(ប៉េកាំង)៖ ថ្ងៃទី២៣ ខែមករា តាមម៉ោងក្នុងតំបន់ នៅក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ខណៈពេលចូលរួមកិច្ចពិនិត្យពិភាក្សា អំពីសិទ្ធិមនុស្សនៃប្រទេសដទៃជុំទីបួនរបស់ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រទេសចិនបានធ្វើបទបង្ហាញពីមាគ៌ាអភិវឌ្ឍន៍ និងសមិទ្ធផលរបស់កិច្ចការសិទ្ធិមនុស្សនៃប្រទេសចិន។ ប្រទេសចំនួនជាង១២០ បានវាយតម្លៃយ៉ាងសកម្មចំពោះការនេះ ហើយពេលថ្លែងសន្ទរកថា ក្នុងរយៈពេលតែមួយនាទី តំណាងនៃប្រទេសមួយចំនួនក៏បានសម្តែងការកោតសរសើរ ចំពោះស្ថានភាពសិទ្ធិមនុស្សនៃប្រទេសចិនដែរ។

ប្រការនេះ ធ្វើឱ្យប្រទេសលោកខាងលិចមួយចំនួនតូច ដែលប៉ុនប៉ងធ្វើឱ្យកិច្ចពិនិត្យពិភាក្សាអំពីសិទ្ធិមនុស្ស ទៅជាបញ្ហានយោបាយ ដោយយកបញ្ហាស៊ីនជាំងជាដើមធ្វើជាលេស មិនអាចសម្រេចបាននូវគោលបំណងអាក្រក់បានឡើយ។ នៅក្រៅសាលប្រជុំ រឿងរ៉ាវដែលកំពុងកើតឡើង នៅប្រទេសចិនបានបញ្ជាក់ពី ការលើកឡើងពាក់ព័ន្ធ។ នៅឆ្នាំ២០២៣ តំបន់ស៊ីនជាំង បានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន២៦៥លាន៤សែន៤ម៉ឺននាក់ បានកើនឡើង១១៧ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២២ ដែលបានបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ។

គឺនៅថ្ងៃ២៣ ខែមករានេះដែរ ប្រទេសចិនបានចេញផ្សាយសៀវភៅស «ប្រព័ន្ធនិងការអនុវត្តច្បាប់ប្រឆាំងភេរវនិយមរបស់ប្រទេសចិន» ដែលបានឧទេ្ទសនាមពីទង្វើនិងសមិទ្ធផល របស់ប្រទេសចិនក្នុងការប្រឆាំងភេរវកម្ម។ អ្នកជំនាញពាក់ព័ន្ធបានលើកឡើងថា បើមើលពីខ្លឹមសារនៃសៀវភៅសនេះអាចឃើញថា ជានិច្ចកាល ប្រទេសចិនតែងតែប្រឆាំងភេរវកម្មតាមផ្លូវច្បាប់ ប្រការនេះមិនត្រឹមតែបានបង្ក្រាបក្នុងកម្រិតអតិបរមា ចំពោះភេរវនិយមដែលបានបំផ្លាញដល់សន្តិសុខអាយុជីវិត និងទ្រព្យសម្បតិ្តរបស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងក៏បានផ្តល់ការធានាពីឬសគល់ ដល់សិទ្ធិមនុស្សរបស់ប្រជាជនជាច្រើន ដូចជាសិទ្ធិរស់រានមានជីវិតនិងសិទ្ធិអភិវឌ្ឍន៏ជាដើម។

ការស្ទង់ប្រជាមតិបានបង្ហាញឱ្យឃើញថា អារម្មណ៍សុវត្ថិភាពរបស់ប្រជាជនចិន បានកើនឡើងពី៨៧,៥៥ភាគរយនាឆ្នាំ២០១២ ដល់៩៨,៦២ភាគរយនាឆ្នាំ២០២១ ហើយបានរក្សាកម្រិតខ្ពស់ជាបន្តបន្ទាប់ទៀតផង។ ភេរវនិយមជាសត្រូវរួមរបស់មនុស្សជាតិ ប្រទេសចិនក៏ជាប្រទេសរងគ្រោះដែរ។ សូមយកតំបន់ស៊ីនជាំង ដែលជាតំបន់ប្រឆាំងភេរវកម្មដ៏សំខាន់ របស់ប្រទេសចិនជាឧទាហរណ៍ ។ ចាប់ពីឆ្នាំ១៩៩០ដល់ចុងឆ្នាំ២០១៦ តំបន់នេះបានកើតមានព្រឹតិ្តការណ៍ហិង្សា និងភេរវកម្មរាប់ពាន់លើក ដែលបណ្តាលឱ្យប្រជាជនស៊ីវិល ឥតទោសពៃរ៍ជាច្រើនស្លាប់បាត់បង់ជីវិត។ ការភិតភ័យ មនុស្សស្លាប់និងរងរបួស ការអភិវឌ្ឍនស្ថិតក្នុងភាពជាប់គាំង ។ល។

