(ម៉ានីល)៖ ក្រុមមន្ត្រីបាននិយាយថា ហ្វីលីពីន និងវៀតណាមនឹងព្រមព្រៀងលើការពង្រឹងកិច្ចសហប្រតិបត្តិការឆ្មាំឆ្នេរសមុទ្រ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. ទៅកាន់ទីក្រុងហាណូយនាសប្តាហ៍ក្រោយ ដែលជាទង្វើមួយដែលអាចធ្វើឲ្យប្រទេសចិនខឹងសម្បារ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤។
ប្រទេសអាស៊ីអាគ្នេយ៍ទាំងពីរកំពុងប្រកួតប្រជែងគ្នាលើតំបន់ នៃសមុទ្រចិនខាងត្បូង ដែលជាផ្លូវទឹកដ៏សំខាន់សម្រាប់ការនេសាទ និងពាណិជ្ជកម្មពិភពលោក ដែលចិនទាមទារស្ទើរតែទាំងស្រុង។
ឆ្មាំសមុទ្រហ្វីលីពីនបាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ប្រទេសទាំងពីរនឹងចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការឆ្មាំឆ្នេរសមុទ្រ។ វាមិនច្បាស់ថាកិច្ចព្រមព្រៀងនេះនឹងរួមបញ្ចូលអ្វីខ្លះនោះទេ ប៉ុន្តែកិច្ចសហប្រតិបត្តិការឆ្មាំឆ្នេរសមុទ្រ ជាធម្មតាមានសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយហានិភ័យ នៃការប៉ះទង្គិចគ្នារវាងនាវានេសាទ ដែលឈ្លានពានចូលទៅក្នុងដែនទឹកបរទេស ដែលជាជំហានមួយដែលអាចជួយបន្ធូរបន្ថយជម្លោះទឹកដីទ្វេភាគី។
ប្រទេសចិនមានការទាមទារដ៏ទូលំទូលាយចំពោះសមុទ្រចិនខាងត្បូង ហើយជារឿយៗមានការសង្ស័យចំពោះវឌ្ឍនភាពក្នុងការដោះស្រាយជម្លោះព្រំដែន ក្នុងចំណោមអ្នកទាមទារផ្សេងទៀត។ បន្ទាប់ពីវៀតណាម និងឥណ្ឌូនេស៊ីបានទទួលស្គាល់ព្រំដែន នៃតំបន់សេដ្ឋកិច្ចផ្តាច់មុខរៀងៗខ្លួននៅសមុទ្រចិនខាងត្បូងក្នុងខែធ្នូ ឆ្នាំ ២០២២ ឆ្មាំសមុទ្រចិនបានធ្វើដំណើរម្តងហើយម្តងទៀតនៅជិតតំបន់យុទ្ធសាស្ត្រទាំងនោះ ដែលបង្កឱ្យមានប្រតិកម្មខឹងសម្បារ ទាំងទីក្រុងហ្សាកាតា និងហាណូយ។
ទោះជាយ៉ាងណាក៏ដោយ លោក Phan Xuan Dong អ្នកស្រាវជ្រាវវៀតណាមនៅអង្គការ Think Tank ISEAS ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីបាននិយាយថា ក្នុងករណីនេះ ការឆ្លើយតបរបស់ចិនប្រហែលជាមានកម្រិតទាប ដោយសារកិច្ចព្រមព្រៀងនេះមិនមែននិយាយអំពីការទទួលស្គាល់ការទាមទារដែនសមុទ្រនោះទេ៕