(ឡាអេ)៖ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅថ្ងៃសុក្រសប្តាហ៍នេះ បានបញ្ជាឱ្យអ៊ីស្រាអែល ចាត់វិធានការទប់ស្កាត់ និងដាក់ទណ្ឌកម្ម ចំពោះអំពើប្រល័យពូជសាសន៍លើជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។

នៅក្នុងសេចក្តីសម្រេចដ៏សំខាន់មួយ ចៅក្រមចំនួន​១៥ ក្នុងចំណោម ១៧ រូប បានបោះឆ្នោតគាំទ្រវិធានការបន្ទាន់ ដែលគ្របដណ្តប់ភាគច្រើនលើអ្វីដែលអាហ្វ្រិកខាងត្បូងបានស្នើសុំ លើកលែងតែបទបញ្ជាឱ្យបញ្ឈប់សកម្មភាពយោធាអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាប៉ុណ្ណោះ ដែលមិនបានលើកឡើង។

នៅក្នុងសេចក្តីសម្រេចនៅថ្ងៃសុក្រនេះ ចៅក្រមបាននិយាយថា អ៊ីស្រាអែលត្រូវតែចាត់វិធានការទាំងអស់នៅក្នុងអំណាចរបស់ខ្លួន ដើម្បីការពារ និងដាក់ទណ្ឌកម្មកងទ័ពរបស់ខ្លួន ពីការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ហើយត្រូវតែចាត់វិធានការដើម្បីកែលម្អស្ថានភាពមនុស្សធម៌នៅទីនោះ។

តុលារបានលើកឡើងយ៉ាងដូច្នេះថា «រដ្ឋអ៊ីស្រាអែលត្រូវចាត់វិធានការទាំងអស់នៅក្នុងអំណាចរបស់ខ្លួន ដើម្បីទប់ស្កាត់ទង្វើទាំងអស់ ដែលធ្លាក់ក្នុងវិសាលភាពនៃមាត្រា ២ នៃអនុសញ្ញាប្រល័យពូជសាសន៍ ឆ្នាំ១៩៤៨»។

ទោះបីជាយ៉ាងនេះក្តី ជាតុលាការយុត្តិធម៌អន្តរជាតិ (ICJ) មិនបានបញ្ជាឱ្យមានបទឈប់បាញ់នៅហ្គាហ្សាឡើយ ប៉ុន្តែខ្លួនបាននិយាយថា ខ្លួននឹងមិនច្រានចោលបញ្ហាប្រល័យពូជសាសន៍នោះទេ ដោយសម្រេចថា ប៉ាឡេស្ទីនជាក្រុមមួយដែលត្រូវទទួលបានការការពារ ក្រោមអនុសញ្ញាប្រល័យពូជសាសន៍ឆ្នាំ ១៩៤៨។ តុលាការ​ក៏​បាន​និយាយ​ដែរ​ថា ខ្លួន​បាន​ទទួល​ស្គាល់​សិទ្ធិ​របស់​ប្រជាជន​ប៉ាឡេស្ទីន​នៅ​ហ្គាហ្សា​ ដែលត្រូវបាន​ការពារ​ពី​អំពើ​ប្រល័យពូជសាសន៍។

គួរបញ្ជាក់ថា អាហ្វ្រិកខាងត្បូង កាលពីចុងខែធ្នូកន្លងទៅនេះ បានដាក់ពាក្យបណ្ដឹងមួយទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ជុំវិញ ការចោទប្រកាន់ថាអ៉ីស្រាអែលបានប្រព្រឹត្តបទប្រល័យពូសាសន៍ប្រឆាំងជនជាតិប៉ាឡេស្ទីន នៅក្នុងសង្រ្គាមរបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស នៅក្នុងតំបន់ហ្កាហ្សា ព្រមទាំងបានស្នើឱ្យតុលាអន្តរជាតិមួយនេះ បញ្ជាឱ្យអ៊ីស្រាអែលបញ្ឈប់សកម្មយោធារបស់ខ្លួនជាបន្ទាន់៕