ផលវិបាកទាំងនេះធ្វើឱ្យអ្នកផងទាំងពួងយល់ឃើញយ៉ាងច្បាស់ថា ការប្រឆាំងភេរវកម្មតាមផ្លូវច្បាប់ទើបអាចធានា សិទ្ធិមនុស្សពីឬសគល់បាន។ ប្រការដែលគួរឱ្យលើកឡើងនោះ គឺក្នុងសកម្មភាពប្រឆាំងភេរវកម្ម ប្រទេសចិនមិនត្រឹមតែការពារសិទ្ធិមនុស្ស របស់អ្នករងគ្រោះប៉ុណ្ណោះទេ ថែមទាំងក៏ធានាសិទ្ធិស្របច្បាប់របស់ ជនសង្ស័យពីបទឧក្រិដ្ឋទៀតផង។ ការពិតជាក់ស្តែងបានបញ្ជាក់ថា ស្មារតីនីតិរដ្ឋរបស់ចិនក្នុងការប្រឆាំងភេរវកម្ម គឺស៊ីគ្នាជាមួយគំនិតនិងគោលការណ៍ប្រឆាំងភេរវកម្មអន្តរជាតិ ពោលគឺបានបង្ការដោយមាន ប្រសិទ្ធភាពចំពោះសកម្មភាពភេរវកម្មផង ហើយក៏គោរពនិងធានាសិទ្ធិមនុស្សដោយប្រាកប្រជាផងដែរ។ ប៉ុន្តែក្នុងបញ្ហាប្រឆាំងភេរវកម្ម ប្រទេសលោកខាងលិចមួយចំនួនបានធ្វើតាម “ស្តង់ដារពីរ” ដែលបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ដោយយកអ្វីដែលហៅថា “នីតិរដ្ឋ” និង"សិទ្ធិមនុស្ស"ធ្វើជាលេស ប្រការនេះមិនត្រឹមតែបានរំខានដល់ កិច្ចសហប្រតិបតិ្តការប្រឆាំងភេរវកម្មអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងក៏បានបំផ្លាញដល់ការធានាសិទ្ធិមនុស្ស នៅទូទាំងពិភពលោកផងដែរ។

ការប្រឆាំងភេរវកម្មអាចជំរុញសន្តិសុខនិងស្ថិរភាព សន្តិសុខនិងស្ថិរភាពអាចនាំមកនូវភាគលាភអភិវឌ្ឍន៍ រីឯភាគលាភអភិវឌ្ឍន៍ អាចពង្រឹងសន្តិសុខ និងស្ថិរភាពថែមមួយកម្រិតទៀត។ អ្នកផងទាំងពួងអាចរកបានចម្លើយបែបនេះ តាមរយៈបម្រែបម្រួលរបស់ តំបន់ស៊ីនជាំង។ នាពេលបច្ចុប្បន្ន ពិភពលោកនៅមិនសូវមានសនិ្តភាពទេ ការងារប្រឆាំងភេរវកម្មអន្តរជាតិនៅតែជា “បញ្ហាពិបាកដោះស្រាយ”ដដែល។ ក្នុងបរិបទបែបនេះ ប្រទេសចិនប្រឆាំងភេរវកម្មតាមផ្លូវច្បាប់ បានគាំពារសន្តិសុខនិងស្ថិរភាព ក្នុងតំបន់និងអន្តរជាតិ ហើយក៏បានរួមចំណែកដ៏សំខាន់ ក្នុងអភិបាលកិច្ចសិទ្ធិមនុស្សសកលផងដែរ។ តើការងារការពារសិទ្ធិមនុស្សរបស់ ប្រទេសចិនធ្វើឡើងយ៉ាងដូចម្ត៉េច? ប្រទេសចំនួនជាង១២០ ផ្តល់ការគាំទ្រគឺជាភស្តុតាងបញ្ជាក់ដ៏ល្អបំផុត៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន