(ម៉ិកស៉ីកូ)៖ ក្រុមមួយដែលហៅខ្លួនឯងថាជា កងកម្លាំងប៉ូលិសស្ម័គ្រចិត្តនៅតំបន់ជនបទរបស់ប្រទេសម៉ិកស៉ិក និងបានអះអាងថាមានករណីចាប់ជំរិតក្នុងស្រុកជាច្រើននោះ បាននិងកំពុងជ្រើសរើសសិស្សសាលាអាយុក្រោម ១២ឆ្នាំ ឲ្យចូលរួមជាមួយក្រុមរបស់ខ្លួន ដោយនេះសញ្ញាថ្មីមួយទៀតចេញពីតំបន់ខ្លះនៃប្រទេសម៉ិកស៉ិក ដែលកំពុងតស៊ូទប់ទល់នឹងឧក្រិដ្ឋកម្ម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤។

ក្មេងប្រុស ស្រី ដែលប្រដាប់ដោយកាំភ្លើង និងដំបង ហើយបិទមុខ បានដើរដង្ហែរជុំវិញទីលានកីឡាក្នុងស្រុក នៅក្នុងសប្តាហ៍នេះ មុនពេលទៅល្បាតនៅភូមិ Ayahualtempa ដែលជាភូមិភ្នំមួយនៅរដ្ឋ Guerrero ភាគនិរតីប្រទេសម៉ិកស៉ិក។ ក្មេងប្រុសម្នាក់នៅក្នុងក្រុមនេះ បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍ Milenio ថា «ពួកយើងមិនអាចទៅរៀនបានទេ ព្រោះតែច្បាប់ទន់ខ្សោយ»

ការិយាល័យរដ្ឋអាជ្ញាប្រចាំរដ្ឋ Guerrero បានឲ្យដឹងថា នៅក្នុងភូមិ Ayahualtempa សមាជិក ៤នាក់នៃគ្រួសារក្នុងតំបន់មួយ បានបាត់ខ្លួនតាំងពីថ្ងៃសុក្រសប្តាហ៍មុន ក្នុងករណីចាប់ជម្រិត។ លោក Antonio Toribio មន្ត្រីក្នុងតំបន់ បាននិយាយថា ក្មេងៗកំពុងពង្រឹងកងកម្លាំងប៉ូលិសស្ម័គ្រចិត្ត ហើយនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីការពារភូមិមួយដែលមានប្រជាជនប្រហែល ៧០០នាក់ ខណៈដែលក្រុមមនុស្សពេញវ័យទៅស្វែងរកអ្នកបាត់ខ្លួន។

គួរបញ្ជាក់ថា ក្រុមសិទ្ធិមនុស្សបាននិយាយថា ថ្មីៗនេះអំពើហិង្សាកាន់តែកើនឡើងក្នុងរដ្ឋ Guerrero ដែលជារដ្ឋក្រីក្របំផុតមួយនៅម៉ិកស៉ិក។ កាលពីដើមខែមករា មានការវាយប្រហារដោយយន្តហោះដ្រូនពីក្រុមជួញដូរគ្រឿងញៀន សម្លាប់មនុស្សប្រហែល ៣០នាក់៕

រូបភាពពី Reuters