(ហ៊្សេរុយសាឡិម)៖ នៅថ្ងៃពុធសប្តាហ៍នេះ ប្រទេសកាតាបានលើកឡើងថា នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu កំពុងរារាំងដល់កិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួល ជុំវិញសង្រ្គាមនៅតំបន់ហ្គាហ្សា បន្ទាប់ពីបែកធ្លាយនូវសារជាសំលេងរបស់លោក ដែលចាត់ទុកប្រទេសក្នុងតំបន់ឈូងសមុទ្រមួយនេះថា «បង្កបញ្ហា»។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤។

អ្នកនាំពាក្យក្រសួងការបរទេសកាតា លោក Majed Al Ansari បានបង្ហោះសារលើបណ្តាញសង្គម X យ៉ាងដូច្នេះថា «យើងមានការរំជួលចិត្ត ចំពោះការលើកឡើងអំពីតួនាទីជាអ្នកសម្របសម្រួលរបស់កាតា ដែលត្រូវបានចោទប្រកាន់លើលោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល ដែលត្រូវបានរកឃើញក្នុងរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ»

លោក Majed Al Ansari បានសរសេរបន្ថែមថា «ប្រសិនបើរបាយការណ៍នេះត្រូវបានរកឃើញថាជាការពិត នោះលោកនាយករដ្ឋមន្រ្តីអ៉ីស្រាអែល អាចត្រឹមតែទទួលបានការបង្អាក់ និងធ្វើឲ្យខូចដល់ដំណើការកិច្ចសម្រុះសម្រួលប៉ុណ្ណោះ សម្រាប់ហេតុផលដែលទំនងជាចង់បម្រើដល់អាជីពនយោបាយរបស់លោក ជំនួសឲ្យការផ្តល់អាទិភាពដល់ការជួយសង្គ្រោះអាយុជីវិតមនុស្សស្លូតត្រង់ រួមទាំងចំណាប់ខ្មាំងអ៉ីស្រាអែលផងដែរ»

គួរបញ្ជាក់ថា នៅក្នុងការបែកធ្លាយសំលេងថតចេញពីកិច្ចប្រជុំ ជាមួយក្រុមគ្រួសារចំណាប់ខ្មាំងដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ Channel 12 របស់អ៉ីស្រាអែល កាលពីថ្ងៃអង្គារសប្តាហ៍នេះ លោក Netanyahu បានហៅកាតាថាបង្កបញ្ហា។ នៅពេលត្រូវបានសួរថាតើសំលេងបែកធ្លាយនោះជាការពិតឬទេ? អ្នកនាំពាក្យរដ្ឋាភិបាលបានឆ្លើយតបថា អ៉ីសា្រអែលមិនអាចបញ្ចេញព័ត៌មានលម្អិត ពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីឲ្យមានការដោះលែងចំណាប់ខ្មាំងនោះទេ៕

រូបភាពពី Reuters