(គៀវ)៖ សេវាសន្តិសុខ SBU របស់អ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍នេះបានបើកការស៊ើបអង្កេតឧក្រិដ្ឋកម្ម ជុំវិញការបាញ់ទម្លាក់យន្តហោះយោធារុស្ស៊ី ដែលទីក្រុងម៉ូស្គូបាននិយាយថា បានបណ្តាលឲ្យឈ្លើយសឹកសង្គ្រាមអ៊ុយក្រែនចំនួន ៦៥នាក់បានស្លាប់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤។
ការិយាល័យព័ត៌មានរបស់ SBU បាននិយាយដូច្នេះថា «សេវាសន្តិសុខអ៊ុយក្រែន បានបើកការស៊ើបអង្កេតឧក្រិដ្ឋកម្ម ចំពោះការធ្លាក់យន្តហោះ IL-76 របស់កងទ័ពអាកាសរុស្ស៊ីនៅក្នុងតំបន់ Belgorod»។ របាយការណ៍បានបន្ថែមថា «បច្ចុប្បន្ន SBU កំពុងចាត់វិធានការជាបន្តបន្ទាប់ ដើម្បីបំភ្លឺគ្រប់កាលៈទេសៈជុំវិញការបាញ់ប្រហារ»។
កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានអំពាវនាវឱ្យមានការស៊ើបអង្កេតអន្តរជាតិលើឧប្បត្តិហេតុនេះ។
ក្រុងគៀវបានបញ្ជាក់ថា ការដោះដូរអ្នកទោសត្រូវបានគ្រោងធ្វើនៅថ្ងៃពុធនេះ នៅព្រំដែនរវាងប្រទេសទាំងពីរ ប៉ុន្តែបាននិយាយថា ក្រុងម៉ូស្គូមិនបានជូនដំណឹងពួកគេថា អ្នកទោសណាមួយនឹងត្រូវដឹកតាមយន្តហោះទេ។
គួរបញ្ជាក់ថា អ៊ុយក្រែនក៏មិនបានបញ្ជាក់ ឬបដិសេធចំពោះការអះអាងកណ្តាលរបស់រុស្ស៊ីដែលថា ក្រុងគៀវបានបាញ់ទម្លាក់យន្តហោះនោះ ដោយបានសម្លាប់ទាហានអ៊ុយក្រែនរាប់សិបនាក់នៅលើយន្តហោះនោះដែរ។ សេវាសន្តិសុខរបស់អ៊ុយក្រែនបាននិយាយថា ការស៊ើបអង្កេតឧក្រិដ្ឋកម្មរបស់ខ្លួនកំពុងពិនិត្យមើល «ការបំពានច្បាប់ និងទំនៀមទម្លាប់នៃសង្គ្រាម»។
កាលពីថ្ងៃពុធសប្តាហ៍នេះ រុស្ស៉ីបានចោទប្រកាន់ទីក្រុងកៀវថា ជាអ្នកបាញ់ទម្លាក់យន្តហោះយោធាដឹកជញ្ជូន១គ្រឿងរបស់ខ្លួន ដែលដឹកឈ្លើយសឹកអ៊ុយក្រែន ដើម្បីត្រៀមសម្រាប់ការដោះដូរអ្នកទោសសង្រ្គាម ហើយបានផ្តាច់ជីវិតមនុស្សទាំងអស់ ដែលជិះលើនោះ៕