(ប៉េកាំង)៖ ប្រតិភូនៃមេដឹកនាំធុរកិច្ចជប៉ុនប្រហែល ២០០នាក់ បានទៅដល់ប្រទេសចិនក្នុងសប្តាហ៍នេះ ដើម្បីស្វែងរកការជំរុញទំនាក់ទំនងសេដ្ឋកិច្ច ដែលគឺជាលើកដំបូងក្នុងរយៈពេលជាង ៤ឆ្នាំ ចំពេលមានបញ្ហាប្រឈមភូមិសាស្ត្រនយោបាយ ដែលធ្វើឲ្យទំនាក់ទំនងមានភាពតានតឹង។ នេះបើយោងការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ ២០២៤។
ប្រតិភូផ្នែកសេដ្ឋកិច្ចរបស់ជប៉ុន តែងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិនជារៀងរាល់ឆ្នាំ គិតចាប់តាំងពីឆ្នាំ ១៩៧៥មក ប៉ុន្តែមិនមានឡើយ ដំណើរទស្សនកិច្ចបែបនេះ អំឡុងសម័យកូវីដ១៩ នៅពេលដែលចិនបិទព្រំដែនរបស់ខ្លួន។ អំឡុងពេលនៃទស្សនកិច្ចនេះ ប្រតិភូធុរកិច្ចដែលរួមមានលោក Masakazu Tokura ប្រធានក្រុមហ៊ុន Keidanren ដ៏មានឥទ្ធិពលមូយរបស់ជប៉ុន ត្រូវជួបនាយករដ្ឋមន្ត្រីចិន លោក Li Qiang នៅថ្ងៃព្រហស្បតិ៍នេះ។
គួរបញ្ជាក់ថា ចិនគឺជាទីផ្សារនាំចេញកំពូលរបស់ជប៉ុន ដែលមានទំហំទឹកប្រាក់ ១៤៥ពាន់លានដុល្លារ និងជាប្រភពដ៏ធំបំផុតតែមួយគត់ សម្រាប់ការនាំចូល ក្នុងទំហំទឹកប្រាក់ ១៨៩ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២២។ ទំនាក់ទំនងរវាងជប៉ុន និងចិនកាន់តែតានតឹង បន្ទាប់ពីប្រទេសទាំងពីរប៉ះទង្គិចគ្នា រាប់ចាប់តាំងពីបញ្ហាបញ្ចេញទឹកចម្រោះសារធាតុវិទ្យុសកម្មរបស់ជប៉ុន ទៅក្នុងមហាសមុទ្រ រហូតដល់ការឃុំខ្លួនពលរដ្ឋជប៉ុន ពីបទសង្ស័យចារកម្មនៅក្នុងប្រទេសចិន។
ការរារាំងរបស់ជប៉ុនលើការនាំចេញឧបករណ៍ផលិតបន្ទះឈីបទៅចិន បានបន្ថែមបញ្ហាដែលថារដ្ឋាភិបាលរបស់ លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុនកំពុងដើរតាមគន្លងរបស់សហរដ្ឋអាមេរិក ក្នុងការបង្អាក់ការអភិវឌ្ឍន៍សេដ្ឋកិច្ចចិន។ ប៉ុន្តែក្នុងជំនួបដ៏កម្ររវាងប្រធានាធិបតីចិន លោក ស៉ី ជីនពីង និងលោក Kishida កាលពីខែវិឆ្ឆិកា ឆ្នាំ២០២៣ មេដឹកនាំទាំងពីរបានឯកភាពគ្នាក្នុងការបន្តទំនាក់ទំនង ដើម្បីផលប្រយោជន៍ទៅវិញទៅមក៕
រូបភាពពី Reuters