(ប៉េកាំង)៖ កាលពីរសៀលថ្ងៃទី២៤ ខែមករា លោកស្រី Peng Liyuan ភរិយារបស់លោកប្រធានរដ្ឋចិន Xi Jinping បានជួបសន្ទនាជាមួយលោកស្រី Ziroat Mirziyoyeva ភរិយារបស់លោក Mirziyoyev ប្រធានាធិបតីអ៊ូសបេគីស្ថាន ដែលអមដំណើរលោក Mirziyoyev បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅក្រុងប៉េកាំង។

លោកស្រី Peng Liyuan បានកោតសរសើរចំពោះលោកស្រី Ziroat Mirziyoyeva ដែលខិតខំប្រឹងប្រែង ក្នុងកិច្ចការសប្បុរសធម៌សង្គម និងផលប្រយោជន៍សាធារណៈអស់កាលជាយូរមក រំពឹងថា ភាគីទាំងពីរអាចបង្កើនការរៀនសូត្រពីគ្នា ទៅវិញទៅមកក្នុងវិស័យការពារសិទ្ធិ និងផលប្រយោជន៍របស់ស្ត្រី និងកុមារនិងក្រុមមនុស្សទន់ខ្សោយ ដូចជាជនមានពិការភាពជាដើម ដើម្បីរួមគ្នានាំមកនូវផលប្រយោជន៍ជូនដល់ប្រជាជននៃប្រទេសទាំងពីរ។

ជាការឆ្លើយតប លោកស្រី Ziroat Mirziyoyeva បានវាយតម្លៃខ្ពស់ចំពោះលោកស្រី Peng Liyuan ដែលបានធ្វើការងារជំរុញការអភិវឌ្ឍ កិច្ចការស្ត្រីនិងកុមារអស់កាលជាយូរមកហើយ និងបង្ហាញពីភាពរីករាយ ក្នុងការបន្តជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងភាគីទាំងពីរ ដើម្បីរួមចំណែកជាកម្លាំងក្នុងការធ្វើឱ្យមិត្តភាព រវាងអ៊ូសបេគីស្ថាននិងចិនមានភាពកាន់តែស៊ីជម្រៅ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន