(ឡង់ដ៍)៖ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ពួកគេបានដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់របស់ក្រុមឧទ្ទាមហ៊ូទី (Houthi) ចំនួនបួននាក់ ចំពោះការគាំទ្រ ឬដឹកនាំការវាយប្រហារលើការដឹកជញ្ជូនពាណិជ្ជកម្ម នៅក្នុងសមុទ្រក្រហម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤។

ការវាយប្រហាររបស់ក្រុមហ៊ូទី បានរំខានដល់ការដឹកជញ្ជូនទូទាំងពិភពលោក និងបានបង្កើនការព្រួយបារម្ភអំពីអតិផរណាពិភពលោក។ វាក៏បង្កើនការភ័យខ្លាចថា ផលប៉ះពាល់នៃសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នឹងធ្វើឱ្យមានអស្ថិរភាពនៅមជ្ឈិមបូព៌ាផងដែរ។

ទណ្ឌកម្មទាំងនោះ បានដាក់លើមន្ត្រីជាន់ខ្ពស់ៗរបស់ហ៊ូទី ដែលរួមមានដូចជារដ្ឋមន្ត្រីការពារជាតិ មេបញ្ជាការកងទ័ពជើងទឹក មេបញ្ជាការកងកម្លាំងឆ្មាំសមុទ្រ និងនាយកលទ្ធកម្មរបស់កងកម្លាំងមួយនេះ។

លោក Brian Nelson អនុរដ្ឋមន្ត្រីនៃក្រសួងរតនាគារសហរដ្ឋអាមេរិកទទួលបន្ទុកភេរវកម្ម និងចារកម្មហិរញ្ញវត្ថុ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ដូច្នេះមួយថា «ការបន្តការវាយប្រហារភេរវកររបស់ពួកហ៊ូទី ប្រឆាំងនឹងនាវាពាណិជ្ជកម្ម និងនាវិកស៊ីវិលរបស់ពួកគេ... គំរាមកំហែងដល់ការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិ និងសេរីភាពនៃការធ្វើនាវាចរណ៍ ដែលមានសារៈសំខាន់ចំពោះសន្តិសុខ ស្ថិរភាព និងវិបុលភាពពិភពលោក»

លោកបានបន្តថា «សកម្មភាពរួមគ្នានៅថ្ងៃនេះជាមួយចក្រភពអង់គ្លេសបង្ហាញពីសកម្មភាពរួមរបស់យើង ក្នុងការប្រើអំណាចទាំងអស់ ដើម្បីបញ្ឈប់ការវាយប្រហារទាំងនេះ»

អង់គ្លេស​បាន​និយាយ​ថា បុរស​ទាំង​បួន​នាក់​បាន​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ដែល «​គំរាមកំហែង​ដល់​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​ក្នុង​ប្រទេស​យេ​ម៉ែន​»​។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទសប្តាហ៍នេះ កងកម្លាំងសហរដ្ឋអាមេរិក និងអង់គ្លេសបានបើកការវាយប្រហារថ្មីមួយនៅក្នុងប្រទេសយេម៉ែន ដោយផ្តោតលើទីតាំងស្តុកទុកក្រោមដីរបស់ក្រុម Houthi ក៏ដូចជាសមត្ថភាពមីស៊ីល និងការឃ្លាំមើលដែលប្រើប្រាស់ដោយក្រុមសម្ព័ន្ធមិត្តអ៊ីរ៉ង់មួយនេះ ប្រឆាំងនឹងការដឹកជញ្ជូននៅសមុទ្រក្រហម៕