(ហ៊្សេរុយសាឡិម)៖ អង្គការសហប្រជាជាតិ (UN) បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា រថក្រោះរបស់អ៉ីស្រាអែលបានវាយប្រហារប្រហារលើបរិវេណជំរំដ៏ធំមួយរបស់ UN ក្នុងតំបន់ហ្គាហ្សា ដែលផ្តល់ជម្រកដល់ជនភៀសខ្លួនប៉ាឡេស្ទីន បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសយ៉ាងច្រើន ប៉ុន្តែអ៉ីស្រាអែលបានច្រានចោលនូវការលើកឡើងនេះ ហើយថាប្រហែលក្រុមហាម៉ាស់ជាអ្នកបាញ់ផ្លោង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤។

ការវាយប្រហារដែល UN ថាបានត្រូវចំកន្លែងបណ្តុះបណ្តាលវិជ្ជាជីវៈ និងផ្តល់ជម្រកសម្រាប់ជនភៀសខ្លួនចំនួន ៣០,០០០នាក់ នៅក្នុងទីក្រុង Khan Younis ភាគខាងត្បូងហ្គាហ្សា បានជំរុញឲ្យមានការថ្កោលទោសយ៉ាងកម្រពីសហរដ្ឋអាមេរិក។ អ្នកសម្របសម្រួលការផ្តល់ជំនួយមនុស្សធម៌របស់ UN ប្រចាំដែនដីប៉ាឡេស្ទីន លោក James McGoldrick បាននិយាយថា មនុស្សស្លាប់ និងរបួសច្រើននាក់ណាស់ ហើយអគារមួយចំនួនដែលត្រូវភ្លើងឆេះក៏មានមនុស្សនៅក្នុងនោះដែរ។ រីឯ លោក Thomas White ប្រធានទទួលបន្ទុកកិច្ចការតំបន់ហ្គាហ្សានៃទីភ្នាក់ងារផ្តល់ជំនួយរបស់ UN ក៏បានឲ្យដឹងដែរថា រថក្រោះចំនួន ២គ្រឿងបានវាយលុកអគារមួយដែលមានអ្នកភៀសខ្លួនប្រហែល ៨០០នាក់កំពុងស្នាក់នៅ។

អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Vedant Patel បានគូសបញ្ជាក់ថា «យើងមិនសប្បាយចិត្តនឹងការវាយប្រហារលើមជ្ឈមណ្ឌលបណ្តុះបណ្តាលក្នុងទីក្រុង Khan Younis របស់ UN នោះទេ។ ជនស៉ីវិលត្រូវតែទទួលបានការការពារ ហើយបេសកម្មការងាររបស់ UN ត្រូវតែទទួលបានការគោរព និងត្រូវតែការពារក្រុមការងារផ្តល់ជំនួយ ដូច្នេះទើបពួកគេអាចបន្តសកម្មភាពសង្គ្រោះជនស៉ីវិលបាន»

ដំបូងឡើយ ខាងយោធាអ៉ីស្រាអែលបានចេញសេចក្តីថ្លែងការណ៍មួយចាត់ទុកថា តំបន់ក្នុងទីក្រុង Khan Younis ជាមូលដ្ឋានរបស់ក្រុមហាម៉ាស់ ហើយទទួលស្គាល់ថាមានការប្រយុទ្ធគ្នានៅក្បែរកន្លែងជនស៉ីវិលរស់នៅច្រើន។ នៅក្នុងសេចក្តីថ្លែងការណ៍ទីពីរក្រោយការរិះគន់របស់ទីក្រុងវ៉ាស៊ីនតោន យោធាអ៉ីស្រាអែលបានស្នើឲ្យមានការពិនិត្យប្រព័ន្ធប្រតិបត្តិការរបស់ខ្លួន និងបានច្រានចោលថាកងកម្លាំងរបស់ខ្លួនបានវាយលុកលើភាគកណ្តាល ដោយបន្ថែមថាខ្លួនកំពុងពិនិត្យមើលលទ្ធភាពដែលអាចថាជាការបាញ់ផ្លោងរបស់ក្រុមហាម៉ាស។

គួរបញ្ជាក់ថា ភាគច្រើននៃប្រជាជនចំនួន ២.៣លាននាក់នៅតំបន់ហ្គាហ្សា ត្រូវបង្ខំចិត្តចាកចេញទៅទីក្រុង Khan Younis និងទីប្រជុំជននៅភាគខាងជើង ក៏ដូចជាភាគខាងត្បូង ខណៈដែលក្រុមមន្ត្រីប៉ាឡេស្ទីននិយាយថា កងកម្លាំងអ៉ីស្រាអែលបានកាត់ផ្តាច់ និងឡោមព័ទ្ធមន្ទីរពេទ្យសំខាន់ៗក្នុងទីក្រុងហ្គាហ្សា ដែលធ្វើឲ្យក្រុមសង្គ្រោះមិនអាចចូលទៅជួយអ្នករងរបួស ឬស្លាប់។ ចាប់តាំងពីអ៉ីស្រាអែលបើកសង្រ្គាមជើងគោក ក្នុងតំបន់ហ្គាហ្សា កាលពីចុងខែតុលាមក ទីក្រុងវ៉ាស៊ីនតោនបានបង្កើនការព្រួយបារម្ភ និងស្នើសុំព័ត៌មានពីអ៉ីស្រាអែលរាល់ពេលមានឧប្បត្តិហេតុនានា ប៉ុន្តែកម្រនឹងធ្វើការរិះគន់ដោយបើកចំហបែបនេះណាស់៕

រូបភាពពី Reuters