(ហ្គាហ្សា)៖ ប្រមុខអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានអំពាវនាវឲ្យមានបទឈប់បាញ់ និងដំណោះស្រាយជាក់លាក់ ក្នុងសង្រ្គាមអ៉ីស្រាអែល-ហាម៉ាសនៅតំបន់ហ្គាហ្សា ដោយលោកបានពិពណ៌ពីស្ថានភាពនៅទីនោះថាប្រៀបបីដូចជា «ឋាននរក»។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ ២០២៤។

ថ្លែងប្រាប់ក្រុមប្រឹក្សាប្រតិបត្តិរបស់ WHO នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស អំឡុងកិច្ចពិភាក្សាពីភាពអាសន្នផ្នែកសុខភាព នៅតំបន់ហ្គាហ្សា លោក Tedros ដែលធ្លាប់ឆ្លងកាត់សង្រ្គាមកាលពីកុមារភាព បាននិយាយថា «ខ្ញុំគឺជាអ្នកដែលជឿប្រាកដមែន ដោយសារតែបទពិសោធន៍ផ្ទាល់របស់ខ្ញុំថា សង្រ្គាមមិនបាននាំមកនូវដំណោះស្រាយ ក្រៅតែពីការបង្កសង្រ្គាមថែមទៀត ការស្អប់ខ្ពើម ការឈឺចាប់ និងការបំផ្លិចបំផ្លាញកាន់តែច្រើននោះទេ។ អ្នកទាំងអស់គ្នាបាននិយាយអំពីដំណោះស្រាយរដ្ឋពីរ ដូច្នេះហើយសង្ឃឹមថាសង្រ្គាមនេះនឹងអាចបញ្ចប់ ហើយឈានទៅរកដំណោះស្រាយពិតប្រាកដ»

ឯកអគ្គរដ្ឋទូតអ៉ីស្រាអែល លោកស្រី Meirav Eilon Shahar បានប្រាប់ Reuters ថា «សេចក្តីថ្លែងការណ៍របស់ប្រមុខ WHO គឺលើកឡើងតែអ្វីដែលខុសក្នុងនាម WHO ចាប់តាំងពីថ្ងៃទី៧ ខែតុលាមក តែមិនបាននិយាយអំពីចំណាប់ខ្មាំងអ៉ីស្រាអែល ការចាប់រំលោភ ការសម្លាប់ជនជាតិអ៉ីស្រាអែល ឬការប្រើកម្លាំងបាយនៅតាមមន្ទីរពេទ្យ និងការប្រើប្រាស់មនុស្សធ្វើជាខែលការពារខ្លួន ដ៏គួរឱ្យស្អប់ខ្ពើមរបស់ក្រុមហាម៉ាសនោះទេ»

គួរបញ្ជាក់ថា អ៉ីស្រាអែលបានបើកប្រតិបត្តិការសងសឹងដើម្បីកម្ទេចក្រុមហាម៉ាស បន្ទាប់ពីក្រុមនេះបានវាយហារលើទឹកដីអ៉ីស្រាអែល សម្លាប់មនុស្ស ១,២០០នាក់ ដែលភាគច្រើនជាជនស៉ីវិល ហើយចាប់ចំណាប់ខ្មាំងជាង ២០០នាក់ត្រឡប់ទៅតំបន់ហ្គាហ្សាវិញ។ នៅក្នុងសង្រ្គាមជាង ៣ខែមកនេះ មន្រ្តីតំបន់ហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានអះអាងថា ជនជាតិប៉ាឡេស្ទីនច្រើនជាង ២៥,០០០នាក់ត្រូវបានសម្លាប់ ហើយដែលភាគច្រើនគឺជាជនស៉ីវិល៕

រូបភាពពី Reuters