(ប៉េកាំង)៖ នាយករដ្ឋមន្ត្រីចិន លោក Li Qiang បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិនមានឆន្ទៈគាំទ្រក្រុមហ៊ុនចិន និងជប៉ុនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន និងស្វាគមន៍ក្រុមហ៊ុនមកពីជុំវិញពិភពលោក រួមទាំងប្រទេសជប៉ុនផងដែរ ដើម្បីបន្តវិនិយោគនៅក្នុងប្រទេសចិន។ នេះបើយោងតាមការចេញផ្សាដយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី២៥ ខែមករា​ ឆ្នាំ២០២៤។

លោក Li បានធ្វើការកត់សម្គាល់បែបនេះ ក្នុងជំនួបជាមួយគណៈប្រតិភូធុរកិច្ចជប៉ុន ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសចិន ដែលដឹកនាំដោយប្រធានសហព័ន្ធធុរកិច្ចជប៉ុន លោក Masakazu Tokura ប្រធានសមាគមសេដ្ឋកិច្ចជប៉ុន-ចិន លោក Kosei Shindo និងប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន លោក Ken Kobayashi ។

លោក Li Qiang បានគូសបញ្ជាក់ថា ទំនាក់ទំនងចិន-ជប៉ុននាពេលនេះ កំពុងស្ថិតក្នុងដំណាក់កាលសំខាន់មួយ ក្នុងការបន្តកេរ្តិ៍ដំណែលអតីតកាល និងបើកចំហអនាគត ដោយបានជំរុញឱ្យមជ្ឈដ្ឋានធុរកិច្ច នៃប្រទេសទាំងពីរបន្តប្តេជ្ញាចិត្តឆ្ពោះទៅរកទិសដៅត្រឹមត្រូវ នៃសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

នាយករដ្ឋមន្ត្រីចិនរូបនេះបានបន្តទៀតថា សេដ្ឋកិច្ចរបស់ប្រទេសចិន និងជប៉ុនត្រូវបានរួមបញ្ចូលយ៉ាងស៊ីជម្រៅ ហើយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម គឺជាកត្តាជំរុញនៃទំនាក់ទំនងទ្វេភាគី ដោយបន្ថែមថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តចែករំលែកឱកាសអភិវឌ្ឍន៍ និងគាំទ្រសហគ្រាសនៅក្នុងប្រទេសទាំងពីរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនវានុវត្តន៍បច្ចេកវិទ្យា សេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍន៍បៃតង និងការធានានូវប្រតិបត្តិការប្រកបដោយស្ថិរភាព និងរលូននៃសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម។

ដោយឡែក ប្រធានក្រុមធុរកិច្ចមកពីប្រទេសជប៉ុនបានសម្តែងនូវក្តីសង្ឃឹមថា ប្រទេសទាំងពីរនឹងត្រឡប់ទៅរកបំណងដើមនៃមិត្តភាព និងពង្រឹងការផ្លាស់ប្តូរក្នុងវិស័យផ្សេងៗ និងគ្រប់កម្រិត ដោយកត់សម្គាល់ថា ប្រទេសចិនគឺជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក៕