៣០គ្រឿង ត្រូវបានប្រទះឃើញធ្វើប្រតិបត្តិការ នៅក្បែរកោះតៃវ៉ាន់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ដែលវាគឺជាការសម្ញែងសាច់ដុំធំសម្បើមមួយរបស់ចិន គិតចាប់តាំងតៃវ៉ាន់បានបោះឆ្នោតរើសមេដឹកនាំថ្មី កាលពីពាក់កណ្តាលខែមករានេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០២៤។
ក្រសួងការពារជាតិតៃវ៉ាន់ បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមម៉ោង៦ព្រឹកថ្ងៃសៅរ៍នេះ ខ្លួនបានប្រទះឃើញ យន្តហោះយោធាចិនចំនួន៣៣គ្រឿង ព្រមទាំងនាវាយោធា៧គ្រឿង ធ្វើប្រតិបត្តិការនៅក្បែរៗកោះតៃវ៉ាន់។ ក្នុងចំណោមនោះ យន្តហោះ១៣គ្រឿង បានហោះឆ្លងខ្សែបន្ទាត់មេដ្យាននៃច្រកសមុទ្រតៃវ៉ាន់ ដែលពីមុនមកធ្លាប់បម្រើជារនាំងមិនផ្លូវការ រវាងប្រទេសចិននិងតៃវ៉ាន់ ប៉ុន្តែឥឡូវត្រូវបានចិនបញ្ជូនយន្តហោះយោធា ឱ្យហោះឆ្លងកាត់ជាប្រចាំ។ មិនតែប៉ុណ្ណោះ តៃវ៉ាន់ក៏បានប្រទះឃើញបាឡុងចិន២គ្រឿងផងដែរ នៅលើច្រកសមុទ្រតៃវ៉ាន់។
គួរបញ្ជាក់ថា តៃវ៉ាន់ត្រូវចិនចាត់ទុកជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយចិនមិនដែលបោះបង់ចោលជម្រើស នៃការបង្រួបបង្រួមគ្នាវិញជាមួយតៃវ៉ាន់ ដោយត្រូវប្រើប្រាស់កម្លាំងយោធានោះឡើយ។ នៅមុនការបោះឆ្នោតរើសមេដឹកនាំតៃវ៉ាន់ កាលពីថ្ងៃទី១៣ ខែមករានេះ ទីក្រុងប៉េកាំងបានព្រមានថា បេក្ខជនមានប្រជាប្រិយភាពជាងគេ គឺលោក Lai Ching-te ដែលជាមេដឹកនាំរងបច្ចុប្បន្នរបស់តៃវ៉ាន់ ហើយត្រូវចិនហៅថាបុគ្គលចង់បំបែករដ្ឋដ៏គ្រោះថ្នាក់ នឹងនាំមកនូវសង្រ្គាមក៏ដូចជាឱនភាពដល់តៃវ៉ាន់ ប្រសិនបើប្រជាជនតៃវ៉ាន់នាំគ្នាបោះឆ្នោតឱ្យ ទោះបែបនេះក៏ដោយ លោក Lai នៅតែបានទទួលជ័យជម្នះក្នុងការបោះឆ្នោតនោះ ដែលធ្វើឱ្យគណបក្សកាន់អំណាច DPP បន្តឈ្នះសម្រាប់អាណត្តិទី៣ជាប់គ្នា មិនធ្លាប់មានពីមុនមកឡើយ៕
រូបភាពពី Xinhua