(តៃប៉ិ)៖ នៅថ្ងៃព្រហស្បតិ៍នេះ មេដឹកនាំជាប់ឆ្នោតកោះតៃវ៉ាន់ លោក Lai Ching-te បានបង្ហាញក្តីសង្ឃឹមថា សហរដ្ឋអាមេរិកនឹងអាចបន្តផ្តល់ការគាំទ្ររឹងមាំចំពោះតៃវ៉ាន់ ខណៈលោកបានទទួលជួបពិភាក្សាជាមួយ ក្រុមសមាជិកសភាអាមេរិកដំបូងគេ ដែលមកបំពេញទស្សនកិច្ចនៅទីក្រុងតៃប៉ិ គិតចាប់តាំងពីរូបលោកបានទទួលជ័យជម្នះ ក្នុងការបោះឆ្នោតនាខែមករានេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤។
លោក Lai ដែលមកពីគណបក្សកាន់អំណាច DPP ហើយជាមេដឹកនាំរងតៃវ៉ាន់បច្ចុប្បន្ន នឹងឡើងកាន់អំណាចជាមេដឹកនាំផ្លូវការ នាថ្ងៃទី២០ ខែឧសភា ឆ្នាំនេះ បន្តពីលោកស្រី Tsai Ing-wen។ ចិនដែលចាត់ទុកតៃវ៉ាន់ ជាផ្នែកមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ខ្លួន បានចោទលោក Lai ថាជាបុគ្គលដ៏គ្រោះថ្នាក់ម្នាក់ ដែលមាននិន្នាការចង់បំបែករដ្ឋ។ ក្នុងជំនួបជាមួយសមាជិកសភាអាមេរិក លោក Mario Diaz-Balart ដែលមកពីបក្សសាធារណរដ្ឋ និងលោក Ami Bera ដែលមកពីបក្សប្រជាធិបតេយ្យ លោក Lai បាននិយាយថា លទ្ធិប្រជាធិបតេយ្យនិងសេរីភាព គឺជាគុណតម្លៃស្នូលរួមរវាងតៃវ៉ាន់និងសហរដ្ឋអាមេរិក។
លោក Lai បានបន្ថែមថា លោកនឹងបន្តការពារស្ថានភាពដើមនៃសន្តិភាពនិងស្ថិរភាព នៅត្រើយទាំងសងខាងនៃតំបន់ច្រកសមុទ្រតៃវ៉ាន់ ហើយបានបង្ហាញក្តីសង្ឃឹមថា សហរដ្ឋអាមេរិកនឹងអាចបន្តផ្តល់ការគាំទ្ររឹងមាំដល់តៃវ៉ាន់ ព្រមទាំងធ្វើឱ្យកិច្ចសហប្រតិបត្តិការ ក៏ដូចជាទំនាក់ទំនងទ្វេភាគីកាន់តែស៉ីជម្រៅ ហើយរួមគ្នាធ្វើការជាមួយ ដៃគូប្រជាធិបតេយ្យដទៃទៀត ដើម្បីធានានូវសុខសន្តិភាព និងវិបុលភាពនៅក្នុងតំបន់។ រីឯលោក Diaz-Balart បានប្រាប់លោក Lai ថា សារចម្បងបំផុតនៃទស្សនកិច្ច នាពេលនេះ គឺដើម្បីបង្ហាញថា ការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះតៃវ៉ាន់ មានភាពរឹងមាំ ពិតប្រាកដ និងមានការចូលរួម១០០ភាគរយ ពីបក្សនយោបាយអាមេរិកធំទាំងពីរ ហើយលោកបានប្រាប់លោក Lai កុំឱ្យព្រួយបារម្ភ ដ្បិតលោកមានការគាំទ្រពីសភាអាមេរិក។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក គឺជាខ្នងបង្អែកអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់សព្វាវុធដ៏សំខាន់របស់តៃវ៉ាន់ បើទោះបីជាភាគីទាំងពីរ មិនមានទំនាក់ទំនងការទូតផ្លូវការជាមួយគ្នា ក៏ដោយ។ ចិនធ្លាប់បានព្រមានជាច្រើនលើកច្រើនសា ឱ្យអាមេរិកបញ្ឈប់ការគាំទ្រទាំងផ្នែកនយោបាយ និងយោធាសម្រាប់តៃវ៉ាន់ ខណៈបញ្ហាដែនកោះនេះជាបញ្ហារសើបខ្លាំងបំផុត នៅក្នុងទំនាក់ទំនងរវាងកំពូលមហាអំណាចទាំងពីរ។ ដោយឡែក កាលពីសប្តាហ៍កន្លងទៅ លោក Lai និងលោកស្រី Lai ក៏បានទទួលជួបពិភាក្សាជាមួយ ក្រុមអតីតមន្រ្តីជាន់ខ្ពស់អាមេរិកផងដែរ ដែលមកបំពេញទស្សនកិច្ចនៅតៃវ៉ាន់ ក្នុងលក្ខខណ្ឌមិនផ្លូវការ ក្រោមការបង្គាប់របស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន៕
រូបភាពពី Reuters