(ប៉េកាំង)៖ កាលពីពេលថ្មីៗកន្លងទៅនេះ រដ្ឋាភិបាលចិនបានប្រកាសជាបន្តបន្ទាប់នូវទិន្នន័យនៃវិស័យនានាប្រចាំឆ្នាំ ២០២៣ ក្នុងនោះ ផលិតផលក្នុងស្រុកសរុប ( GDP ) ប្រចាំឆ្នាំ ២០២៣ បានកើនឡើង ៥,២% បើប្រៀបធៀបនឹងឆ្នាំ ២០២២។

បច្ចុប្បន្ន ពិភពលោកបាននិងកំពុងស្ថិតក្នុងបម្រែបម្រួលនិម្មានកម្មថ្មីដែលមិនធ្លាប់មាន ឯភាពរង្គោះរង្គើដែលបណ្តាលមកពីកត្តាផ្សេងៗ នៅតែបន្តកើតឡើង ដែលធ្វើឱ្យប្រទេសនានា ប្រឈមនឹងវិបត្តិសេដ្ឋកិច្ចទោះតិចឬច្រើនក្តី។ ហេតុអ្វីបានជាប្រទេសចិនមានកំណើន GDP ល្អជាងការរំពឹងទុក ?

ជាបឋម ទីផ្សារប្រើប្រាស់របស់ចិននៅតែមានសក្តានុពលដ៏ធំធេងដដែល បើទោះបីប្រឈមនឹងវិបត្តិនៃការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលក្តី ។ ការប្រើប្រាស់មានសន្ទុះកើនឡើងជាបន្តបន្ទាប់ ក្រោយពីចេញពីវិបត្តិជំងឺរាតត្បាតសកល ពិសេសក្នុងកំលុងឆ្នាំ ២០២៣ ស្របនឹងការស្តារឡើងវិញនៃវិស័យទេសចរណ៍ វិស័យឧស្សាហកម្មសេវាកម្មនានា ដូចជាមុខរបរសណ្ឋាគារនិងភោជនីយដ្ឋាន មុខរបរលក់ដុំនិងរាយ និងការដឹកជញ្ជូនជាដើម សុទ្ធតែបានកើនឡើងជិតដល់កម្រិតដូចឆ្នាំ ២០១៩ ពោលគឺវិស័យឧស្សាហកម្មសេវាកម្មទាំងមូល បានកើនឡើង ៥.៨% បើប្រៀបធៀបនឹងឆ្នាំ ២០២២។

ចំណុចទីពីរគឺភាពបរិយាបន្នខ្ពស់នៃទីផ្សាររបស់ចិន ពោលគឺចិនបានប្រកាន់ខ្ជាប់ នូវសកលភាវូបនីយកម្មសេដ្ឋកិច្ចនិងទីផ្សារសេរី គ្មានភាពរើសអើងចំពោះបុគ្គលឬអង្គភាពណាឡើយ ឱ្យតែចង់អភិវឌ្ឍមុខរបរក្នុងទីផ្សារចិន និងប្រកបអាជីវកម្មដោយស្របច្បាប់ នោះប្រទេសចិននឹងផ្តល់នូវបរិយាកាសទីផ្សារដែលមានតម្លាភាព សេរីភាព ងាយស្រួល គោរពកម្មសិទ្ធិបញ្ញានិងការពារ សកម្មភាពអាជីវកម្មតាមផ្លូវច្បាប់ ។ អាស្រ័យហេតុនេះ សហគ្រាសលំដាប់កំពូលលើពិភពលោកជាច្រើន បានបន្តបណ្តាក់ទុនក្នុងទីផ្សារចិន ដែលជាការរួមចំណែកចំពោះកំណើនសេដ្ឋកិច្ចចិនផង និងចែករំលែកនូវផលលាភពីកាលានុវត្តភាពអភិវឌ្ឍន៍របស់ចិនផង។

