(សាណា)៖ នាថ្ងៃសៅរ៍នេះ កងកម្លាំងអាមេរិកបានវាយប្រហារលើ មីស៉ីលប្រឆាំងនាវា១គ្រាប់ទៀត ក្នុងទឹកដីប្រទេសយេម៉ែន ដែលគ្រប់គ្រងដោយក្រុមហ៊ូទី (Houthi) ប៉ុន្មានម៉ោងបន្ទាប់ពី ក្រុមឧទ្ទាមដែលមានអ៉ីរ៉ង់ជាខ្នងបង្អែកមួយនេះ បានប្រើមីស៉ីលវាយប្រហារនិងបង្កជាភ្លើងឆេះ លើកប៉ាល់ដឹកប្រេងមួយគ្រឿងរបស់ចក្រភពអង់គ្លេស នៅឯឈូងសមុទ្រ Aden ជាប់តំបន់សមុទ្រក្រហម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០២៤។
យោធាអាមេរិកបានឱ្យដឹងថា កងកម្លាំងរបស់ខ្លួនបានបើកការវាយប្រហារថ្មីទៀត លើនាវាប្រឆាំងមីស៉ីលរបស់ក្រុមហ៊ូទី ដែលត្រូវបានតម្រង់ទៅកាន់សមុទ្រក្រហម ហើយបម្រុងនឹងបាញ់ចេញ។ កាបើតាមយោងតាមអ្នកនាំពាក្យ របស់យោធាពួកហ៊ូទី គឺកាលពីយប់ថ្ងៃសុក្រសប្តាហ៍នេះ កងកម្លាំងជើងទឹករបស់ពួកគេ បានបាញ់មីស៉ីលចំលើកប៉ាល់ដឹកប្រេងអង់គ្លេស១គ្រឿង ឈ្មោះ Marlin Luanda ហើយបង្កឱ្យមានភ្លើងឆាបឆេះកប៉ាល់នោះ។ យោធាអាមេរិក បានទទួលស្គាល់ថា កប៉ាល់អង់គ្លេសពិតជាបានរងការវាយប្រហារ ប៉ុន្តែពុំមានសេចក្តីរាយការណ៍ពី មនុស្សរងគ្រោះថ្នាក់ទេ។
គួរបញ្ជាក់ថា ក្នុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ កងកម្លាំងយោធារបស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានរួមគ្នាបើកការវាយប្រហារតាមផ្លូវអាកាស ដែលសំដៅកាត់បន្ថយសមត្ថភាពរបស់ក្រុមហ៊ូទី ក្នុងការកំណត់គោលដៅ វាយប្រហារលើកប៉ាល់ពាណិជ្ជកម្ម ធ្វើដំណើរឆ្លងកាត់តំបន់សមុទ្រក្រហម ដែលជាច្រកផ្លូវសមុទ្រដ៏សំខាន់។ ក្រុមឧទ្ទាមយេម៉ែនបានអះអាងថា សកម្មភាពរបស់ពួកគេ គឺដើម្បីគាំទ្រជនជាតិប៉ាឡេស្ទីន ដែលកំពុងរងគ្រោះដោយសារ សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន នៅឯតំបន់ Gaza Strip៕
រូបភាពពី AFP