(សេអ៊ូល)៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃសុក្រនេះថា លោក Yoon Suk Yeol បានហៅការវាយប្រហារទៅលើសមាជិកសភាមួយរូប នៃគណបក្សកាន់អំណាចនៅក្នុងសប្តាហ៍នេះថា ជាសកម្មភាពនៃអំពើភេរវកម្ម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤។

លោកស្រី Bae Hyun-jin អាយុ ៤០ឆ្នាំ បានរងនូវការវាយប្រហារ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយអនីតិជនអាយុ ១៥ឆ្នាំម្នាក់ ដែលយកដុំថ្មវាយលើលោកស្រីម្តងហើយម្តងទៀតចំខ្នង និងក្បាល នៅក្នុងសង្កាត់ Gangnam ដ៏ធំមួយនៃទីក្រុងសេអ៊ូល។ បច្ចុប្បន្ន លោកស្រី Bae កំពុងសម្រាកព្យាបាល ប៉ុន្តែមិនគំរាមកំហែងដល់អាយុជីវិតនោះទេ។ លោក Yoon បានគូសបញ្ជាក់ថា «នេះអំពើភេរវកម្មប្រឆាំងនឹងអ្នកនយោបាយដែលជាអ្នកតំណាងឲ្យប្រជាជន ហើយគឺមិនខុសពីអំពើភេរវកម្មប្រឆាំងប្រជាជននោះទេ»

គួរបញ្ជាក់ថា ការវាយប្រហារនេះ បានកើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីមេដឹកនាំគណបក្សប្រឆាំង លោក Lee Jae-myung ត្រូវបានគេចាក់ឲ្យរបួសនៅពេលកំពុងថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅក្នុងទីក្រុងកំពង់ផែ Busan របស់កូរ៉េខាងត្បូង៕

រូបភាពពី AFP