(តៃប៉ិ)៖ នាថ្ងៃព្រហស្បតិ៍នេះ កោះតៃវ៉ាន់បានចាប់ផ្តើមអនុវត្តគោលការណ៍ ដែលតម្រូវឱ្យការបំពេញកាតព្វកិច្ចយោធា ត្រូវមានរយៈពេល១ឆ្នាំ ស្របពេលដែលរដ្ឋាភិបាលទីក្រុងតៃប៉ិ ព្រួយបារម្ភអំពីការគំរាមកំហែងកើនឡើងផ្នែកយោធាពីប្រទេសចិន ខណៈពីមុនមក វាមានរយៈពេលត្រឹមតែ៤ខែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤។
មេដឹកនាំតៃវ៉ាន់លោកស្រី Tsai Ing-wen បានប្រកាសអំពីគោលការណ៍ថ្មីខាងលើ តាំងតែពីចុងឆ្នាំ២០២២ម៉្លេះ បន្ទាប់ពីចិនបានបង្កើនការដាក់សម្ពាធផ្នែកយោធា ការទូត និងសេដ្ឋកិច្ចលើតៃវ៉ាន់ ដើម្បីជំរុញឱ្យទីក្រុងតៃប៉ិយល់ព្រមទទួលយក ការអះអាងអធិបតេយ្យរបស់ខ្លួន ក្នុងនោះរួមមានតាមរយៈ ការធ្វើបេសកកម្មរបស់កងទ័ពអាកាសចិន សឹងតែរៀងរាល់ថ្ងៃ មកក្បែរៗកោះតៃវ៉ាន់ ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយ។ លោកស្រី Tsai ធ្លាប់បាននិយាយថា ប្រព័ន្ធយោធាពីមុន រួមមានទាំងការបណ្តុះបណ្តាលកងទ័ពបម្រុង គឺហាក់មិនទាន់គ្រប់គ្រាន់ ដើម្បីទប់ទល់ការគំរាមកំហែងកើនឡើងនៃផ្នែកយោធាពីចិនឡើយ ជាពិសេសប្រសិនបើ ចិនបើកការវាយប្រហារយ៉ាងឆាប់រហ័សមកលើតៃវ៉ាន់។
យោងតាមផែនការប្រកាសកន្លងមក ក្រុមអ្នកដែលត្រូវចូលបំពេញកាតព្វកិច្ចយោធា ក្រោមគោលការណ៍ថ្មីនេះ នឹងឆ្លងកាត់វគ្គហ្វឹកហាត់ ដែលលំបាកនិងសកម្មខ្លាំងជាងមុន ក្នុងនោះមានទាំងការហាត់បាញ់អាវុធ ការសិក្សាមេរៀនសមរភូមិ ដែលប្រើប្រាស់ដោយយោធាអាមេរិក និងការធ្វើប្រតិបត្តិការអាវុធដែលមានអានុភាពខ្ពស់ ដូចជាមីស៉ីលប្រឆាំងយន្តហោះ Stinger និងមីស៉ីលប្រឆាំងរថក្រោះជាដើម។ អាមេរិកដែលជាខ្នងបង្អែកអន្តរជាតិ និងជាអ្នកផ្គង់ផ្គង់អាវុធដ៏សំខាន់របស់តៃវ៉ាន់ បានបង្ហាញការស្វាគមន៍ចំពោះ កំណែទម្រង់នេះ ដោយថាវាជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់តៃវ៉ាន់ ដើម្បីពង្រឹងសមត្ថភាពការពារខ្លួនឯង។
គួរបញ្ជាក់ថា យ៉ាងណាមិញ រយៈពេលនៃការបំពេញកាតព្វកិច្ចយោធានៅតៃវ៉ាន់ គឺនៅខ្លីជាងរយៈពេលបំពេញកាតព្វកិច្ចយោធា១៨ខែ នៅឯប្រទេសកូរ៉េខាងត្បូង ដែលប្រឈមការគំរាមកំហែងពីកូរ៉េខាងជើង។ ក្រោយតៃវ៉ាន់បានប្រកាសអំពីផែនការ ខាងលើកាលពីឆ្នាំ២០២២ ចិនបានចេញមុខរិះគន់រដ្ឋាភិបាលតៃវ៉ាន់ថា កំពុងព្យាយាមប្រើប្រាស់ប្រជាជនតៃវ៉ាន់ ធ្វើជាទាហានសម្រាប់តែឱ្យទៅស្លាប់ក្នុងសង្រ្គាម៕
រូបភាពពី Reuters