(អង់ការ៉ា)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រធានាធីបតីតួកគីលោក Tayyip Erdogan ទីបំផុតបានយល់ព្រមជាផ្លូវការ ឱ្យស៊ុយអែតចូលរួមក្នុងអង្គការណាតូ (NATO) បន្ទាប់ពីអូសបន្លាយពេលអស់ជាច្រើនខែ ហើយឥលូវនៅសល់តែហុងគ្រីប៉ុណ្ណោះ ដែលនៅជាឧបសគ្គ មុនពេលទីក្រុងស្តុកខុល អាចក្លាយជាសមាជិកបក្សសម្ព័ន្ធយោធាមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤។
សេចក្តីប្រកាសព័ត៌មានពីការិយាល័យលោក Erdogan បានបង្ហាញថា លោកប្រធានាធិបតីតួគកី បានចុះហត្ថលេខាជាផ្លូវការលើ ការផ្តល់សច្ចាប័នពីសំណាក់សភាតួកគី ចំពោះសមាជិកភាពណាតូរបស់ស៊ុយអែត ដែលត្រូវបានធ្វើឡើងក្នុងសប្តាហ៍នេះ ពោលគឺរយៈពេល២០ខែ បន្ទាប់ពីទីក្រុងស្តុកខុល បានដាក់ពាក្យស្នើសុំចូលរួមក្នុងណាតូ ក្រោយសង្រ្គាមឈ្លានពានរបស់រុស្ស៉ី ផ្ទុះឡើងនៅអ៊ុយក្រែន។
នាយករដ្ឋមន្រ្តីស៊ុយអែត លោក Ulf Kristersson បានស្វាគមន៍ការយល់ព្រមរបស់តួកគី ហើយរដ្ឋមន្រ្តីការបរទេសស៊ុយអែត លោក Tobias Billstrom បានលើកឡើងថា នាពេលនេះ នៅសល់តែការផ្តល់សច្ចាប័នពីហុងគ្រីមួយទៀតប៉ុណ្ណោះ គឺស៊ុយអែតនឹងបានក្លាយជាសមាជិកផ្លូវការរបស់ណាតូហើយ។
គួរបញ្ជាក់ថា ក្រោយបើកផ្លូវទទួលយកស៊ុយអែត ទីក្រុងអង់ការ៉ារំពឹងសហរដ្ឋអាមេរិក នឹងចាប់ផ្តើមធ្វើការលើការធានាឱ្យបាន នូវការអនុម័តពីសភាអាមេរិក សម្រាប់គម្រោងលក់យន្តហោះចម្បាំង F-16 គិតជាទឹកប្រាក់សរុប២០ពាន់លានដុល្លារឱ្យតួកគី ខណៈការលក់យន្តហោះយោធានេះ ត្រូវបានទាំងលោក Erdogan ផ្ទាល់ និងក្រុមសមាជិកសភាអាមេរិក ទាញភ្ជាប់ទៅនឹងការផ្តល់សច្ចាប័នលើសមាជិកភាពណាតូរបស់ស៊ុយអែត៕
រូបភាពពី Reuters