(កៀវ)៖ ឧបនាយករដ្ឋមន្រ្តីអ៊ុយក្រែន លោកស្រី Olha Stefanishyna បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា អ៊ុយក្រែនកំពុងតែធ្វើការដើម្បីរៀបចំឱ្យមាន ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីហុងគ្រី លោក Viktor Orban ជាមេដឹកនាំប្រទេសសមាជិកអង្គការណាតូ (NATO) ដែលត្រូវគេមើលឃើញថា ប្រកាន់ជំហរកាន់ជើងរុស្ស៉ី ក្នុងវិបត្តិសង្រ្គាមអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤។
លើកចុងក្រោយបំផុត ដែលនាយករដ្ឋមន្រ្តីនៃប្រទេសហុងគ្រី បានមកបំពេញទស្សនកិច្ចនៅឯប្រទេសអ៊ុយក្រែន គឺតាំងតែពីឆ្នាំ២០១០។ រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែននិងហុងគ្រី នឹងត្រូវជួបពិភាក្សាគ្នានាដើមសប្តាហ៍ក្រោយ ហើយប្រធានខុទ្ទកាល័យប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក Orban អាចនឹងត្រូវលើកមកពិភាក្សា អំលុងជំនួបនោះ។
កាលពីចុងឆ្នាំ២០២៣ លោក Orban ធ្លាប់បាននិយាយថា រូបលោកទទួលបានការអញ្ជើញពីលោក ហ្សេលេនស្គី ដើម្បីបើកកិច្ចប្រជុំទ្វេភាគី នាពេលអនាគត ហើយថា លោកបានទទួលយកការអញ្ជើញនោះ។ មេដឹកនាំទាំងពីរត្រូវបានគេមើលឃើញ ឈរជជែកគ្នាអំលុងពិធីស្បថចូលកាន់តំណែងរបស់ ប្រធានាធិបតីអាហ្សង់ទីនថ្មី លោក Javier Milei កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំមុន។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងទីក្រុងកៀវនិងទីក្រុងប៊ុយដាប៉ែស គឺស្ថិតក្នុងស្ថានភាពដុនដាប ដោយសារតែគោលជំហរជំទាស់របស់ហុងគ្រី ចំពោះការផ្តល់ជំនួយឱ្យអ៊ុយក្រែន ចេញពីកញ្ចប់ថវិការបស់សហភាពអឺរ៉ុប (EU) ក៏ដូចជាការបង្ហាញមន្ទិលសង្ស័យ ចំពោះការចង់ក្លាយជាសមាជិក NATO និង EU របស់អ៊ុយក្រែន ព្រមទាំងការដែលហុងគ្រីព្យាយាមរារាំងការដាក់ទណ្ឌកម្មរបស់ EU លើរុស្ស៉ី ពាក់ព័ន្ធសង្រ្គាមនៅអ៊ុយក្រែន។ ទីក្រុងប៊ុយដាប៉ែសមកទល់ពេលនេះ នៅតែរក្សាទំនាក់ទំនងល្អជាមួយទីក្រុងមូស្គូ បើទោះបីជារុស្ស៉ីបានចូលឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ក៏ដោយ៕
រូបភាពពី AFP