(ហ្សេរ៊ុសាឡិម)៖ ការប្រយុទ្ធគ្នាយ៉ាងសាហាវនៅក្នុងទីក្រុង Khan Younis នៃតំបន់ហ្គាហ្សា នៅតែបន្តខណៈទីក្រុងភាគខាងត្បូង ត្រូវបានឡោមព័ទ្ធជុំជិតដោយកងកម្លាំងអ៉ីស្រាអែល ជាមួយការបាញ់ដោយកងកម្លាំងថ្មើរជើង អមដោយរថក្រោះ និងការវាយប្រហារតាមផ្លូវអាកាសឥតឈប់ឈរផងដែរ បណ្តាលឲ្យជនស៊ីវិលបន្តស្លាប់និងរបួស។ ខណៈសង្គ្រាមឈានចូលដល់ថ្ងៃទី១១២មកនេះ តួលេខពលរដ្ឋប៉ាឡេស្ទីនស្លាប់ បានកើនដល់២ម៉ឺន៥ពាន់៩០០នាក់ និងអ្នករងរបួសមានចំនួន ៦ម៉ឺន៤ពាន់១១០នាក់។ រថក្រោះអ៊ីស្រាអែល បានធ្វើការវាយលុកក្នុងតំបន់ជុំវិញមន្ទីរពេទ្យចំនួនពីរ ក្នុងទីក្រុង Khan Younis ភាគខាងត្បូងនៃទីក្រុង Gaza ដោយបង្ខំឱ្យប្រជាជនភៀសខ្លួន ត្រូវផ្លាស់ប្តូរទីកន្លែងស្នាក់នៅដើម្បីស្វែងរកទីជំរកសុវត្ថិភាព។ នេះជាការវាយប្រហារដ៏ខ្លាំងមួយទៀត របស់អ៊ីស្រាអែលដាក់លើក្រុមសកម្មជនប្រយុទ្ធហាម៉ាសក្នុងក្រុង Khan Younis។ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា គេបានចាប់ខ្លួនយុទ្ធជនហាម៉ាសប្រមាណជាង ១០០នាក់ក្នុងប៉ុន្មានថ្ងៃមកនេះ ដែលរួមមានទាំងយុទ្ធជនហាម៉ាសខ្លះ បានសារភាពចុះចាញ់ក្រោយការលាក់ខ្លួនក្នុងរូងក្រោមដី។

លោក Yoav Gallant បានថ្លែងទៀតថា ហាម៉ាសមានមនុស្សស្លាប់ច្រើនរយនាក់ទៀត ដែលស្ថិតក្រោមរូងក្រោមដីរបស់ពួកគេនោះ។ មន្ត្រីសុខាភិបាលហ្គាហ្សាបាននិយាយថា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន៥០ នាក់ត្រូវបានសម្លាប់ នៅក្នុងក្រុង Khan Younis នារយៈពេល២៤ម៉ោងចុងក្រោយនេះ ក្នុងនោះរួមទាំងកុមារពីរនាក់ផងដែរ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។ ភាគច្រើននៃប្រជាជន២លាន៣សែននាក់នៅហ្គាហ្សាស្ទ្រីបនាពេលនេះ ត្រូវបានផ្តុំមកក្នុងក្រុង Khan Younis ទាំងមូល ដោយខ្លះរត់ទៅជ្រកក្នុងតំបន់ភាគខាងត្បូង និងខ្លះបានរត់ទៅជ្រកក្នុងតំបន់ភាគជើងនៃក្រុង Khan Younis ដោយសារតែការវាយប្រហារបានកើតឡើងពាសពេញទីនោះ ដែលពួកគេមិនមានកន្លែងសុវត្ថិភាពណាទៀតដែលអាចរត់គេចចេញបាន ខណៈ សង្គ្រាមបានឈានចូលថ្ងៃ១១២ហើយ គិតត្រឹមថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤។ កងកម្លាំងអ៊ីស្រាអែលបានឡោមព័ទ្ធទីក្រុង Khan Younis ដែលអ៊ីស្រាអែលជឿថាជាសំបុកធំចុងក្រោយរបស់មេខ្លោងក្រុមហាម៉ាស និងក៏ជាកន្លែងសង្ស័យលាក់ទុកចំណាប់ខ្មាំង។ ក្រុមគ្រូពេទ្យប៉ាឡេស្ទីន បាននិយាយថា រថក្រោះអ៊ីស្រាអែលបានវាយកាត់ផ្តាច់មិនឱ្យមានទំនាក់ទំនង និងរថក្រោះបានធ្វើការបាញ់ផ្លោង ដាក់លើគោលដៅជុំវិញមន្ទីរពេទ្យធំ ២ ដែលកំពុងមានដំណើរការគឺមន្ទីរពេទ្យ Nasser និង Al-Amal ដោយធ្វើឱ្យក្រុមគ្រូពេទ្យ អ្នកជំងឺ និងជនភៀសខ្លួនមិនអាចចាកចេញបានពីទីនោះឡើយ ខណៈការបាញ់ផ្លោងត្រូវបានធ្វើចូលមកខាងក្នុង និងនៅក្បែរមន្ទីរពេទ្យនោះថែមទៀត។

អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល Gaza លោក Ashraf Al-Qidra បាននិយាយថា តំបន់ជុំវិញនៃមន្ទីរពេទ្យ Nasser Medical Complex បានរងនូវការបាញ់ផ្លោងកាំភ្លើងធំយ៉ាងខ្លាំង ហើយកងកម្លាំងអ៊ីស្រាអែល បានធ្វើការបាញ់យ៉ាងខ្លាំងដាក់មកលើតំបន់ទីវាលស្រឡះ និងបាញ់សម្តៅមកកាន់អគារនានា ដែលធ្វើឱ្យជីវិតរបស់មនុស្សគ្រប់គ្នានៅខាងក្នុងបាននិងកំពុង ប្រឈមសភាពគ្រោះថ្នាក់ជាខ្លាំង។

ទាហានអ៊ីស្រាអែលនិយាយថា ក្រុមសកម្មប្រយុទ្ធហាម៉ាសនោះបានប្រើប្រាស់អគារមន្ទីរពេទ្យ ជាកន្លែងការពារជម្រកមូលដ្ឋាន ប៉ុន្តែសកម្មជនប្រយុទ្ធក្រុមអ៊ីស្លាមហាម៉ាសនិងបុគ្គលិកពេទ្យនៅទីនោះបានបដិសេធ។ ការឡោមព័ទ្ធរបស់យោធាអ៊ីស្រាអែល លើមន្ទីរពេទ្យសំខាន់ៗលើទីក្រុង Khan Younis ត្រូវបានចាត់ទុកជាភាពកាន់តែពុះកញ្ជ្រោលនៃយុទ្ធនាការ ដើម្បីសម្រេចមហិច្ឆិតាធំបីរបស់ខ្លួន ជាពិសេសការលុបបំបាត់ក្រុមហាម៉ាស ដើម្បីឱ្យក្លាយជាគ្រោះគំរាមកំហែងបន្តទៀត ចំពោះអ៊ីស្រាអែល។ យុទ្ធនាការដ៏វីវក់នេះ ត្រូវគេរាយការណ៍ថាបានបង្កភាពលំបាក ដល់ក្រុមសង្គ្រោះមិនអាចចូលទៅដល់ទីកន្លែង ដើម្បីជួយអ្នករងរបួសនិងប្រមូលអ្នកស្លាប់បានឡើយ។ កាលពីថ្ងៃពុធ ទី២៤ ខែមករា អង្គការសហប្រជាជាតិ បាននិយាយថា រថក្រោះអ៊ីស្រាអែល បានវាយប្រហារដាក់ក្នុងបរិវេណមួយអង្គការសហប្រជាជាតិដ៏ធំនៅតំបន់ហ្គាហ្សានោះ ដែលជាកន្លែងផ្តល់ជាជម្រកដល់ពលរដ្ឋប៉ាឡេស្ទីនដែលរត់ភៀសខ្លួន។ ការវាយប្រហារដាក់លើទីតាំងនោះ បានសម្លាប់មនុស្សយ៉ាងហោច៩នាក់និងធ្វើឱ្យរបួស៧៥នាក់។ ប៉ុន្តែអ៊ីស្រាអែលបានច្រាន ចោលការទទួលខុសត្រូវ និងចោទថាវាជាអំពើរបស់ក្រុមហាម៉ាសនោះទៅវិញ។ អ៊ីស្រាអែល បាននិយាយចោទថា ក្រុមហាម៉ាសមានទីតាំងបញ្ជាការដ្ឋានរបស់ខ្លួន នៅក្នុងតំបន់បរិវេណទីនោះដែលជាកន្លែងប្រមូលផ្តុំដោយជនស៊ីវិល និងថាក្រុមហាម៉ាសក៏បានធ្វើសកម្មភាព នៅក្នុងបរិវេណមន្ទីរពេទ្យទាំងនោះផងទៀត។

