(តូក្យូ)៖ តុលាការនៅប្រទេសជប៉ុន នាថ្ងៃព្រហស្បតិ៍នេះ បានសម្រេចផ្តន្ទាទោសប្រហារជីវិតលើជនដៃដល់ ក្នុងករណីលួចដុតអគារស្ទូឌីយ៉ូផលិតគំនូរជីវចល កាលពីឆ្នាំ២០១៩ ដែលបានបណ្តាលឱ្យមនុស្សសរុប៣៦នាក់ស្លាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤។

បុគ្គលឈ្មោះ Shinji Aoba ដែលឥឡូវមានអាយុ៤៥ឆ្នាំ បានលបចូលទៅកាន់អគារស្ទូឌីយ៉ូ Kyoto Animation ដែលជាស្ទូឌីយ៉ូផលិតគំនូរជីវចលជប៉ុន ឬហៅថា Anime កាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ហើយបានស្រោចបង្ហូរសាំងព័ទ្ធជុំវិញជាន់ផ្ទាល់ដីរបស់​អគារនោះ រួចដុតបញ្ឆេះវាឡើង និងស្រែកពាក្យថា «ស្លាប់ឱ្យអស់ទៅ»។ អ្នកបាត់បង់ជីវិតជាច្រើន គឺជាមនុស្សវ័យក្មេង ក្នុងនោះរួមមានទាំង​នារីម្នាក់អាយុ២១ឆ្នាំ។ ក្រៅពីអ្នកស្លាប់ មនុស្សជាង៣០នាក់ទៀតបានរងរបួស ខណៈជនដៃដល់ ត្រូវបានប៉ូលិសឃាត់ខ្លួននៅនឹងកន្លែង ដ្បិតរូបគេក៏បានរងរបួសរលាកភ្លើងធ្ងន់ធ្ងរខ្លាំងផងដែរ។

គួរបញ្ជាក់ថា ជប៉ុនស្ថិតក្នុងចំណោមប្រទេសអភិវឌ្ឍន៍មួយចំនួនតូច ដែលនៅប្រើប្រាស់ទោសប្រហារជីវិត។ ទោសប្រហារជីវិតនៅក្នុងប្រទេសអាស៉ីមួយនេះ ជាទូទៅត្រូវបានអនុវត្តសម្រាប់អំពើឃាតកម្ម ដែលមានមនុស្សស្លាប់លើសពីម្នាក់ ហើយការស្ទង់មតិបង្ហាញថា មតិគាំទ្ររបស់សាធារណជន គឺមានកម្រិតខ្ពស់។ ការប្រហារជីវិតចុងក្រោយបំផុតលើអ្នកទោសនៅប្រទេសជប៉ុន បានប្រព្រឹត្តទៅកាលពី២០២២ ហើយគិតត្រឹមខែធ្នូ ឆ្នាំ២០២៣ មនុស្សសរុបចំនួន១០៧ គឺត្រូវបានផ្តន្ទាទោសប្រហារជីវិត៕

រូបភាពពី AFP