(វ៉ាស៉ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក Jake Sullivan នឹងជួបជាមួយរដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi នៅទីក្រុងបាងកកនៃប្រទេសថៃ នាថ្ងៃសុក្រ-សៅរ៍សប្តាហ៍នេះ ដើម្បីកសាងបន្ថែមលើការប្តេជ្ញា ដែលត្រូវបានធ្វើឡើងដោយមេដឹកនាំប្រទេស​ទាំងពីរ ដើម្បីបង្កើនកិច្ចសន្ទនាជាមួយគ្នា រវាងមហាយក្សសេដ្ឋកិច្ចពិភពលោកទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤។

ក្រសួងការបរទេសចិន ក៏បានធ្វើសេចក្តីប្រកាសដាច់ដោយឡែក អំពីគម្រោងជំនួបខាងលើផងដែរ។ វាកើតមានឡើង នៅរយៈពេលជាង២ខែ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានជួបជជែកគ្នាជាមួយប្រធានាធិបតីចិន លោក ស៉ី ជីនពីង រយៈពេលប្រមាណជា៤ម៉ោង នៅក្រៅកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៉ី-ប៉ាស៉ីហ្វិក (APEC) នៅឯទីក្រុង San Francisco ក្រោមគោលដៅព្យាយាមបន្ធូរបន្ថយភាពតានតឹងទំនាក់ទំនង។ លោក បៃដិន និងលោក ស៉ី បានឯកភាពគ្នាបើកខ្សែទូរស័ព្ទបន្ទាន់រវាងប្រធានាធិបតី និងបន្តការទាក់ទងផ្នែកយោធាឡើងវិញ ប៉ុន្តែនៅបន្តមានការខ្វែងគំនិតជុំវិញបញ្ហា​កោះតៃវ៉ាន់។

គួរបញ្ជាក់ថា ក្នុង​ឱកាសបំពេញទស្សនកិច្ចនៅប្រទេសថៃ លោក Sullivan ក៏នឹងត្រូវជួបនាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីស៉ីន ព្រមទាំងឧបនាយករដ្ឋមន្រ្តីថៃ លោក Parnpree Bahiddha-nukara ផងដែរ៕

រូបភាពពី Reuters