អ៊ីស្រាអែលកំណត់ពេលថ្ងៃសុក្រត្រូវចាកចេញពីមជ្ឈមណ្ឌលរបស់អង្គការសហប្រជាជាតិមន្ត្រីអង្គការសហប្រជាជាតិ បាននិយាយថា កាលពីថ្ងៃព្រហស្បតិ៍ ពលរដ្ឋប៉ាឡេស្ទីនរាប់ម៉ឺននាក់ដែលភៀសខ្លួនចូលជ្រកកោន នៅក្នុងបរិវេណរបស់មជ្ឈមណ្ឌលអង្គការសហប្រជាជាតិនោះ បាននាំគ្នារៀបចំដើម្បីភៀសខ្លួនទៅកាន់ទីក្រុង Rafah ចម្ងាយ១៥គីឡូម៉ែត្រ នាចំណុចក្បែរភាគខាងត្បូងនៃតំបន់ហ្គាហ្សា។ កងកម្លាំងរថក្រោះអ៊ីស្រាអែលនៅក្បែរនោះ បានបញ្ជាឱ្យជនស៊ីវិលទាំងអស់ ត្រូវតែចាកចេញពីមជ្ឈមណ្ឌលនោះឱ្យអស់ដោយទុកពេលត្រឹមម៉ោង៥ល្ងាច ថ្ងៃសុក្រទី២៦មករា។ លោកស្រី Juliette Touma ប្រធានអ្នកនាំពាក្យទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់ UN បាននិយាយថា មានមនុស្សជាងបីម៉ឺននាក់ ដែលបានស្ថិតក្នុងជំរំជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិនោះ។ មន្ត្រីសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា មានមនុស្សស្លាប់យ៉ាងហោច២ម៉ឺន៥៩០០នាក់ហើយនៅក្នុងតំបន់ហ្គាហ្សា ខណៈសំណង់ធំតូចនានាត្រូវបានខ្ទេចខ្ទីរាបដល់ដីដោយសារតែ អំពើវាយប្រហារកម្ទេចរបស់កងកម្លាំងអ៊ីស្រាអែល។

ក្រុមយោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេបានសម្លាប់ក្រុមសកម្មជនប្រយុទ្ធហាម៉ាស់ជាង៩ពាន់នាក់ ប៉ុន្តែបានបាត់បង់ជីវិតទាហានរបស់ខ្លួនចំនួន២២០នាក់នៅ ក្នុងសង្គ្រាមដែលមានរយៈពេលប្រមាណ៣ខែកន្លះមកនេះ។ ក្រុមហាម៉ាសបានប្រញាប់ច្រានចោលចំនួនតួលេខដែលនិយាយថា មានក្រុមហាម៉ាសស្លាប់ដល់ចំនួន៩ពាន់នាក់នោះ។

ការអំពាវនាវឱ្យឈប់បាញ់គ្នា ទោះបីជាមានសេចក្តីអំពាវនាវជាអន្តរជាតិសម្រាប់បទឈប់បាញ់ ដើម្បីសង្គ្រោះជនស៊ីវិលក៏ដោយ អ៊ីស្រាអែលនៅតែប្តេជ្ញាបន្ត ប្រតិបត្តិការរបស់ខ្លួនរហូតដល់ក្រុមហាម៉ាស់ត្រូវបានលុបបំបាត់ និងទាល់តែចំណាប់ខ្មាំងទាំងអស់ត្រូវបានដោះលែងថែមទៀត។ ចំណែកក្រុមហាម៉ាសវិញបាននិយាយថា កិច្ចព្រមព្រៀងឈប់បាញ់គ្នាណាមួយជាមួយអ៊ីស្រាអែលត្រូវភ្ជាប់ជាមួយ នឹងការបញ្ចប់អំពើវាយលុកនិងការហ៊ុំព័ទ្ធ និងអ៊ីស្រាអែលត្រូវដកកម្លាំងចេញទាំងអស់ពីតំបន់ហ្គាហ្សាស្ទ្រីប។ នេះជាទស្សនៈពីរផ្សេងគ្នាដែលកំពុងខ្ទាស់មិនឱ្យសង្គ្រាមអាចបញ្ចប់ទៅបានឡើយ។ សេចក្តីរាយការណ៍បានឱ្យដឹងថា កិច្ចចរចាសំរបសំរួលលើបទឈប់បាញ់រយៈពេលមួយខែ ដែលអាចរំពឹងការដោះលែងចំណាប់ខ្មាំងនិង ការដោះដូរអ្នកទោសប៉ាឡេស្ទីន ក្នុងប្រទេសអ៊ីស្រាអែលកំពុងតែបន្តដំណើរការ ប៉ុន្តែបានប្រឈមនឹងការខ្វែងគំនិតគ្នារវាងភាគីទាំងពីរ នូវរបៀបរបបបញ្ចប់សង្រ្គាម។ ជោគវាសនានៃចំណាប់ខ្មាំងគឺជាបញ្ហានយោបាយដ៏តានតឹងមួយនៅក្នុងប្រទេសអ៊ីស្រាអែល ដោយក្រុមគ្រួសាររបស់ពួកគេ បានតស៊ូមតិយ៉ាងខ្លាំង និងទាមទារឱ្យរដ្ឋាភិបាលអ៊ីស្រាអែលត្រូវធ្វើសម្បទាន ដើម្បីការដោះលែងពួកគេជាចំណាប់ខ្មាំងនោះ។

ការធ្វើបាតុកម្មរបស់សាច់ ញាតិចំណាប់ខ្មាំងត្រូវគេឃើញតែងកើតមានជារឿយៗ ដែលបញ្ហានេះបានដាក់ទម្ងន់លើគណៈរដ្ឋមន្ត្រីអ៊ីស្រាអែលជាខ្លាំង។ ប៉ុន្តែនាយករដ្ឋមន្ត្រីអ៊ីស្រាអែលនៅតែនិយាយថា មធ្យោបាយតែមួយគត់ដើម្បីរំដោះចំណាប់ខ្មាំង គឺមានតែការដាក់សម្ពាធវាយ ប្រហារឱ្យកាន់តែខ្លាំងថែមទៀតតែប៉ុណ្ណោះ ដាក់លើក្រុមហាម៉ាសនោះ និងថាការបញ្ចប់សង្គ្រាមនឹងអាចកើតឡើងទៅបានលុះត្រាណាតែគោលដៅយោធាបីចំណុចរបស់អ៊ីស្រាអែល ត្រូវបានសម្រេចទាំងអស់សិន។ ការមិនអាចប្រើវិធីបង្ខំឱ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបញ្ឈប់ សង្គ្រាមឬការឈប់បាញ់គ្នាបាននោះ ពេលនេះត្រូវបានគេងាកមករកការជួយពីតុលាការយុត្តិ ធម៌អន្តរជាតិ ICJ វិញ ដោយសារតែមានពាក្យបណ្តឹងមួយរបស់អាហ្វ្រិកខាងត្បូង និងចោទប្រកាន់អ៊ីស្រាអែលពីបទប្រល័យពូជសាសន៍ក្នុងតំបន់ហ្គាហ្សា។ អាហ្វ្រិកខាងត្បូង បានជម្រុញឱ្យតុលាការយុត្តិធម៌អន្តរជាតិ ICJ ធ្វើ ការសម្រេចមួយដើម្បីឱ្យអ៊ីស្រាអែលបញ្ឈប់ការបាញ់នៅក្នុងតំបន់ហ្គាហ្សានោះភ្លាម ប៉ុន្តែកិច្ចពិភាក្សាតាមផ្លូវច្បាប់ មានសភាពអូសបន្លាយពេលដើម្បីការពិភាក្សានិងពិចារណា។ នាពេលនេះ ពីតុលាការ ICJ ក្នុងប្រទេសហូឡង់ ត្រូវគេរាយការណ៍បញ្ជាក់ឱ្យដឹងថា នៅថ្ងៃ ទី២៦មករាឆ្នាំ២០២៤ វេលាម៉ោង២រសៀល, តុលាការយុត្តិធម៌អន្តរជាតិនេះ នឹងត្រូវចេញ សាលដីកាមួយរបស់ខ្លួនជុំវិញការសម្រេចចុងក្រោយនៃអនាគតក្នុងទឹកដីរបស់ប៉ាឡេស្ទីននេះហើយ៕

រូបភាពពី AFP