ចំណុចទីបីគឺប្រទេសចិនប្រកាន់ខ្ជាប់ពហុភាគីនិយម ពោលគឺធ្វើកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយគ្រប់ប្រទេស ពិសេសជាមួយប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសមានការអភិវឌ្ឍន៍តិចតួច។ ក្នុងឆ្នាំ ២០២៣ ការនាំចេញនាំចូលទំនិញរបស់ចិន មានស្ថិរភាពជាទូទៅ និងមានកំណើន ០,២% បើប្រៀបធៀបនឹងឆ្នាំ ២០២២។ ក្នុងនេះ ការនាំចេញនាំចូលរវាងប្រទេសចិន ជាមួយប្រទេសរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» និងរដ្ឋជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ( RCEP ) មានភាពរស់រវើកនិងមានកំណើនគួរឱ្យកត់សម្គាល់។

ចំណុចទីបួនគឺការអភិវឌ្ឍរវាងទីក្រុង និងជនបទរបស់ប្រទេសចិនកាន់តែមានតុល្យភាព ពោលគឺក្រោមការជំរុញនៃគោលនយោបាយ ស្តារអភិវឌ្ឍន៍ជនបទ សន្ទុះកំណើននៃប្រាក់ចំណូលរបស់ប្រជាពលរដ្ឋនៅទីជនបទ លឿនជាងកំណើននៃប្រាក់ចំណូលរបស់ ប្រជាពលរដ្ឋនៅទីក្រុង។ គោលនយោបាយឧបត្ថម្ភធនរបស់រដ្ឋាភិបាលចំពោះតំបន់ជនបទ បានជួយឱ្យរដ្ឋបាលមូលដ្ឋានពង្រឹង សមិទ្ធផលនៃការចេញផុតពីភាពក្រីក្រ និងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋនៅទីជនបទជាបណ្តើរៗ ដើម្បីឱ្យប្រជាជនទូទាំងប្រទេស សុទ្ធតែមានជីវភាពធូរធារបង្គួរ។

ចំណុចទីប្រាំគឺទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិននិងអាមេរិក ទទួលបានការកែលម្អ។ ដូចដែលយើងទាំងអស់គ្នា បានដឹងស្រាប់ហើយថា ប្រទេសទាំងពីរចិននិងអាមេរិក ជាអង្គភាពសេដ្ឋកិច្ចធំទាំងពីរលើពិភពលោក ដែលអាចនិយាយបានថាសេដ្ឋកិច្ច នៃប្រទេសទាំងពីរ បានកំណត់នូវជោគវាសនានៃសេដ្ឋកិច្ចពិភពលោក។ បន្ទាប់ពីកិច្ចជំនួបរវាងលោក ស៊ី ជីនភីង ប្រធានរដ្ឋចិននិងលោក បៃដិន ប្រធានាធិបតីអាមេរិក នៅក្រុងសានហ្វ្រានស៊ីស្កូ ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ទទួលបានការកែលម្អខ្លះៗ ដែលបានរួមចំណែកដល់ស្ថិរភាព និងភាពប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក និងលើកកម្ពស់ជំនឿចិត្តនៃទីផ្សារអន្តរជាតិ។

ជាការពិតណាស់ ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក មិនមែនជារឿងមួយថ្ងៃឬពីរថ្ងៃទេ វាជាដំណើរការរយៈពេលយូរ ។ យ៉ាងណាមិញ និន្នាការល្អប្រសើរនៃកំណើន GDP របស់ចិននៅឆ្នាំ ២០២៣ អាចនិយាយបានថា ជាការលើកទឹកចិត្តនិងផ្តល់ជំនឿចិត្ត ដល់ទីផ្សារអន្តរជាតិ ពោលគឺឱ្យតែយើងរួមសាមគ្គីគ្នា ធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ នឹងអាចពន្លឿនដំណើរការស្តារ សេដ្ឋកិច្ចពិភពលោកឡើងវិញ ហើយឆ្ពោះទៅរកវិបុលភាព និងវឌ្ឍនភាពរួមនាពេលអនាគតជាក់ជាពុំខាន៕

អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន