(អឺរ៉ុប)៖ នៅថ្ងៃព្រហស្បតិ៍នេះ សហភាពអឺរ៉ុប (EU) បានសហការជាមួយអាជ្ញាធរកំពង់ផែអឺរ៉ុប បង្កើតក្រុមការងារវិស័យសាធារណៈ និងឯកជនថ្មីមួយដើម្បីបង្កើនជំនាញ និងចែករំលែកព័ត៌មានក្នុងដោះស្រាយការរត់ពន្ធគ្រឿងញៀន និងឧក្រិដ្ឋកម្មនៅក្នុងប្លុកនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ ២០២៤។

EU បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមការងារនេះត្រូវបានបង្កើតឡើង ចំពេលដែលការរឹបអូសថ្នាំញៀនកូកាអ៉ីន (cocaine) ក្នុងតំបន់អឺរ៉ុបបានឡើងដល់កម្រិតកំណត់ត្រា ជាមួយនិងការរឹបអូសបានច្រើនជាង ៣០០តោនក្នុងមួយឆ្នាំ។ លោកស្រី Ylva Johansson ស្នងការទទួលបន្ទុកកិច្ចការផ្ទៃក្នុងរបស់ EU បានប្រាប់អ្នកយកព័ត៌មាននៅឯកំពង់ផែ Antwerp នៃប្រទេសបែលហ្ស៉ិក យ៉ាងដូច្នេះថា «អឺរ៉ុបមានបញ្ហាដ៏ធំពាក់ព័ន្ធសកម្មភាពឧក្រិដ្ឋកម្មជាបណ្តាញ ហើយយើងដឹងថាប្រភពចំណូលរបស់វាគឺគ្រឿងញៀន»

លោកស្រី Johansson បាននិយាយថា ការកើនឡើងនៃការរឹបអូសគ្រឿងញៀននៅឯកំពង់ផែ Antwerp ដែលជាអត្រាខ្ពស់បំផុតនៅ EU គឺដោយសារតែមានកម្លាំងអាជ្ញាធរបន្ថែមច្រើន ប៉ុន្តែលោកស្រីមើលឃើញ មានកម្រិតខ្ពស់នៃលំហូរគ្រឿងញៀន cocaine។ រដ្ឋមន្ត្រីមហាផ្ទៃបែលហ្ស៉ិក លោកស្រី Annelies Verlinden បាននិយាយថា អឺរ៉ុបដែលមានបណ្តាញដ៏រឹងមាំផ្ទាល់ខ្លួន គឺជាមធ្យោបាយតែមួយគត់ដើម្បីអាចប្រយុទ្ធប្រឆាំងបណ្តាញឧក្រិដ្ឋកម្ម ប្រកបដោយជោគជ័យ។

គួរបញ្ជាក់ថា កាលពីឆ្នាំ ២០២៣ ប៉ូលិសបានរឹបអូសថ្នាំកូកាអ៉ីនទម្ងន់ ១១៦តោន ដែលបំបែកកំណត់ត្រាឆ្នាំ ២០២២លើស ៦តោន។ នៅអឺរ៉ុប ៧០ភាគរយនៃថ្នាំញៀនទាំងអស់រឹបអូសបាន គឺធ្វើឡើងដោយគយនៅតាមកំពង់ផែ ហើយលោកស្រី Catherine De Bolle ប្រធានស្ថាប័នប៉ូលិសអឺរ៉ុប Europol បាននិយាយថា ការជួញដូរគ្រឿងញៀន នៅតែជាទីផ្សារឧក្រិដ្ឋកម្មធំបំផុតនៅអឺរ៉ុប។ កំពង់ផែអឺរ៉ុប បានរួមចំណែករហូតដល់ ៧៥ភាគរយនៃទំហំពាណិជ្ជកម្មខាងក្រៅ ប៉ុន្តែងាយនឹងរងគ្រោះជាពិសេសចំពោះការរត់ពន្ធគ្រឿងញៀន និងមានហានិភ័យនៃការកេងប្រវ័ញ្ចពីបណ្តាញឧក្រិដ្ឋកម្ម៕

រូបភាពពី Reuters