(ប៉េកាំង)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ទីក្រុងប៉េកាំងបានប្រកាសឱ្យដឹងថា កាលពីឆ្នាំ២០២២ ខ្លួនបានផ្តន្ទាទោសជនជាតិអង់គ្លេសម្នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ សម្រាប់ការប្រព្រឹត្តសកម្មភាពស៉ើបការណ៍សម្ងាត់។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០២៤។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយថា តុលាការនៅទីក្រុងប៉េកាំង កាលពីឆ្នាំ២០២២ បានសម្រេចកាត់ទោសចុងចោទជនជាតិអង់គ្លេសខាងលើ ដាក់ពន្ធនាគារ៥ឆ្នាំ សម្រាប់បទល្មើស នៃការប្រមូលព័ត៌មានសម្ងាត់ដោយខុសច្បាប់ យកទៅឱ្យតួអង្គនៅឯក្រៅប្រទេស។ លោក Wang បានបន្តថា ក្រោយការដាក់ពាក្យបណ្តឹងឧទ្ធរណ៍ សាលក្រមសំណុំរឿងនេះ ត្រូវបានតុលាការសម្រេចតម្កល់ឱ្យនៅដដែល កាលពីខែកញ្ញា ឆ្នាំ២០២៣។
គួរបញ្ជាក់ថា វាគឺជាការទទួលស្គាល់ផ្លូវការ ពីសំណាក់រដ្ឋាភិបាលទីក្រុងប៉េកាំង បន្ទាប់ពីក្នុងសប្តាហ៍នេះ កាសែតអាមេរិក Wall Street Journal បានរាយការណ៍ពី សំណុំរឿងពាណិជ្ជករជនជាតិអង់គ្លេសម្នាក់ ឈ្មោះ Ian Stones ដោយយោងតាមប្រភពពីគ្រួសារលោកផ្ទាល់ និងពីប្រភពដទៃទៀតថា រូបលោកបានបាត់ខ្លួនតាំងតែពីឆ្នាំ២០១៨ ក្រោយបំពេញការងាររាប់ទសវត្សរ៍ នៅឯប្រទេសចិន៕