(កៀវ)៖ ទីប្រឹក្សា​ការទូត​ជាន់ខ្ពស់​របស់​ប្រធានាធិបតីអ៊ុយក្រែន បាន​និយាយ​ថា អ៊ុយក្រែនបានអញ្ជើញប្រធានាធិបតីចិន លោក Xi Jinping ឱ្យចូលរួមក្នុង «កិច្ចប្រជុំកំពូលសន្តិភាព» នៃមេដឹកនាំពិភពលោក ដែលគ្រោងនឹងធ្វើឡើងនៅក្នុងប្រទេសស្វីស ខណៈដែលខួប២ឆ្នាំ នៃការឈ្លានពានរបស់រុស្ស៊ីកាន់តែខិតជិតមកដល់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។

លោក Ihor Zhovkva បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ក្នុងបទសម្ភាសន៍មួយនៅសប្តាហ៍នេះថា «យើងពិតជាអញ្ជើញប្រទេសចិនឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ នៅកម្រិតខ្ពស់បំផុតដែលជាកម្រិតប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន»។ លោកបានបន្ថែមថា «ការចូលរួមរបស់ចិននឹងមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យើង។ យើងកំពុងធ្វើការជាមួយភាគីចិន។ យើង​មាន​ការ​ចូលរួម​ពី​ដៃគូ​របស់​យើង​នៅទូទាំង​ពិភពលោក ដូច្នេះ​ពួកគេ​អាចបង្ហាញ​ដល់​ភាគី​ចិន​ អំពី​សារៈសំខាន់​នៃ​ការ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​បែបនេះ»។

គួរបញ្ជាក់ថា ​ប្រទេសចិនមានទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី និងបានបដិសេធ មិនរិះគន់ការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន ប៉ុន្តែក៏បាននិយាយថា អធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសទាំងអស់ត្រូវតែគោរព។

ប្រធានាធិបតីចិន លោក Xi និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រកាសពីភាពជាដៃគូ «គ្មានព្រំដែន» នៅក្នុងទីក្រុងប៉េកាំងត្រឹមតែបីសប្តាហ៍ប៉ុណ្ណោះ មុនពេលការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននៅថ្ងៃទី ២៤ ខែកុម្ភៈឆ្នាំ ២០២២។ ចាប់តាំងពីពេលនោះមក ប្រទេសចិនបានបង្កើនការនាំចូលថាមពលពីរុស្ស៊ីយ៉ាងច្រើនសន្ធឹកសន្ធាប់៕

រូបភាពពី Reuters