(អ៉ីសា្លម៉ាបាដ)៖ រដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន លោក Muhammad Syrus Qazi បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ប៉ាគីស្ថានមានភស្តុតាងគួរឲ្យទុកចិត្តបាន ដែលថាទីភ្នាក់ងារឥណ្ឌាជាប់ពាក់ព័ន្ធនឹងការសម្លាប់ពលរដ្ឋ ២នាក់ នៅលើទឹកដីរបស់ប៉ាគីស្ថាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤។

លោក Qazi បានប្រាប់អ្នកយកព័ត៌មានថា «យើងមានឯកសារ ភ័ស្តុតាងហិរញ្ញវត្ថុ និងកោសល្យវិច្ច័យ ជុំវិញភាពជាប់ពាក់ព័ន្ធរបស់ភ្នាក់ងារឥណ្ឌា ២រូបដែលជាអ្នកនៅពីក្រោយឃាតកម្មនោះ»។ លោក Qazi និយាយថា ឃាតករក្នុងស្រុកដែលត្រូវបានជួល និងជ្រើសរើសដោយភ្នាក់ងារឥណ្ឌា ហើយក៏កំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសផ្សេងទៀត បានអនុវត្តការសម្លាប់កាលពីចុងឆ្នាំ ២០២៣ នៅឯស្រុក Sialkot និងមួយទៀតនៅស្រុក Rawalakot នៃប្រទេសប៉ាគីស្ថាន។

លោក Qazi បានបន្ថែមថា កាំភ្លើងជួល និងមនុស្សផ្សេងទៀតដែលជាប់ពាក់ព័ន្ធក្នុងបទឧក្រិដ្ឋទាំងពីរនេះ កំពុងស្ថិតក្នុងដំណើរការកាត់ទោស ហើយមានការកំណត់អត្តសញ្ញាណលើភ្នាក់ងារឥណ្ឌា ឈ្មោះ Yogesh Kumar និងឈ្មោះ Ashok Kumar។ ក្រសួងការបរទេសឥណ្ឌា បានហៅការចោទប្រកាន់នេះថា ជាការប៉ុនប៉ងរបស់ប៉ាគីស្ថាន ដើម្បីឃោសនាព័ត៌មានមិនពិត និងមានចេតនាព្យាបាទឥណ្ឌា។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសជិតខាងដែលជាគូប្រជែងនឹងគ្នាទាំងពីរនេះ កាន់តែជាប់គាំងចាប់តាំងពីការបំផ្ទុះគ្រាប់បែកអត្តឃាត លើក្បួនរថយន្តយោធាឥណ្ឌា នៅតំបន់កាស្មៀរកាលឆ្នាំ ២០១៩ ពីសំណាក់ក្រុមសកម្មប្រយុទ្ធដែលមានមូលដ្ឋាននៅប៉ាគីស្ថាន ដែលកាលណោះនាំឲ្យឥណ្ឌាបញ្ជូនយន្តហោះចម្បាំងទៅកាន់ប៉ាគីស្ថាន៕

រូបភាពពី AFP