(មីនស្កិ៍)៖ អាជ្ញាធរបេឡារុស បានបើកការស៉ើបអង្កេតមួយ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ទៅលើក្រុមអ្នកវិភាគឯករាជ្យ និងអ្នកអត្ថាធិប្បាយចំនួន ២០នាក់ដែលឥឡូវនេះកំពុងនៅក្រៅប្រទេស ហើយត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងការដណ្តើមអំណាច និងលើកកម្ពស់លទ្ធិជ្រុលនិយម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤។

ការស៉ើបអង្កេតនេះធ្វើឡើងបន្ទាប់ពីមានការស្វែងរក និងឃុំខ្លួនមនុស្សជាបន្តបន្ទាប់ ដែលភាគច្រើនគឺជាអ្នកធ្លាប់ជាប់ពន្ធនាគារពីបទមាននិន្នាការនយោបាយប្រឆាំង លោកប្រធានាធិបតីបេឡារុស លោក Alexander Lukashenko។ គណៈកម្មាធិការស៉ើបអង្កេតរបស់បេឡារុស បានឲ្យដឹងថា ក្រុមអ្នកវិភាគបានចូលរួមយ៉ាងសកម្មក្នុងការបំផុស និងអនុវត្តគំនិតនៃសកម្មភាពបំផ្លិចបំផ្លាញ ដែលមានគោលបំណងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ។ ក្រុមអ្នកវិភាគទាំងនេះ រួមមានអ្នកអត្ថាធិប្បាយនយោបាយ និងសេដ្ឋកិច្ច ក៏ដូចជាមន្ត្រីពាក់ព័ន្ធជាមួយមេដឹកនាំគណបក្សប្រឆាំងនិរទេសខ្លួន លោកស្រី Svyatlana Tsikhanouskaya ដែលចាញ់ លោក Lukashenko ក្នុងការបោះឆ្នោតឆ្នាំ ២០២០។

គួរបញ្ជាក់ថា អង្គការសិទ្ធិមនុស្សមួយឈ្មោះ Viasna បានប្រកាសលើគេហទំព័ររបស់ខ្លួនថា មនុស្ស ១៥៧នាក់ត្រូវបានឃុំខ្លួន និងសាកសួរ ដែលភាគច្រើនជាអ្នកដែលត្រូវបានដោះលែង ឬត្រូវបានចោទប្រកាន់ពីបទល្មើសតូចតាច ប៉ុន្តែអ្នកខ្លះប្រឈមមុខនឹងការចោទប្រកាន់ពីបទបំផុសគំនិតជ្រុលនិយម៕

រូបភាពពី Reuters