(ប៉េកាំង)៖ នៅជាង១០ថ្ងៃទៀត គឺជាបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។ វេបសាយនៃក្រុមហ៊ុនដឹកជញ្ជូនរហ័សនាំគ្នាបង្ហាញថា “នឹងមិនឈប់សម្រាកក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីចិន”ទេ ពោលគឺមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញ និងស្ថានីយ៍បម្រើសេវាកម្ម នៅបើកអាជីវកម្មធម្មតា លេខទូរស័ព្ទផ្តល់សេវាកម្មដល់ភ្ញៀវនឹងដំណើរការពេញ២៤ម៉ោង ។ល។ សហគ្រាសដឹកជញ្ជូនរហ័សរបស់ចិន មិនឈប់សម្រាកនៅថ្ងៃបុណ្យ គឺបានបញ្ចេញកំដៅនៃការអភិវឌ្ឍសេដ្ឋកិច្ច។
តាមទិន្នន័យដែលរដ្ឋាភិបាលចិន បានប្រកាសកាលពីថ្ងៃទី២២ ខែមករា ឱ្យដឹងថា នៅឆ្នាំ២០២៣ ទំហំអាជីវកម្មដឹកជញ្ជូនរហ័សសរុបរបស់ចិន សម្រេចបាន១សែន៣ម៉ឺន២ពាន់៧០លាន ដែលបានកើនឡើង១៩,៤ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន បានជាប់ចំណាត់ថ្នាក់ទីមួយ លើទូទាំងពិភពលោក ក្នុងរយៈពេល១០ឆ្នាំជាប់ៗគ្នា ។ ការដឹកជញ្ជូនរហ័សទាំងនេះបូក រួមទាំងការដឹកជញ្ជូនរហ័សចិននិងអន្តរជាតិ ដៃគូពាណិជ្ជកម្មក៏ពាសពេញទូទាំងពិភពលោកផងដែរ ។ បើមើលពីការវិវឌ្ឍរីកចម្រើនរបស់ខ្លួនឃើញថា ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ ទំហំដឹកជញ្ជូនរហ័សរបស់ចិនសម្រេចបាននូវការលោតផ្លោះដ៏លេចធ្លោពី១ម៉ឺនលានឡើងដល់១សែនលាន។ បើប្រៀបធៀបនឹងប្រទេសផ្សេងទៀត ទំហំអាជីវកម្មដឹកជញ្ជូនរហ័សរបស់ចិន ត្រូវជាលើសពី៦០ភាគរយនៃទូទាំងពិភពលោក។
ក្នុងនាមជាចំណុចដ៏សំខាន់ក្នុងវិស័យបម្រើសេវាកម្មទំនើប ទំហំអាជីវកម្មដឹកជញ្ជូនរហ័សជាសន្ទស្សន៍បរិមាណទំនិញ ជាក់ស្តែងដ៏សំខាន់សម្រាប់សង្កេតមើលសេដ្ឋកិច្ចប្រទេសចិន។ តើអ្វីទៅជំរុញឱ្យអាជីវកម្មដឹកជញ្ជូនរហ័សរបស់ចិន រីកចម្រើនយ៉ាងល្អប្រសើរ? នេះគឺមិនអាចកាត់ផ្ដាច់ពីការអូសទាញពីតម្រូវការ ភាពខ្លាំងក្លាផ្នែកផ្គត់ផ្គង់ ព្រមទាំងការគាំទ្រយ៉ាងខ្លាំង ពីបណ្ដាញកណ្តាលផងដែរ។
ជនជាតិចិនចំនួនជាង១ពាន់៤រយលាននាក់ បានបង្កើតទៅជាទីផ្សារប្រើប្រាស់ ដែលមានសក្តានុពលខ្លាំងបំផុតលើទូទាំងពិភពលោក ។ កញ្ចប់អីវ៉ាន់គិតជាមធ្យមចំនួន៣៥០លានជារៀងរាល់ថ្ងៃ គឺជាទ្រង់ទ្រាយនៃមុខរបរដឹកជញ្ជូនរហ័សរបស់ចិន នាពេលបច្ចុប្បន្ន ។ នៅឆ្នាំ២០២៣ អត្រារួមចំណែករបស់ការចំណាយលើ ការប្រើប្រាស់ចុងក្រោយចំពោះកំណើនសេដ្ឋកិច្ចចិន គឺ៨២,៥ភាគរយ ដែលជំរុញកំណើនសេដ្ឋកិច្ចចំនួន៤,២ភាគរយ ។ បច្ចុប្បន្ននេះ ចំនួនអ្នកប្រើប្រាស់បណ្តាញអ៊ីនធើណេតរបស់ចិន គឺលើសពី១ពាន់លាននាក់ ទំហំលក់រាយទំនិញតាមបណ្តាញអ៊ីនធើណេតត្រូវជា ២៧,៦ភាគរយនៃទំហំលក់រាយទំនិញប្រើប្រាស់សរុប ក្នុងសង្គម ពោលគឺជិត១ភាគ៣។
