(ហ្កាហ្សា)៖ ក្រសួងសុខាភិបាលនៅតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip) នាថ្ងៃសុក្រនេះ បាននិយាយថា មនុស្សបន្តកើនដល់យ៉ាងហោច ចំនួន ២៦,០៨៣នាក់ហើយ បានបាត់បង់ជីវិតក្នុងសង្រ្គាមរវាងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស និងអ៉ីស្រាអែល ដែលបានផ្ទុះឡើង កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤។

សេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាលតំបន់ Gaza បានអះអាងថាទៀតថា មនុស្សសរុបចំនួន៦៤,៤៨៧នាក់ ក៏បានទទួលរងរបួសផងដែរ នៅក្នុងដែនដីប៉ាឡេស្ទីនមួយនេះ អំលុងសង្រ្គាមរបស់អ៉ីស្រាអែល ដែលកំពុងបន្តអូសបន្លាយ អស់រយៈពេលជាង៣ខែមកហើយ។ យោងតាមប្រភពដដែល មានជនជាតិប៉ាឡេស្ទីនសរុប១៨៣នាក់ បានបាត់បង់ជីវិត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ។

គួរបញ្ជាក់ថា សង្រ្គាមនៅ Gaza បានចាប់ផ្តើមដំបូង នៅពេលដែលក្រុមហាម៉ាស បានបើកការឆ្មក់វាយលុកទ្រង់ទ្រាយធំ មិនធ្លាប់មានលើ​ភាគខាងត្បូងអ៉ីស្រាអែលមុន ជាហេតុបង្កឱ្យមានមនុស្សស្លាប់១,១៤០នាក់ ភាគច្រើនជាជនស៉ីវិល។ ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន ក៏បានចាប់​មនុស្សប្រហែល២៥០នាក់ យកទៅតំបន់ Gaza នាពេលនោះ ដើម្បីធ្វើជាចំណាប់ខ្មាំងផងដែរ។ បើតាមអ៉ីស្រាអែល ចំណាប់ខ្មាំង១៣២នាក់ បន្តស្ថិតក្នុង Gaza នៅឡើយ រួមបញ្ចូលទាំងចំណាប់ខ្មាំង យ៉ាងហោច២៨នាក់ ដែលបានស្លាប់៕

រូបភាពពី AFP