(ប៉េកាំង)៖ នាថ្ងៃសុក្រនេះ អនុរដ្ឋមន្រ្តីការបរទេសនៃប្រទេសចិន និងសមភាគីកូរ៉េខាងជើង បានជួបពិភាក្សាគ្នា នៅឯទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា ប្រតិភូនៃក្រសួងការបរទេសចិន ដឹកនាំដោយអនុរដ្ឋមន្រ្តីការបរទេសលោក Sun Weidong បានធ្វើដំណើរមកដល់ ទីក្រុងព្យុងយ៉ាង កាលពីថ្ងៃព្រហស្បតិ៍ ហើយនាថ្ងៃសុក្រនេះ រូបលោកនិងប្រតិភូ បានបើកកិច្ចប្រជុំជាមួយ អនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោក Pak Myong Ho និងក្រុមមន្រ្តីរដ្ឋាភិបាលកូរ៉េខាងជើងដទៃទៀត នៅទីក្រុងព្យុងយ៉ាង។

ទស្សនកិច្ចរបស់លោក Sun ធ្វើឡើង ស្របពេលទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan ត្រៀមជួបរដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi នាថ្ងៃសុក្រ-សៅរ៍សប្តាហ៍នេះ នៅឯទីក្រុងបាងកកនៃប្រទេសថៃ ខណៈប្រទេសកំពូលមហាអំណាចទាំងពីរ កំពុងព្យាយាមរិះរកវិធីធ្វើឱ្យទំនាក់ទំនង មានភាពប្រសើរឡើងជាងមុន ក្រោយតានតឹងជាច្រើនឆ្នាំ។

គួរបញ្ជាក់ថា ទីក្រុងវ៉ាស៉ីនតោន បានអំពាវនាវឱ្យទីក្រុងប៉េកាំង ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់កូរ៉េខាងជើង ជួយទប់ស្កាត់សកម្មភាព​បង្កហេតុរបស់ទីក្រុងព្យុងយ៉ាង។ ក្នុងខែមករានេះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ទីក្រុងព្យុងយ៉ាងនិងប៉េកាំង បានសម្រេចយកឆ្នាំ២០២៤ ជាឆ្នាំនៃចំណងមិត្តភាពកូរ៉េខាងជើង-ចិន។ ដោយមានឋានៈជាសមាជិកអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ​របស់អង្គការសហប្រជាជាតិ ចិនរួមជាមួយរុស្ស៉ី បានរារាំងកិច្ចប្រឹងប្រែងដឹកនាំដោយទីក្រុងវ៉ាស៉ីនតោន ដែលសំដៅរឹតបន្តឹងទណ្ឌកម្មលើ​កូរ៉េខាងជើង ឆ្លើយតបការកើនឡើងនៃសកម្មភាពធ្វើតេស្តសព្វាវុធរបស់ព្យុងយ៉ាង ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕

រូបភាពពី AFP