នៅផ្នែកផ្គត់ផ្គង់ តើអាចទទួលបញ្ចូនទំនិញយ៉ាងឆាប់រហ័សឬអត់ គឺពាក់ព័ន្ធនឹងអារម្មណ៍ដកបទពិសោធន៍និងកម្រិតពេញចិត្តរបស់អតិថិជន ។ បច្ចុប្បន្ននេះ ប្រទេសចិនជាប្រទេសតែមួយគត់លើទូទាំងពិភពលោក ដែលមានប្រភេទឧស្សាហកម្មពេញលេញទាំងអស់ ក្នុងចំណោមប្រភេទឧស្សាហកម្មនៃអង្គការសហប្រជាជាតិ។ សមត្ថភាពបន្ទាប់បន្សំខាងឧស្សាហកម្មដ៏ខ្លាំងក្លា ព្រមទាំងឧត្តមភាពខាងខ្សែសង្វាក់ផ្គត់ផ្គង់ បានផ្តល់ការធានាយ៉ាងខ្លាំងដល់ល្បឿនផលិតកម្ម និងភាពរហ័សរហួននៃប្រតិកម្មនៃសហគ្រាសចិន។
អ្នកទទួលបន្ទុកនៃរោងចក្រផលិតសំលៀកបំពាក់ និងមួកមួយនៅក្រុង Rizhao ខេត្ត Shandong បានលើកឡើងថា ពីការទទួលប្លង់របស់អតិថិជនបរទេស រហូតដល់ការផលិតចេញជាអីវ៉ាន់គំរូ ពួកគេអាចគ្រប់គ្រងដំណើរការទាំងមូល ក្នុងរយៈពេល២៤ម៉ោង។ ការរីកចម្រើននៃធុរកិច្ចអេឡិចត្រូនិកឆ្លងដែន នាំឱ្យផលិតផលចិនទទួលប្រជាប្រិយភាព យ៉ាងឆាប់រហ័សនៅក្រៅប្រទេស។
រវាងការផ្គត់ផ្គង់និងតម្រូវការ ហេដ្ឋារចនាសម្ព័ន្ធផ្នែកគមនាគមន៍ និងប្រព័ន្ធចរាចរណ៍ទំនិញហាក់ដូចជា “សរសៃឈាម” ដែលបានធានាភាពរលូននៃចរាចរណ៍ទំនិញ ។ បច្ចុប្បន្ននេះ ប្រទេសចិនបានកសាងរួចរាល់នូវបណ្តាញផ្លូវដែកល្បឿនលឿន បណ្តាញផ្លូវថ្នល់ល្បឿនលឿន និងក្រុមកំពង់ផែលំដាប់ពិភពលោកដ៏ធំបំផុតលើពិភពលោក ដែលកកើតទៅជាបណ្តាញដ៏ធំសម្បើម ដែលមានប្រវែងលើសពី៤៨លាន៧សែនគីឡូម៉ែត្រ ស្ថានីយ៍សេវាកម្មដឹកជញ្ជូនរហ័សតាមអ៊ីនធើណេត លើសពី២សែន៣ម៉ឺនកន្លែង និងបម្រើមនុស្សគិតជាមធ្យមជាង៧រយលាននាក់ក្នុងមួយថ្ងៃ។
បច្ចុប្បន្ននេះ ការដឹកជញ្ជូនរហ័សរបស់ចិន បានក្លាយជានាមប័ណ្ណរបស់ចិនដ៏លេចធ្លោ។ ទំហំអាជីវកម្មមួយនេះបានកើនឡើងជាបន្តបន្ទាប់ ដែលបង្ហាញថា កម្រិតប្រើប្រាស់នៃផលិតកម្មបានកើនឡើង ហើយបកមកជំរុញការបញ្ចេញតម្រូវការវិញ។ រាល់កញ្ចប់អីវ៉ាន់នីមួយៗ សុទ្ធតែជាការបកស្រាយដ៏រស់រវើកអំពីសេដ្ឋកិច្ចប្រទេសចិន ដែលមានភាពនឹងនរនិងល្អប្រសើរ៕
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន