(ហាណូយ)៖ ក្រសួងការពារជាតិវៀតណាម បានប្រកាសនៅថ្ងៃសុក្រនេះថា នឹងរៀបចំពិព័រណ៍អាវុធអន្តរជាតិ នៅក្នុងខែធ្នូ ចុងឆ្នាំនេះ ខណៈប្រទេសអាស៊ានមួយនេះ កំពុងព្យាយាមធ្វើពិពិធកម្មការផ្គត់ផ្គង់អាវុធរបស់ខ្លួន ហើយពង្រីកកិច្ចសហប្រតិបត្តិការក្នុងការផលិត និងនាំចេញអាវុធ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤។

មន្រ្តីក្រសួងការពារជាតិវៀតណាម បាននិយាយក្នុងសន្និសីទសារព័ត៌មានថា ព្រឹត្តិការណ៍ដែលនឹងរៀបចំឡើងនៅឯមូលដ្ឋានទ័ពអាកាស Gia Lam ក្នុងទីក្រុងហាណូយ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែធ្នូ នឹងក្លាយជាឱកាសសម្រាប់កិច្ចសហប្រតិបត្តិការការពារជាតិអន្តរជាតិ ហើយក៏នឹងស្វែងរកដៃគូដើម្បីលើកកម្ពស់ផលិកម្ម និងការនាំចេញផងដែរ។

ដោយមិនបញ្ជាក់លម្អិត ក្រសួងការពារជាតិវៀតណាម បានឲ្យដឹងថា កិច្ចព្រមព្រៀងជាច្រើនអាចនឹងសម្រេចបាន នៅឯពិព័រណ៍អាវុធនោះ។ វៀតណាម មានការចំណាយយោធាប្រចាំឆ្នាំលើសពី ២ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន ហើយកំពុងផលិតអាវុធធុនតូច គ្រាប់រំសេវ យន្តហោះដ្រូន និងរថពាសដែក។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ វៀតណាមបានរៀបចំពិព័រណ៍អាវុធអន្តរជាតិលើកដំបូង ដែលបានទាក់ទាញ ក្រុមហ៊ុននិងស្ថាប័ន ចូលរួមតាំងបង្ហាញចំនួន១៧៤ មកពី៣០ប្រទេស ដែលមានប្រទេសផលិតអាវុធធំៗទាំងអស់ លើកលែងតែចិន។ សមាជិកអាស៊ានមួយនេះ គឺជាប្រទេសមួយក្នុងចំណោមប្រទេសទិញអាវុធធំជាងគេទាំង២០ របស់ពិភពលោក ចំពេលមានភាពតានតឹងជាមួយចិន ហើយបាននិងកំពុងស្វែងរកការកាត់បន្ថយការពឹងផ្អែកលើអាវុធរបស់រុស្ស៉ី៕

រូបភាពពី Reuters